ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ៧ នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន និងកាន់កាប់អាវុធខុសច្បាប់ ទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យទាំង ៧ នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ដើម្បីអនុវត្តតាមនីតិវិធី។

សមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោង ២១:៣០ នាទី ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចភូមិទំនប់ជ្រៃ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើប្រតិបត្តិការបង្រ្កាបករណីជួញដូរ ដឹកជញ្ជូន រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងករណីលួច សមគំនិតក្នុងអំពើលួច ទទួលផលចោរកម្មស្ថានទម្ងន់ទោស កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ដោយបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ០៧ នាក់ រួមមាន៖

១. ឈ្មោះ ដូ ទ្រី ភេទប្រុស អាយុ ៤៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ បច្ចុប្បន្នរស់នៅបន្ទប់ជួល ភូមិទំនប់ជ្រៃ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ (ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់, សមគំនិតក្នុងអំពើលួច)។

២. ឈ្មោះ ឆាយ វេន ហៅ វីន ភេទប្រុស អាយុ ៤៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ បច្ចុប្បន្នរស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ (ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់)។

៣. ឈ្មោះ ហឿន ស៊ីណាត ហៅ ហុយ ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន បច្ចុប្បន្នរស់នៅភូមិចំការលោក ឃុំអូរប្រាសាទ ស្រុកមង្គលបូរី (ពាក់ព័ន្ធករណីលួច និងប្រើប្រាស់)។

៤. ឈ្មោះ ជាក់ ជប៉ុន ហៅ ប៉ុន ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន បច្ចុប្បន្នរស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ (ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់)។

៥. ឈ្មោះ សា កំរ៉ី ហៅ រ៉ុយ ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ (ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់, ទទួលផលចោរកម្មស្ថានទម្ងន់ទោស, កាន់កាប់អាវុធ)។

៦. ឈ្មោះ កែវ ប៊ុនថាន ភេទប្រុស អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ បច្ចុប្បន្នរស់នៅបន្ទប់ជួល ភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត (ពាក់ព័ន្ធករណីទទួលផលចោរកម្ម និងប្រើប្រាស់)។

៧. ឈ្មោះ ផាត សុផា ហៅ វែង ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្នរស់នៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ (ពាក់ព័ន្ធករណីដឹកជញ្ជូន និងប្រើប្រាស់)។

ក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញបានដកហូតវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន ០១កញ្ចប់ធំ និង០៦ថង់កិប ទម្ងន់ ១.១៣២,៦២ក្រាម, ថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន ០១កូនថង់កិប ស្មើនឹង ០៥គ្រាប់ ទម្ងន់ ០,៨០ក្រាម, រថយន្ត ០១គ្រឿង, ម៉ូតូ ១៥គ្រឿង, iPad ពណ៌មាស ០១គ្រឿង, ទូរស័ព្ទដៃ ០៩គ្រឿង, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ០៣គ្រឿង, កាំភ្លើងខ្លីជ័រពណ៌ខ្មៅ ០១ដើម, កាំភ្លើងស្នប់វែងកែច្នៃពណ៌ខ្មៅ ០១ដើម រួមនឹងវត្ថុតាង និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យពិតជាមានជាប់ពាក់ព័ន្ធក្នុងបទល្មើសខាងលើពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានបានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្ន ជនសង្ស័យទាំង ៧ នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី៕

ដោយ៖ វណ្ណា


ចែករំលែក៖