ភ្នំពេញ៖ ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី២០ នៅឆ្នាំ២០២៦ គឺជាមោទនភាពជាតិដ៏ធំធេង និងជាសក្ខីភាពបង្ហាញពីជំនឿទុកចិត្តរបស់សហគមន៍អន្តរជាតិមកលើកម្ពុជា។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ នឹងនាំមកនូវថ្នាក់ដឹកនាំ និងតំណាងរដ្ឋាភិបាលនៃមហាគ្រួសារហ្វ្រង់កូហ្វូនី មកពីទ្វីបទាំង៥ មកកាន់ទឹកដីកម្ពុជា។ នេះបេីយោងតាមការគូសបញ្ជាក់ពីលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានអនុគណៈកម្មការទី៣ នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ។
លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឱ្យដឹងក្នុងសន្និសីទថ្នាក់រដ្ឋមន្ដ្រីហ្វ្រង់កូហ្វូនី លើកទី៤៨ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះថា អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បច្ចុប្បន្ននេះមានសមាជិកចំនួន ៩០ប្រទេសក្នុងនោះសមាជិកពេញ សិទ្ធិចំនួន៥៣ សមាជិកបម្រុងចំនួន៥ និងប្រទេសសង្កេតការណ៍ចំនួន៣២។ ក្នុងចំណោមប្រទេសសមាជិក ៩០នេះ ប្រទេសនិងដែនដីចំនួន៨២ បានអញ្ជើញចូលរួមក្នុងនោះមានប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល និងប្រមុខរដ្ឋាភិបាលតំបន់និងខេត្តចំនួន២៣។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ «នេះបង្ហាញពីកម្ពុជាកំពុងឈានចូលដល់ទំព័រប្រវត្តិសាស្ត្រថ្មីមួយនៃការទូតពហុភាគី តាមរយៈការទទួលស្វាគមន៍ថ្នាក់ដឹកនាំ និងតំណាងរដ្ឋ និងរដ្ឋាភិបាលនៃមហាគ្រួសារហ្វ្រង់កូហ្វូនី មកពីទ្វីបទាំង៥។ នេះមិនមែនគ្រាន់តែជាកិច្ចប្រជុំអន្តរជាតិមួយដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះប៉ុណ្ណោះទេ ប៉ុន្តែជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលឆ្លុះបញ្ចាំងពីកិត្យានុភាពជាតិ ការជឿទុកចិត្តរបស់សហគមន៍អន្តរជាតិ និងតួនាទីកាន់តែសកម្មរបស់កម្ពុជាលើឆាកការទូតពហុភាគី»។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះកាន់តែមានអត្ថន័យជ្រាលជ្រៅ ដោយសារកម្ពុជាជាមាតុភូមិរបស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលជាបិតាស្ថាបនិកមួយព្រះអង្គនៃសហគមន៍ហ្វ្រង់កូហ្វូនី។ អ្វីដែលព្រះអង្គទ្រង់បានរួមចំណែកបង្កើតឡើងកាលពីជាងកន្លះសតវត្សរ៍មុន ថ្ងៃនេះបានវិលមកជួបជុំគ្នានៅលើទឹកដីកម្ពុជា ដែលជាទឹកដីនៃអរិយធម៌អង្គរ និងជាប្រទេសដែលបានឆ្លងកាត់សង្គ្រាម សោកនាដកម្ម និងការកសាងប្រទេសឡើងវិញ។ នេះគឺជាការផ្សារភ្ជាប់ដ៏មានអត្ថន័យរវាងព្រះរាជបេតិកភណ្ឌ ប្រវត្តិសាស្ត្រជាតិ និងអនាគតនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ។
បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានបន្តថា កិច្ចប្រជុំកំពូលលើកទី២០ កម្ពុជាជាចំណុចជួបជុំរបស់មហាគ្រួសារហ្វ្រង់កូហ្វូនី, អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីបច្ចុប្បន្នមានប្រទេស និងដែនដីជាសមាជិករដ្ឋនិងដែនដីចំនួន៩០ និងមានអ្នកប្រើប្រាស់ភាសាបារាំងប្រមាណ ៣៩៦លាននាក់ នៅទូទាំងទ្វីបទាំងប្រាំ។ កិច្ចប្រជុំកំពូលនៅភ្នំពេញ គឺជាកិច្ចប្រជុំកំពូលទី២ នៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលជិត៣០ឆ្នាំ បន្ទាប់ពីកិច្ចប្រជុំកំពូលនៅទីក្រុងហាណូយ នៅឆ្នាំ១៩៩៧។
លោករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ថា កិច្ចប្រជុំកំពូលនេះមានសារៈសំខាន់លើសពីវិស័យភាសា និងវប្បធម៌ ព្រោះសហគមន៍ហ្វ្រង់កូហ្វូនីក៏ជាវេទិកានយោបាយ ការទូត សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការពហុភាគីផងដែរ។ នៅក្នុងពិភពលោកដែលកំពុងប្រឈមនឹងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ជម្លោះប្រដាប់អាវុធ និងការថយចុះនៃទំនុកចិត្តអន្តរជាតិ ការជួបជុំគ្នានៅភ្នំពេញមានសារៈសំខាន់ជាពិសេស។
លោករដ្ឋមន្ត្រី បន្ថែមថា រាជធានីភ្នំពេញនឹងមិនត្រឹមតែជាទីកន្លែងសម្រាប់ការជួបជុំប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាសម្រាប់ការសន្ទនា ការស្វែងរកការឯកភាព និងការកំណត់ទិសដៅរួមរបស់សហគមន៍ហ្វ្រង់កូហ្វូនី។ ចំពោះសារដ៏មានទម្ងន់ដែលកម្ពុជាចង់ចែករំលែកប្រធានបទនៃកិច្ចប្រជុំកំពូលលើកទី២០ គឺ៖ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។ ប្រធានបទនេះត្រូវបានជ្រើសរើសរួមគ្នារវាងកម្ពុជា និង OIF ដោយឆ្លុះបញ្ចាំងពីការពិតមួយថា សន្តិភាពគឺជាលក្ខខណ្ឌមូលដ្ឋាននៃការអភិវឌ្ឍ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា សម្រាប់កម្ពុជា សន្តិភាពមិនមែនជាគំនិតអរូបី ឬជាពាក្យស្លោកនោះទេ។ សន្តិភាពគឺជាតម្លៃដែលប្រជាជនកម្ពុជាបានយល់ច្បាស់តាមរយៈបទពិសោធន៍ដ៏ឈឺចាប់នៃសង្គ្រាម និងការបាត់បង់។ ប្រវត្តិសាស្ត្របានបង្រៀនយើងថាសង្គ្រាមអាចបំផ្លាញសមិទ្ធផលនៃការអភិវឌ្ឍក្នុងរយៈពេលដ៏ខ្លី ខណៈការកសាងឡើងវិញអាចត្រូវការពេលវេលាជាច្រើនទសវត្សរ៍។ ហេតុនេះសន្តិភាពត្រូវការការវិនិយោគជាប្រចាំ តាមរយៈការសន្ទនា ការកសាងទំនុកចិត្ត ការគោរពច្បាប់អន្តរជាតិ ការដោះស្រាយវិវាទដោយសន្តិវិធី និងការអភិវឌ្ឍដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជន។
គួរបញ្ជាក់ថា «បិតាស្ថាបនិក»៤រូប រួមមាន៖ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, លោក Habib Bourguiba ប្រធានាធិបតីទុយនេស៊ី, លោក Léopold Sédar Senghor ប្រធានាធិបតីសេនេហ្គាល់ និងលោក Hamani Diori ប្រធានាធិបតីនីហ្សេរីយ៉ា បានផ្តួចផ្តើមបង្កើតស្ថាប័នហ្វ្រង់កូហ្វូនីជាផ្លូវការនៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧០ នៅទីក្រុងនីយាម៉េ (Niamey) ប្រទេសនីហ្សេ៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច