ប្រទេសហ្វីលីពីន ដែលជាប្រទេសនាំចូលអង្ករធំបំផុតលើពិភពលោក កំពុងបង្កើនការនាំចូលអង្ករដោយផ្ទាល់ពីកម្ពុជា ជាផ្នែកមួយនៃយុទ្ធសាស្ត្រធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់របស់ខ្លួន។
នៅឆ្នាំនេះ ហ្វីលីពីនបានក្លាយជាទីផ្សារធំបំផុតរបស់កម្ពុជាក្នុងតំបន់អាស៊ាន សម្រាប់ការនាំចេញអង្ករកិនរួច។ យោងតាមក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) កម្ពុជាបាននាំចេញអង្ករកិនរួចចំនួន ១២២.១០២ តោន ទៅកាន់ប្រទេសហ្វីលីពីន ក្នុងរយៈពេលពីខែមករា ដល់ខែសីហា ដែលកើនឡើងយ៉ាងខ្លាំង បើធៀបនឹងចំនួនត្រឹមតែ ៣.៥០០ តោនប៉ុណ្ណោះ ក្នុងរយៈពេលពេញមួយឆ្នាំមុន។
ការកើនឡើងនៃការនាំចេញអង្ករកិនរួចនេះ បានកើតឡើងស្របពេលដែលការនាំចេញស្រូវរបស់កម្ពុជាទៅកាន់ប្រទេសវៀតណាមមានការធ្លាក់ចុះ។ តាមរបាយការណ៍របស់ USDA ការនាំចេញស្រូវទៅវៀតណាមបានធ្លាក់ចុះ ១៣% ក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២៦។
កន្លងមក វៀតណាមគឺជាទីផ្សារដ៏សំខាន់មួយសម្រាប់ស្រូវកម្ពុជាដោយសារអាជីវកម្មវៀតណាមបានទិញស្រូវស្រស់ពីកម្ពុជា យកទៅកិន និងកែច្នៃក្នុងប្រទេសរបស់ខ្លួន មុននឹងនាំចេញជាអង្ករទៅកាន់ទីផ្សារផ្សេងៗ រួមទាំងប្រទេសហ្វីលីពីនផងដែរ។
ទោះជាយ៉ាងណា ការបង្កើនការទិញអង្ករដោយផ្ទាល់ពីកម្ពុជារបស់ទីក្រុងម៉ានីល កំពុងធ្វើឱ្យខ្សែសង្វាក់ផ្គត់ផ្គង់នេះមានការផ្លាស់ប្តូរ។
សម្រាប់កម្ពុជា ការនាំចេញអង្ករកិនរួច ជំនួសឱ្យការនាំចេញស្រូវ អាចជួយឱ្យរោងម៉ាស៊ីនកិនស្រូវក្នុងស្រុករក្សាបានចំណែកតម្លៃបន្ថែមកាន់តែច្រើន។ USDA បានបញ្ជាក់ថា ការបញ្ជាទិញក្នុងបរិមាណច្រើនពីហ្វីលីពីន ក៏ជួយកាត់បន្ថយថ្លៃដឹកជញ្ជូនក្នុងមួយតោន និងកាត់បន្ថយរយៈពេលដឹកជញ្ជូន បើប្រៀបធៀបនឹងការដឹកជញ្ជូនតាមកុងតឺន័រផងដែរ។
បន្ថែមពីលើការបញ្ជាទិញកន្លងមក កម្ពុជាបានចុះកិច្ចសន្យាផ្គត់ផ្គង់អង្ករចំនួន ៨៧.៣៤៤ តោនទៀតទៅកាន់ហ្វីលីពីន ក្នុងចន្លោះខែកញ្ញា ដល់ខែធ្នូ។ ប្រសិនបើការបញ្ជាទិញទាំងអស់ត្រូវបានអនុវត្តតាមកិច្ចសន្យា ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារនេះអាចកើនដល់ប្រមាណ ២០៩.០០០ តោន នៅឆ្នាំ២០២៦។
ការបង្កើនកូតានាំចូលអង្កររបស់ហ្វីលីពីន និងកម្មវិធីឥណទានដែលគាំទ្រដោយរដ្ឋាភិបាល កំពុងជួយជំរុញពាណិជ្ជកម្មនេះ។ ទោះជាយ៉ាងណា USDA បានលើកឡើងថា កំណើនបន្ថែមទៀតនាពេលខាងមុខ នឹងពឹងផ្អែកជាចម្បងលើសមត្ថភាពរបស់កម្ពុជាក្នុងការរក្សាតម្លៃអង្ករឱ្យមានភាពប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ៕

ដោយ៖ ភារៈ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច