ខេត្តស្វាយរៀង៖ លោក លឹម សៀងហេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង។
ក្នុងនោះមានការបញ្ជើញចូលរួមពី លោកស្រីនាយករងរដ្ឋបាលខេត្ត លោក លោកស្រី មន្ទីរនានាពាក់ព័ន្ធជុំវិញខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុករំដួល លោកអភិបាលស្រុក លោក លោកស្រីអភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំង ៣ស្រុក និងលោក លោកស្រីមេឃុំទាំង ១០ឃុំក្នុងស្រុករំដួល។
ក្នុងឱកាសនោះ លោក លឹម សៀងហេង អភិបាលរងខេត្ត បានជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរ អង្គភាពពាក់ព័ន្ធ បន្តសហការគ្នាឱ្យបានល្អក្នុងការរៀបចំ និងអនុវត្តគម្រោងវិនិយោគប្រកបដោយប្រសិទ្ធភាព តម្លាភាព និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ សំដៅជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើន។
លោក ក៏ បានស្នើដល់ ក្រុមប្រឹក្សាសង្កាត់ ត្រូវធ្វើការកែសម្រួល ដើម្បីបន្តបញ្ចប់ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលសង្កាត់ និង កិច្ចសន្យានានា រួចធ្វើឯកសារទាំងនេះ ទៅទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត និងមន្ទីរផែនការ ខេត្ត ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន ដោយមានមន្ត្រីការិយាល័យផែនការ និងគាំទ្រសង្កាត់ ជាអ្នក ជួយនិងចូលរួមទទួលខុសត្រូវ ជំរុញកិច្ចការនេះឱ្យបានទាន់ពេលវេលា។
សូមបញ្ជាក់ថា ចំពោះលទ្ធផលនៃអង្គសិក្ខាសាលាមានដូចតទៅ៖
១.គម្រោងសកម្មភាពជាអាទិភាពមិនទាន់មានថវិកាគាំទ្ររបស់រដ្ឋបាលស្រុករំដួល សរុបមានចំនួន ២៦ គម្រោង ក្នុងនោះ មន្ទីរ អង្គភាព បានចុះកិច្ចព្រមព្រៀងបណ្តោះអាសន្ន គាំទ្របានចំនួន ១៣ គម្រោង ស្មើនឹង ៥០ % (គាំទ្រក្នុងគម្រោង ចំនួន ១៣ គម្រោង ស្មើនឹង ១០០%) ។
២.គម្រោងសកម្មភាពជាអាទិភាពរបស់រដ្ឋបាលឃុំ ដែលបានលើកឡើងមិនទាន់មានការថវិកាគាំទ្រ សរុបមានចំនួន ៣១៨ គម្រោង ក្នុងនោះ មន្ទីរ អង្គភាព បានចុះកិច្ចព្រមព្រៀងបណ្តោះអាសន្ន គាំទ្របានចំនួន ៣១៥ គម្រោង ស្មើនឹង ៩៩.០៦% (គាំទ្រក្នុងគម្រោង ចំនួន ៣០៦ គម្រោង ស្មើនឹង ៩៧.១៤% និងគាំទ្រក្រៅគម្រោង ចំនួន ៩ គម្រោង ស្មើនឹង ២.៨៦% ) ៕

ដោយ៖ សុថាន
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច