ព័ត៌មានទាន់ហេតុការណ៍៖

ភូមិហ្រ្វង់កូហ្វូនី គ្រោងនឹងបើកការសាងសង់ នៅចុងសប្តាហ៍ក្រោយនេះ! 

ចែករំលែក៖

ភ្នំពេញ៖ ក្រុមការងារអន្តរក្រសួងរៀបចំភូមិហ្វ្រង់កូហ្វូនី (Village de la Fracophonie) បានឱ្យដឹងថា រហូតមកដល់ពេលនេះ ការរៀបចំប្លង់ និងការធ្វើផែនការលម្អិតនានា គឺធ្វើសម្រេចបានស្ទើរតែទាំងស្រុងតាមការគ្រោងទុក ការដ្ឋានសាងសង់ ការរៀបចំស្តង់ និងការដំឡើងហេដ្ឋារចនាសម្ព័ន្ធនានានៅបរិវេណសួនច្បារវត្តបទុមវតី នឹងត្រូវចាប់ផ្តើមរៀបចំនៅចុងសប្តាហ៍ក្រោយ។

បើតាមអគ្គនាយក អគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ លោកបណ្ឌិត ជុក ជំនោរ បានឱ្យដឹងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦នេះថា នៅពេលនេះ ក្រុមការងារអន្តរក្រសួង បាននិងកំពុងធ្វើការងារឈានចូលដល់ដំណាក់កាលចុងក្រោយ នៃការបញ្ចប់ប្លង់មេ និងការរចនាទម្រង់លម្អិតនៃការរៀបចំទីតាំងទាំងមូល ហើយចាប់ពីចុងសប្តាហ៍ក្រោយនេះទៅក្រុមការងារ នឹងប្រើពេលចំនួន៣សប្តាហ៍ពេញ បើកការដ្ឋានសាងសង់ភូមិហ្វ្រង់កូហ្វូនី ឲ្យល្អឥតខ្ចោះប្រកបដោយសោភ័ណភាព និងសុវត្ថិភាពខ្ពស់ មុនពិធីបើកសម្ភោធជាផ្លូវការ ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វនី»ដែល នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោកបណ្ឌិត ជុក ជំនោរ បន្តថា ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វនី» នឹងសាងសង់សម្រាប់រៀបចំកម្មវិធី និងសកម្មភាពសំខាន់ៗដូចខាងក្រោម៖

*ទី១ រៀបចំទីតាំងពន្លាជាតិ (National Pavilions) សម្រាប់តាំងបង្ហាញពីសក្តានុពលទេសចរណ៍ វប្បធម៌ និង អត្តសញ្ញាណរបស់បណ្តាប្រទេសជាសមាជិកអង្គការហ្វ្រង់កូហូនី ដែលមកដល់ពេលនេះ មានប្រទេសជាង៤០ហើយបានបញ្ជាក់ជាផ្លូវការរៀបចំស្តង់ពន្លាជាតិរបស់ខ្លួន។

*ទី២ រៀបចំទីតាំងស្តង់ពិព័រណ៍ទូទៅ សម្រាប់តាំងបង្ហាញសមិទ្ធផលរបស់ក្រសួង-ស្ថាប័នរដ្ឋ ផលិតផលពីវិស័យឯកជន ដែលមកដល់ពេលនេះមានស្តង់ជាង១០០ បានធ្វើការចុះឈ្មោះរួចរាល់ហើយ ។

*ទី៣ រៀបចំទីតាំងភូមិម្ហូបអាហារ សម្រាប់ផ្តល់នូវបទពិសោធន៍ភ្លក់រសជាតិម្ហូបអាហារប្រពៃណីខ្មែរ និងអន្តរជាតិ និងផលិតផលក្នុងស្រុកនានាទៀត។

*ទី៤ រៀបចំទីតាំងសម្ដែងសិល្បៈ និងវប្បធម៌ បង្ហាញទស្សនីយភាពចម្រុះជាតិ និងអន្តរជាតិជារៀងរាល់ថ្ងៃ និងមានការរៀបចំសកម្មភាពអមផ្សេងៗជាច្រើនទៀត។

ដោយឡែកលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ពាក់ព័ន្ធនឹងការរៀបចំភូមិហ្រ្វង់កូហ្វូនីនេះដែរ លោកធ្លាប់លើកឡើងថា នឹងផ្តល់អត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច ការជំរុញពង្រីកទីផ្សារផលិតផលក្នុងស្រុក ការស្វែងរកឱកាសនាំចេញផលិតផលទៅកាន់បណ្តាប្រទេសហ្វ្រង់កូហ្វូនី ជាពិសេសទៀតនោះ គឺផ្សព្វផ្សាយកម្ពុជាដោយផ្ទាល់នូវគោលដៅទេសចរណ៍សក្តានុពលតំបន់បេតិកភណ្ឌ និងផលិតផល ទេសចរណ៍ថ្មីៗ ទៅកាន់ទីផ្សារតាមប្រទេសនិយាយភាសាបារាំង។

គួរជម្រាបជូនថា៖ «ភូមិហ្វ្រង់កូហ្វូនី-village de la Francophonie» គឺជាព្រឹត្តិការណ៍អម ដែលធ្វើឡើងដើម្បីអបសាទរ កម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០» នៅខែក្រោយ៕ដោយ៖តារា

រូបថត៖BTV


ចែករំលែក៖