ខេត្តកំពត៖ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបំបែកសំណុំរឿងប៉ុនប៉ងឃាតកម្មគិតទុកជាមុន (ប្រើកាំបិតបុ័ងតោកាប់) នៅស្រុកអង្គរជ័យ ខេត្តកំពត។
នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៨:៤០នាទី ត្រង់ចំណុចទីតាំងលក់ដូររបស់ឈ្មោះ ភា ស្ថិតនៅក្នុងភូមិរបោះខ្ទុម ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត មានជនសង្ស័យចំនួន ០១ក្រុម មានគ្នាចំនួន ០៣នាក់ ជនជាតិខ្មែរ បានធ្វើសកម្មភាពយកកាំបិតបុ័ងតោកាប់ទៅលើជនរងគ្រោះឈ្មោះ លី សុវណ្ណារ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ បណ្ដាលឱ្យរងរបួសធ្ងន់ចំនួន ០៣កន្លែង (ដើមដៃស្ដាំដេរ ០២ថ្នេរ, ស្មាស្ដាំ ០២ឆូត, ឆ្អឹងខ្នង ០៣ឆូត)។
ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពត និងខេត្តបាត់ដំបង ធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញយ៉ាងយកចិត្តទុកដាក់ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ។
នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៦:៣០នាទី ត្រង់ចំណុចឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឆោម សុវណ្ណរាជ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ។
នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ ជនសង្ស័យដែលជាបក្ខពួកម្នាក់ទៀតឈ្មោះ មុល សុវណ្ណា ហៅ អាម៉យ ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ បានចូលសារភាពកំហុសនៅស្នងការដ្ឋាននគរបាលខេត្តកំពត។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ សុខហេង
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច