ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកបសេដ្ឋឃាត់ខ្លួន ជនសង្ស័យម្នាក់ ក្រោយលួចកាត់ខ្សែភ្លើងក្នុងចម្ការដូង ម្ចាស់ទាន់ប្តឹងឱ្យសមត្ថកិច្ច ចុះឃាត់ខ្លួនភ្លាមៗ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកបសេដ្ឋ ធ្វើការឃាត់ខ្លួនតាមបណ្ដឹងរបស់ម្ចាស់ចម្ការ ខណៈដែលជនសង្ស័យ រូបនេះ បានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងបានសម្រេច ហើយម្ចាស់ឃើញទាន់ស្រែកផ្អើលឆោឡោ ។

ការឃាត់ខ្លួនជនសង្ស័យ លួចកាត់ខ្សែភ្លើងរបស់ប្រជាពលរដ្ឋ បានធ្វើឡើង កាលពីវេលាម៉ោង៣ :៣០ នាទីរសៀល ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចក្នុងចំការដូង ស្ថិតក្នុងភូមិក្រសាំងតាគង់ ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យដែលឃាត់ខ្លួន ឈ្មោះ ចាន់ រ៉ាម៉េត ភេទ ប្រុស អាយុ២៩ឆ្នាំ មុខរបរ(មិនពិតប្រាកដ ) បច្ចុប្បន្ន ស្នាក់នៅភូមិម្កាក់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

នគរបាលស្រុកបសេដ្ឋបានបន្តទៀតថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យ នគរបាលបានទទួលពាក្យបណ្តឹង របស់ប្រជាពលរដ្ឋថា មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណម្នាក់ ជិះម៉ូតូម៉ាក អ៊ិចសិនឌ័រ ពណ៌ ស លាយ ក្រហម ពាក់ផ្លាកលេខកំពង់ស្ពឺ 1B- 3738 បានធ្វើសកម្មភាពចូលក្នុងរបងចម្ការរបស់ជនរងគ្រោះ ឈ្មោះ ឃុន សុផល ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ ។ ពេលជនសង្ស័យកំពុងធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង ដាច់ប្រវែងប្រហែល ១០០ម៉ែត្រ ស្របពេលជនរងគ្រោះ ឈ្មោះ ឃុន សុផល ដើរមកចម្ការឃើញ ទាន់ ក៏បានរាយការណ៍មកសមត្ថកិច្ច ចុះឃាត់ខ្លួនតែម្តង។

នគរបាលស្រុកបសេដ្ឋឲ្យដឹងទៀតថា ក្រោយពីទទួល
បណ្តឹងពីជនរងគ្រោះ ឈ្មោះ ឃុន សុផល កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំនិទាន បានចេញធ្វើការល្បាត ក៏ដេញស្ទាក់ឃាត់ជនសង្ស័យបានតែម្តង រួមជាមួយវត្ថុតាងដកហូតរួមមាន :

១: ម៉ូតូ០១គ្រឿង ម៉ាក អ៊ិចសិនឌ័រ ពណ៌ស លាយក្រហម ពាក់ផ្លាកលេខ កំពង់ស្ពឺ1B-3738
២: កន្ត្រៃកាត់ខ្សែភ្លើងចំនួន១ដើម
៣: ដែកកាប់ចំនួន ០២ដើម
៤: កន្ត្រៃចំនួន ០១ដើម
៥: ស្រោមដៃចំនួន ០១គូរ
៦: ការ៉ុងចំនួន០២ ។

នគរបាលស្រុកបសេដ្ឋបានបញ្ជាក់ដឹងថា សម្ភារខ្សែភ្លើង ត្រូវបានប្រគល់ឲ្យម្ចាស់វិញហើយ។

បច្ចុប្បន្ន ជនសង្ស័យ រួមជាមួយនឹងវត្ថុតាង ត្រូវសមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនបន្តទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាត់ វិធានការបន្តតាមផ្លូវច្បាប់ ៕


ចែករំលែក៖