ខុនដូប្រណីតមួយដែលត្រូវបានរឹបអូសពីភរិយារបស់ជនសង្ស័យពាក់ព័ន្ធនឹងសំណុំរឿងលាងលុយកខ្វក់ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រប្រទេសសិង្ហបុរី ត្រូវបានដាក់លក់ដេញថ្លៃក្នុងតម្លៃ ៨,៥ លានដុល្លារសិង្ហបុរី (ប្រមាណ ៦,៦៥ លានដុល្លារអាមេរិក) ដែលទាបជាងតម្លៃណែនាំប្រមាណ ១៣%។
យោងតាមសារព័ត៌មាន The Straits Times អាផាតមិនមានបន្ទប់គេង៤ ស្ថិតនៅជាន់ទី២៦ នៃគម្រោង New Futura លើផ្លូវ Leonie Hill Road ដែលមានជណ្តើរយន្តឯកជន បានទទួលការដេញថ្លៃតែមួយប៉ុណ្ណោះ កាលពីថ្ងៃទី២៨ ខែតុលា។
តម្លៃណែនាំ (Guide Price) គឺជាតម្លៃប៉ាន់ប្រមាណដែលកំណត់ឡើង ដើម្បីជួយឱ្យអ្នកទិញវាយតម្លៃតម្លៃលក់ដែលអាចរំពឹងទុករបស់អចលនទ្រព្យ។ សម្រាប់ខុនដូនេះ តម្លៃណែនាំត្រូវបានកំណត់នៅ ៩,៨ លានដុល្លារសិង្ហបុរី។
អចលនទ្រព្យនេះត្រូវបានរឹបអូសពីភរិយារបស់ Wang Bingang ដែលជាជនសង្ស័យម្នាក់ក្នុងចំណោមជនសង្ស័យ១៥នាក់ ដែលបានយល់ព្រមប្រគល់ទ្រព្យសម្បត្តិរបស់ខ្លួនជូនរដ្ឋ។
ខុនដូនេះគឺជាអចលនទ្រព្យទី៥ ដែលត្រូវបានលក់ក្នុងចំណោមអចលនទ្រព្យ៤៧កន្លែង ដែលបានដាក់ដេញថ្លៃចាប់តាំងពីថ្ងៃទី១៧ ខែកញ្ញាមក។ យោងតាមសារព័ត៌មាន Channel News Asia អាផាតមិនប្រណីតចំនួន៤ផ្សេងទៀត នៅក្នុងគម្រោង Wallich Residence និង Martin Modern ត្រូវបានលក់ក្នុងតម្លៃសរុប ១៦,២៨ លានដុល្លារសិង្ហបុរី។
អចលនទ្រព្យជាងពាក់កណ្តាល ក្នុងចំណោមអចលនទ្រព្យជាង៨០កន្លែង ដែលត្រូវបានរឹបអូសក្នុងអំឡុងពេលស៊ើបអង្កេតដោយនាយកដ្ឋានស៊ើបអង្កេតបទល្មើសពាណិជ្ជកម្ម (Commercial Affairs Department) ត្រូវបានដាក់ចេញលក់ដេញថ្លៃរួចហើយ។
ទោះជាយ៉ាងណា ក្នុងចំណោមក្រុមហ៊ុនជើងសារអចលនទ្រព្យចំនួន៣ ដែលត្រូវបានក្រុមហ៊ុនសេវាកម្មវិជ្ជាជីវៈ Deloitte តែងតាំងឱ្យទទួលបន្ទុកលក់ទ្រព្យសម្បត្តិទាំងនេះ មានតែ២ក្រុមហ៊ុនប៉ុណ្ណោះដែលអាចសម្រេចការលក់បាន។
ប៉ូលិសសិង្ហបុរីបានបើកប្រតិបត្តិការឆ្មក់តាមទីតាំងនានាទូទាំងប្រទេស កាលពីខែសីហា ឆ្នាំ២០២៣ ដើម្បីស៊ើបអង្កេតករណីលាងលុយកខ្វក់ ដែលនាំឱ្យមានការចាប់ខ្លួនជនបរទេសចំនួន១០នាក់។ ជនទាំង១០នាក់នេះ ត្រូវបានកាត់ទោសរួចរាល់ និងបណ្តេញចេញពីប្រទេសទាំងអស់។
ជនសង្ស័យយ៉ាងតិច១៧នាក់ផ្សេងទៀតបានចាកចេញពីប្រទេស ប៉ុន្តែក្នុងចំណោមនោះ មាន១៥នាក់បានយល់ព្រមប្រគល់ទ្រព្យសម្បត្តិរបស់ខ្លួនជូនរដ្ឋ។
ក្នុងអំឡុងការស៊ើបអង្កេតលើសំណុំរឿងលាងលុយកខ្វក់ដ៏ធំបំផុតរបស់សិង្ហបុរី ដែលមានទំហំទឹកប្រាក់ប៉ាន់ស្មានប្រមាណ ៣ ពាន់លានដុល្លារសិង្ហបុរី ប៉ូលិសបានរឹបអូស ឬគ្រប់គ្រងទ្រព្យសម្បត្តិដែលមិនមែនជាសាច់ប្រាក់ មានតម្លៃប្រមាណ ១,២៥ ពាន់លានដុល្លារសិង្ហបុរី។ ទ្រព្យសម្បត្តិទាំងនោះរួមមាន រថយន្ត អចលនទ្រព្យ ស្នាដៃសិល្បៈ នាឡិកា គ្រឿងអលង្ការ ដុំមាស កាបូបប្រណីត និងភេសជ្ជៈមានជាតិអាល់កុល។
រដ្ឋាភិបាលបានរឹបអូសអចលនទ្រព្យចំនួន២០៧កន្លែង យានយន្ត៧៧គ្រឿង ប្រាក់ជាង១,៤៥ពាន់លានដុល្លារសិង្ហបុរីនៅក្នុងគណនីធនាគារ និងសាច់ប្រាក់ជាង៧៦លានដុល្លារសិង្ហបុរី ដែលមានរូបិយប័ណ្ណផ្សេងៗគ្នា។
អាជ្ញាធរក៏បានរឹបអូសស្រា និងស្រាទំពាំងបាយជូររាប់ពាន់ដប រូបិយប័ណ្ណគ្រីបតូមានតម្លៃជាង៣៨លានដុល្លារសិង្ហបុរី ដុំមាស៦៨ដុំ កាបូបប្រណីតម៉ាកល្បី៤៨៣ និងនាឡិកាម៉ាកល្បី១៦៩គ្រឿង ព្រមទាំងគ្រឿងអលង្ការចំនួន៥៨០មុខផងដែរ៕

ដោយ៖ ភារៈ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច