ខេត្តសៀមរាប៖ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាបអនុវត្តតាមអនុសាសន៍ណែនាំរបស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលដឹកនាំពីលោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោក វរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប សហការជាមួយ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក និងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធនឹងករណីអំពើលួចមានស្ថានទម្ងន់ទោស(កាច់សោម៉ូតូ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ២៣ និង ៣០ នាទី សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ថា នៅចំណុចមុខព្រលានជល់ដំរី ក្នុងភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប មានករណីអំពើលួចកាច់សោកម៉ូតូ ចំនួន ២គ្រឿង មានម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២៥ បិទតំឡើងស៊េរី២០២៦ ពណ៌ខ្មៅ របស់ជនរងគ្រោះឈ្មោះវិត វឿន ភេទប្រុស និងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២៦ ពណ៌ខ្មៅ របស់ជនរងគ្រោះឈ្មោះម៉ាប់ ស្រីនិច ភេទស្រី អាយុ២៣ឆ្នាំ ពេលដែលជនរងគ្រោះទាំងពីរទុកម៉ូតូចោល ហើយនាំគ្នាចូលមើលកម្មវិធីប្រដាល់។
ក្រោយពីទទួលសេចក្តីរាយការណ៍សមត្ថកិច្ចបានចេញល្បាត លុះនៅម៉ោង០១ និង ០០នាទី អាធ្រាត្រឈានចូលថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២៦ ក៏ឃាត់ខ្លួនជនសង្ស័យខាងលើជាបន្តបន្ទាប់ រួមទាំងវត្ថុតាងម៉ូតូជនរងគ្រោះចំនួន ២គ្រឿង និងម៉ូតូជនសង្ស័យចំនួន ១គ្រឿង យកមកសួរនាំ។ ក្រោយពីសួរនាំជនសង្ស័យទាំង៣នាក់បានឆ្លើយដូចគ្នាថា ពិតជាបានធ្វើ សកម្មភាពលួចម៉ូតូខាងលើពិតប្រាកដមែន។
វត្ថុតាងដកហូតមាន ម៉ូតូជនរងគ្រោះចំនួន ២គ្រឿង និងម៉ូតូជនសង្ស័យចំនួន ១គ្រឿង សោកែច្នៃចំនួន ១គ្រាប់ សោខ្សៀលេខ៨ ចំនួន១ កូនសោម៉ូតូបញ្ឆោតមិនទាន់កែច្នៃចំនួន ១គ្រាប់ និងទូរស័ព្ទចំនួន ៣គ្រឿង ។ រីឯវត្ថុតាងបានប្រគល់ជូនជនរងគ្រោះវិញ។
កម្លាំងសមត្ថកិច្ចបានធ្វើតេស្តស្វែងរកសារធាតុញៀនលើជនសង្ស័យខាងលើ ជាលទ្ធផល ឈ្មោះ ជា ចំរើន វិជ្ជមាន (ជាតម្រុយមេតំហ្វេតាមីន)។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅកម្លាំងការិយាល័យជំនាញ ដើម្បីបន្តនីតិវិធី៕

ដោយ៖ សុរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច