ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយនៅថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ដើម្បីអនុវត្តតាមនីតិវិធី។
សមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោង ១១:០០ នាទី ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ យិន យ៉ាន ភេទស្រី អាយុ ៦១ ឆ្នាំ រស់នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ស្តីពីករណីកូនប្រុសបានប្រើហិង្សាលើរូបគាត់ (វាយម្ដាយ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង ០៤:៣០ នាទីទាបភ្លឺ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បង្កឡើងដោយជនសង្ស័យត្រូវជាកូនប្រុសបង្កើតឈ្មោះ ពឿន ទី ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ។
ក្រោយពីទទួលបានពាក្យបណ្ដឹង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះដល់ចំណុចកើតហេតុ រួចធ្វើការឃាត់ខ្លួនជនសង្ស័យ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសួរនាំតាមនីតិវិធី និងបានធ្វើតេស្តទឹកនោមរកសារធាតុញៀន ជាលទ្ធផល វិជ្ជមាន (+)។
លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយម្តាយខ្លួនឯងបណ្ដាលឱ្យរងរបួសពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី៕

ដោយ៖វណ្ណា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច