ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលហៅគូភាគីទំនាស់មុខហាង COMPAC ម្ដុំផ្សារកណ្ដាលសួរនាំ រួចបញ្ចប់រឿង

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ ករណីទំនាស់ពាក្យសម្តីឈានដល់ការប្រតាយប្រតប់គ្នាទៅវិញទៅមក រវាងបុរសជនជាតិបារាំងមានគ្នា ០២នាក់ ជាមួយនឹងបុគ្គលិក ០៤នាក់ នៅចំណុចមុខហាងបរទេសយីហោ COMPAC ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១ នាំយកមកសួរនាំ។

កាលពីយប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ មានករណីទំនាស់ពាក្យសម្តីឈានដល់ការប្រតាយប្រតប់គ្នាទៅវិញទៅមក រវាងបុរសជនជាតិបារាំងមានគ្នា ០២នាក់ ជាមួយនឹងបុគ្គលិក ០៤នាក់ នៅចំណុចមុខហាងបរទេសយីហោ COMPAC នៅលើផ្លូវព្រះស៊ីសុវត្ថិ ភូមិ៦ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ និងអញ្ជើញភាគីទាំងសងខាងទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១ ដើម្បីសួរនាំជុំវិញករណីខាងលើ។

ក្រោយពីសមត្ថកិច្ចបានសួរនាំភាគីទាំងសងខាងរួចហើយ ពួកគាត់ក៏បានសំណូមពរមកសមត្ថកិច្ចស្នើសុំសម្របសម្រួលគ្នា យល់ព្រមបញ្ចប់រឿង មិនធ្វើការប្តឹងផ្តល់គ្នានោះទេ ដោយភាគីទាំងសងខាងមានការយោគយល់អធ្យាស្រ័យសុំទោសគ្នាទៅវិញទៅមក។ ខណៈនោះ សមត្ថកិច្ចក៏បានធ្វើកំណត់ហេតុណែនាំអប់រំ និងឱ្យធ្វើកិច្ចសន្យាយល់ព្រមលើកំណត់ហេតុមិនប្តឹងផ្តល់គ្នា ហើយក៏បានអនុញ្ញាតឱ្យពួកគាត់ត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន៕

ដោយ៖ សខហេង


ចែករំលែក៖