ខេត្តតាកែវ៖ ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទ ក្រហមកម្ពុជាខេត្ត ទៅផ្តល់ជូនគ្រួសារទីទ័លក្រ និងរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៦០គ្រួសារ នៅស្រុកបូរីជលសារ និងស្រុកទ្រាំង នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានធ្វើការអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋដែល មានសិទ្ធិបោះឆ្នោត ត្រូវទៅពិនិត្យឈ្មោះ ផ្ទៀងផ្ទាត់ទិន្នន័យ ធ្វើជីវមាត្រ ឬចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅតាមសាលាឃុំ-សង្កាត់ ឬទីតាំងដែលបានកំណត់ ដើម្បីធានាបាននូវសិទ្ធិពេញលេញក្នុងការបោះឆ្នោតនាពេលខាងមុខ។
លោក វ៉ី សំណាង បានមានប្រសាសន៍បញ្ជាក់ថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ព្រមទាំងការកែតម្រូវទិន្នន័យ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយរួចមកហើយ។ ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ រួសរាន់ទៅពិនិត្យ និងផ្ទៀងផ្ទាត់ឈ្មោះរបស់ខ្លួនឱ្យបានត្រឹមត្រូវ នៅតាមសាលាឃុំ-សង្កាត់ និងតាមបណ្តាភូមិនានាក្នុងមូលដ្ឋានដែលខ្លួនរស់នៅ ដើម្បីចៀស វាងការបាត់បង់សិទ្ធិបោះឆ្នោត ឬមានកំហុសឆ្គងទិន្នន័យផ្សេងៗ។
នៅក្នុងឱកាសនោះផងដែរ លោក អភិបាលខេត្ត ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកពីសំណាក់ លោកបណ្ឌិត ជា វ៉ាន់ដេត ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែយកចិត្តទុកដាក់ និងគិតគូរខ្ពស់បំផុតពីសុខទុក្ខ ព្រមទាំងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ឬសាសនាឡើយ ស្របតាមទិសស្លោក «ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាចាំជួយជានិច្ច»។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានប្រគល់ជូនគ្រួសាររងគ្រោះ និងទីទ័លក្រទាំង ៦០គ្រួសារ នាឱកាសនោះ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥ គីឡូក្រាម, មី ១កេស ,ត្រីខ ១យួរប្រេងឆា ១លីត្រ ,ទឹកត្រី ៣ដប ,ទឹកស៊ីអ៊ីវ ៣ដប ,នំ ១កញ្ចប់ ,កន្ទេល ១ ,មុង ១ ,ភួយ ១ ,សារុង ១ ,ក្រមា ១ ព្រមទាំងថវិកាឧបត្ថម្ភមួយចំនួនផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច