នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦, នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងឱកាសនៃជំនួប, លោកជំទាវឯកអគ្គរដ្ឋទូតបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះការបដិសណ្ឋារកិច្ច និងការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជា។ លោកជំទាវបានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកន្លងមក រវាងប្រទេសទាំងពីរ ដោយបានគូសបញ្ជាក់ថា ឆ្នាំ២០២៧ ខាងមុខ គឺជាខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-អាល្លឺម៉ង់ និងបានស្វាគមន៍ចំពោះសកម្មភាពនានាដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះ។ ក្នុងនោះ លោកជំទាវក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា ជាពិសេសលើសកម្មភាពបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ លោកជំទាវក៏បានគូសបញ្ជាក់អំពីចំណាប់អារម្មណ៍របស់វិស័យឯកជនអាល្លឺម៉ង់ក្នុងស្វែងរកឱកាសវិនិយោគក្នុងវិស័យសុខាភិបាលនៅកម្ពុជា ព្រមទាំងបង្ហាញបំណងពង្រឹងការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន និងវិស័យឯកជន (B2B) ដែលឆ្លុះបញ្ចាំងពីការរីកចម្រើននៃវិស័យធុរកិច្ចរវាងប្រទេសទាំងពីរ។
ជាការឆ្លើយតប, សម្តេចធិបតី បានអបអរសាទរចំពោះលោកជំទាវ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចធិបតីបានជម្រាបជូនលោកជំទាវថា កម្ពុជាធ្លាប់ជាប្រទេសរងគ្រោះដោយសារសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ និងធ្លាប់ជាប្រទេសទទួលជំនួយពីកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ, ប៉ុន្តែបច្ចុប្បន្ន កម្ពុជាបានប្រែក្លាយខ្លួនជាប្រទេសដែលមានលទ្ធភាពបញ្ជូនកងកម្លាំងបោសសម្អាតមីន និងកងទ័ពមួកខៀវ ចូលរួមបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិនៅតាមបណ្តាប្រទេសនានា។ បន្ថែមលើនេះ, សម្តេចធិបតីបានគូសបញ្ជាក់ថា កម្ពុជា-អាល្លឺម៉ង់ មានកាលានុវត្តភាពនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ ក្នុងនោះប្រទេសទាំងពីរអាចបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស, ពាណិជ្ជកម្ម, ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ ក្នុងវិស័យវិនិយោគ, សម្តេចធិបតីបានគូសជម្រាបជូនលោកជំទាវថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយលើកទឹកចិត្ត ដើម្បីទាក់ទាញការវិនិយោគពីបរទេស។ កម្ពុជាបានត្រៀមខ្លួនជាស្រេច និងស្វាគមន៍វិស័យឯកជនអាល្លឺម៉ង់ ខណៈដែលកម្ពុជាកំពុងផ្លាស់ប្តូរពីសេដ្ឋកិច្ចពឹងផ្អែកលើការផលិតកម្មកម្រិតមូលដ្ឋាន ទៅកាន់វិស័យជឿនលឿន ដូចជាឧស្សាហកម្មយានយន្ត និងបច្ចេកវិទ្យាទំនើបកម្រិតខ្ពស់។
មុននឹងបញ្ចប់, សម្តេចធិបតី និងលោកជំទាវឯកអគ្គរដ្ឋទូតបានពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ការពារជាតិ និងការចែករំលែកព័ត៌មានដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងតាមប្រព័ន្ធបច្ចេកវិទ្យា ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសបច្ចេកវិទ្យា។ សម្តេចធិបតីបានលើកទឹកចិត្តឱ្យលោកជំទាវបន្តកិច្ចសហការជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីពិនិត្យលទ្ធភាពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពលផ្សេងៗទៀត៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច