ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងចម្រុះខេត្តកំពង់ធំ បង្ក្រាបបទល្មើសព្រៃឈើ ដក ហូតឈើក្រាក់កកោះ ៩កំណាត់ ក្រោយជនសង្ស័យគេចខ្លួនក្រោមដំណក់ទឹកភ្លៀង

ចែករំលែក៖

ខេត្ត​កំពង់ធំ៖ កម្លាំងចម្រុះដឹកនាំដោយមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃព្រៃឡង់ ខេត្តកំពង់ធំ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយដកហូតបានឈើហ៊ុបមូលប្រភេទក្រាក់កកោះចំនួន ៩កំណាត់ ស្មើនឹង ២,៣១ម៉ែត្រគូប បន្ទាប់ពីក្រុមជនសង្ស័យបានដឹកជញ្ជូនតាមគោយន្តកន្ត្រៃ ហើយទម្លាក់ចោលក្នុងចម្ការស្វាយចន្ទី ដើម្បីគេចពីការតាមប្រមាញ់របស់សមត្ថកិច្ច។

​ប្រតិបត្តិការនេះបានធ្វើឡើងនៅយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចតំបន់ស្ទឹងតូចស្ថិតក្នុងភូមិសាស្ត្រឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

​សមត្ថកិច្ចជំនាញឱ្យដឹងថា ការចុះបង្ក្រាបនេះធ្វើឡើងបន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ថា មានគោយន្តកន្ត្រៃសង្ស័យចំនួន២គ្រឿងកំពុងធ្វើសកម្មភាពដឹក ជញ្ជូនផលអនុផលព្រៃឈើដោយខុសច្បាប់។ ភ្លាមៗនោះ លោក អោង ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់លោក លី ស្រេង ប្រធានការិយាល័យដែនជម្រកសត្វព្រៃ ឱ្យដឹកនាំកម្លាំងចុះតាមប្រមាញ់ និងត្រួតពិនិត្យជាបន្ទាន់។

​ទោះបីជាយ៉ាងណា ក្នុងអំឡុងពេលប្រតិបត្តិការ កម្លាំងជំនាញបានជួបប្រទះនូវឧបសគ្គយ៉ាងខ្លាំង ដោយសារមានភ្លៀងធ្លាក់ខ្លាំង ដែលបង្កការលំបាកដល់ការធ្វើ ដំណើរ និងការប្រញាប់ប្រញាល់ប្រដេញតាមគោយន្តកន្ត្រៃទាំងនោះ។ 

លុះពេលក្រុមការងារតាមដានទៅដល់ចំណុចស្ទឹងតូច ឃុំមានរិទ្ធ ក៏បានប្រទះឃើញឈើហ៊ុបមូលប្រភេទក្រាក់កកោះចំនួន ៩កំណាត់ ដែលត្រូវ​បានក្រុមជនសង្ស័យទម្លាក់ចោលនៅក្នុងចម្ការស្វាយចន្ទី ដើម្បីរំដោះខ្លួន និងមធ្យោបាយគេចចេញពីការតាមចាប់របស់សមត្ថកិច្ច។

​តាមការវាស់វែងជាក់ស្តែងពីមន្ត្រីជំនាញ ឈើក្រាក់កកោះមូលទាំង ៩កំណាត់នេះ មានប្រវែង ២ម៉ែត្រ និងមានអង្កត់ផ្ចិតចាប់ពី ០,៣៥ម៉ែត្រ ដល់ ០,៦៥ម៉ែត្រ ដែលគិតជាមាឌសរុបស្មើនឹង ២,៣១ម៉ែត្រគូប។

​បច្ចុប្បន្ន វត្ថុតាងឈើល្មើសច្បាប់ទាំងអស់ ត្រូវបានកម្លាំងមន្ត្រីឧទ្យានុរក្សប្រមូល និងយកមករក្សាទុក ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ព្រមទាំងកំពុងបន្តស្រាវជ្រាវយ៉ាងសកម្មដើម្បីស្វែងរកមុខសញ្ញាជនល្មើសយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

ដោយ៖ សូរិយា


ចែករំលែក៖