ខេត្តពោធិ៍សាត់÷មន្ត្រីនគរបាលនៃអធិការដ្ឋានស្រុកបាកានបានអត់ដឹងនៅព្រឹកថ្ងៃទី ១៧ខែវិច្ឆិកានេះថាសមត្ថកិច្ចបានបង្រ្កាបករណីគ្រឿងញៀននៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១៣ និង ២៥ នាទី ដោយអនុវត្តតាមមតិដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត ក្រោមការដឹកនាំបញ្ជារ របស់លោកវរសេនីយ៍ត្រី យន ប៊ុនធា អធិការនគរបាលស្រុកបាកាន ។
ប្រភពបានឱ្យដឹងថា កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿង ញៀនស្រុកបាកាន ដឹកនាំដោយលោកវរសេនីយ៍ទោ ជា សារិ អធិការរងនគរបាលស្រុកបាកាន បានចុះបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ០១ លើក នៅចំណុចលើផ្លូវលំក្រាលកៅស៊ូដូនអាម ស្ថិតនៅភូមិអូររំចេក ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។
ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យបាន០១ នាក់ឈ្មោះ គ្រួច សំណាង ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិកោះស្វាយ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។
ដកហូតវត្ថុតាងរួមមាន៖
១. ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន ០១ កញ្ចប់ ទម្ងន់ ០.៨៦ ក្រាម ថ្លឹងបានសាច់ថ្នាំសុទ្ធ
២. ទូរស័ព្ទចំនួន ០១ គ្រឿង ម៉ាក iPhone 6 ពណ៌ស
៣. អំពូលសម្រាប់ជក់ ០១
៤. កូនថង់សម្រាប់រំលែកថ្នាំញៀន មួយចំនួន
៥. ម៉ូតូ ០១ គ្រឿង ម៉ាក សង់ទ្រីម ឆ្នាំ២០២០ ពណ៌ខ្មៅ គ្មានផ្លាកលេខ
បច្ចុប្បន្ន ជនសង្ស័យ រួមជាមួយវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច