ខេត្តកំពង់ស្ពឺ៖ មន្ត្រីនគរបាលស្រុកសាមគ្គីមុនីជ័យបានឱ្យដឹងថាជនសង្ស័យម្នាក់ ដែលប្រើកាំភ្លើងកែច្នៃគំរាមដៃគូផឹកស៊ីត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំតាមបណ្ដឹងរបស់ជនរងគ្រោះ។
អនុវត្តតាមបញ្ជាដឹកនាំរបស់ឧត្តមសេនីយ៍ទោ ឃឹម សុកខៃ លោកស្នងការនគរបាលខេត្តកំពង់ស្ពឺ និងដឹកនាំបញ្ជាផ្ទាល់របស់វរសេនីយ៍ទោ សាវ សុភក្ដី អធិការនគរបាលស្រុកសាមគ្គីមុនីជ័យ នៅថ្ងៃទី០៧ ខែ វិច្ឆិកា ឆ្នាំ២០២៦ នៅវេលាម៉ោង៩ និង៣០នាទី ប៉ុស្ដិ៍នគរបាលរដ្ឋបាលដំណាក់រាំង ទទួលពាក្យបណ្ដឹងពីឈ្មោះ ឃួន មុឹង ភេទប្រុស អាយុ៦០ឆ្នាំ នៅភូមិគោល ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល បានដាក់ ពាក្យប្តឹងទៅលើជនសង្ស័យ ឈ្មោះ ចែម នីម ភេទ ប្រុស អាយុ៣៥ឆ្នាំ នៅភូមិត្រោយយ៉ាបឃុំត្រោយយ៉ាប ស្រុកសន្ទុក ខេត្តកំពង់ធំ បច្ចុប្បន្នធ្វើកម្មកររោងមាន់ស្នាក់នៅភូមិត្រពាំងរុនឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យថា កាលពីថ្ងៃទី៥ ខែ វិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១៩ និង១០នាទី ជនសង្ស័យខាងលើបានធ្វើសកម្មភាពយកកាំភ្លើងកែឆ្នៃ មកគំរាមបាញ់លើរូបខ្លួន ពេលកំពុងផឹកសុីជាមួយបងប្អូននៅផ្ទះឈ្មោះលឿងឆាយ យ៉ា ភេទ ប្រុសអាយុ៦៧ឆ្នាំ រស់នៅភូមិត្រពាំងរុន ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
ក្រោយទទួលពាក្យបណ្ដឹងពីជនរងគ្រោះ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានឃាត់ខ្លួនជនសង្ស័យខាងលើយកមកសាកសួរ ដោយជួនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាព យកកាំភ្លើងកែឆ្នៃគំរាមបាញ់ជនរងគ្រោះពិតប្រាកដមែន ។
មូលហេតុដោយសារផឹកសុីជជែកគ្នា ក្រោយជនសង្ស័យ ខឹងបានរត់ទៅយកកាំភ្លើងកែឆ្នៃមកភ្ជុងក្បាលជនរងគ្រោះពេលបើកម៉ូតូកង់បីត្រឡប់ទៅផ្ទះវិញ។
ករណីខាងលើកម្លាំងសមត្ថកិច្ចជំនាញកំពុងសាកសួរ និងចាត់ការតាមនីតិវិធីបន្ត ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច