ខេត្តកោះកុង៖ សពក្មេងស្រីអាយុ១៦ឆ្នាំម្នាក់ ដែលបានបាត់ខ្លួនតាំងពីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ត្រូវបានប្រទះឃើញអណ្ដែតក្នុងស្រះទឹកមួយកន្លែង ស្ថិតក្នុងមូលដ្ឋានស្រុកស្រែអំបិល ខេត្តកោះកុង ខណៈមូលហេតុនៃការស្លាប់របស់ក្មេងស្រីរូបនេះ មិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់នៅឡើយ។
យោងតាមព័ត៌មានពីអធិការដ្ឋាននគរបាលស្រុកស្រែអំបិល កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ សមត្ថកិច្ចបានប្រកាសពីការប្រទះឃើញស្បែកជើងក្មេងស្រី និងទូរស័ព្ទដៃមួយគ្រឿង នៅមាត់ស្រះទឹកមួយកន្លែងក្នុងមូលដ្ឋាន។ ក្រោយពីទទួលបានព័ត៌មាននេះ ម្ដាយក្មេងស្រីដែលបានបាត់ខ្លួន បានទៅដល់ទីតាំងខាងលើ និងបានអះអាងថា ស្បែកជើង និងទូរស័ព្ទដៃដែលប្រទះឃើញនោះ គឺជារបស់កូនស្រីរបស់គាត់ឈ្មោះ ភី ណារីន អាយុ១៦ឆ្នាំ ។
តាមការបញ្ជាក់របស់ម្ដាយ កូនស្រីរបស់គាត់មានទីលំនៅបច្ចុប្បន្ននៅភូមិទឹកប៉ោង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ហើយបានបាត់ខ្លួនតាំងពីវេលាម៉ោងប្រមាណ១០យប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦។ ទោះជាយ៉ាងណា ម្ដាយមិនបានបញ្ជាក់ពីមូលហេតុដែលនាំឱ្យកូនស្រីបាត់ខ្លួននោះទេ។
ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ អធិការដ្ឋាននគរបាលស្រុកស្រែអំបិល បានប្រកាសបន្ថែមថា សពក្មេងស្រីដែលបានបាត់ខ្លួនខាងលើ ត្រូវបានប្រទះឃើញអណ្ដែតឡើងលើផ្ទៃទឹកស្រះហើយ។
ជុំវិញករណីដ៏គួរឱ្យសោកស្ដាយនេះ សមត្ថកិច្ចជំនាញមិនទាន់បានបញ្ជាក់នៅឡើយទេថា ការស្លាប់របស់ក្មេងស្រីរូបនេះ បណ្ដាលមកពីអំពើឃាតកម្ម ឬជាករណីអត្តឃាត ខណៈការស្រាវជ្រាវ និងការស្វែងរកមូលហេតុពិតប្រាកដនៅតែជាចំណុចដែលត្រូវរង់ចាំការបញ្ជាក់ពីសមត្ថកិច្ចជំនាញ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច