ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង បុគ្គលិក លោកគ្រូ អ្នកគ្រូ និងសិស្សនៃសាលា ប៊ែលធី អន្ដរជាតិ ចូលរួមរំលែកទុក្ខចំពោះមរណភាពសិស្សប៊ែលធី ចំនួន៥នាក់ ដែលស្លាប់ក្នុងហេតុការណ៍រថយន្ដបើកគេចម៉ូតូធ្លាក់ទឹក នៅស្រុកខ្សាច់កណ្ដាល

ចែករំលែក៖

ភ្នំពេញ ៖ សិស្សសាលា៥នាក់ ដែលបានស្លា-/ប់ដោយសាររថយន្តបើកគេចពីម៉ូតូក្រឡាប់ធ្លាក់ស្រះ នៅលើកំណាត់ផ្លូវជាតិ៨ ស្ថិតនៅក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ករណីនេះកើតហេតុនៅវេលាម៉ោង៦ និង ២៨នាទីព្រឹក ! សិស្សសរុបចំនួន ២៦នាក់ ! ក្នុងនោះ ៥នាក់បានស្លា-/ប់ , របួស ៣នាក់ , ១៨នាក់សង្គ្រោះអន្តរាគមន៍ដោយសុវត្តិភាព !

សូមវិញ្ញាណក្ខ័ន្តក្មួយៗចំនួន ៥រូប បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ 🙏

ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង បុគ្គលិក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលា ប៊ែលធី អន្តរជាតិ ពិតជាមានក្តីរន្ធត់ និងសោកស្តាយយ៉ាងក្រៃលែង ក្រោយពីបានទទួលដំណឹងដ៏សែនក្រៀមក្រំ អំពីមរណភាពរបស់សិស្សានុសិស្សប៊ែលធី ចំនួន៥នាក់ ដែលបានទទួលមរណភាពដោយសារឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ (រថយន្ត គេចម៉ូតូ រេចង្កូតធ្លាក់ចូលស្រះទឹក) ហេតុការណ៍នេះកើតឡើងនៅចំណុចផ្លូវជាតិលេខ៨ ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ក្នុងហេតុការដ៏សែនសោកសង្រេងនេះ សូមចូលរួមរំលែកមរណទុក្ខយ៉ាងជ្រាលជ្រៅបំផុតជាមួយក្រុមគ្រួសារនៃសព និងសូមបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់ក្មួយៗសិស្សានុសិស្សបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ រថយន្តដែលបានជួបឧបទ្ទវហេតុខាងលើនេះ មិនមែនជារថយន្តដឹកជញ្ជូនសិស្សរបស់សាលា ប៊ែលធី អន្តរជាតិឡើយ ប៉ុន្តែជារថយន្តឈ្នួលឯកជនតាមភូមិ ស្រុក ដែលរកស៊ីដឹកជញ្ជូនប្រជាពលរដ្ឋ ឬសិស្សានុសិស្សពីតំបន់មួយ ទៅតំបន់មួយទៀត។

សូមជម្រាបថា កូនៗក្មួយៗសិស្សសាលាប៊ែលធីចំនួន២៦នាក់ ដែលធ្វើដំណើរតាមរយៈរថយន្ដឈ្នួលឯកជន (មិនមែនរថយន្តរបស់សាលា) បានជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបណ្តាលឲ្យស្លាប់៥នាក់ និងរបួស២នាក់។ នេះបើតាមការបញ្ជាក់របស់លោក លី ប៊ុនឆៃ អគ្គនាយករងសាលាប៊ែលធី។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៨ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ 

តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា រថយន្តដឹកសិស្សសាលានេះ មិនមែនជារថយន្តផ្ទាល់របស់សាលានោះឡើយ តែជារថយន្តឈ្នួលឯកជន ហើយត្រូវបានឪពុកម្តាយរបស់កូនសិស្សជួលដឹកកូនៗរបស់ពួកគាត់មករៀននៅសាលាប៊ែលធីសាខាឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ 

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងពេលរថយន្តដឹកសិស្សគេចម៉ូតូ ហើយក៏ក្រឡាប់ចូលស្រះទឹកតែម្តង។ ភ្លាមៗប្រជាពលរដ្ឋ និងសមត្ថកិច្ច បានជួយសង្គ្រោះសិស្សសាលា តែជាអកុសលសិស្ស៥នាក់ មិនអាចជួយបាន បណ្តាលឲ្យស្លាប់ដោយសារឈ្លក់ទឹកបឹងគួរឲ្យអាណោចអធ័មណាស់។ 

អ្នកបើករថយន្ត ត្រូវកម្លាំងសមត្ថកិច្ចចាប់វាយខ្នោះ រីឯជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ហើយសពសិស្សរងគ្រោះត្រូវប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីគួរឲ្យអាសូរបំផុត ខណះឪពុកម្តាយ អាណាព្យាបាលត្រូវបានបាត់បង់មនុស្សជាជាទីស្រឡាញ់ លាគ្មានថ្ងៃត្រឡប់ ៕ 


ដោយ ៖ សិលា


ចែករំលែក៖