ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលក្រុង METZ របស់ប្រទេសបារាំង អញ្ជើញចុះពិនិត្យមើលស្ថានភាពនៃការរស់នៅរបស់បងប្អូនភៀសសឹកទាំង៦ភូមិ នៅភូមិរង់ចាំ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ លោក ហ្វ្រង់ស្វ័រ ក្រូឌីឌីយេ (Francois Grosdidier) អភិបាលក្រុង METZ សាធារណៈរដ្ឋបារាំង រួមនឹងគណៈប្រតិភូ នៃស្ថានកុងស៊ុលកិត្តិយសកម្ពុជាប្រចាំក្រុង METZ ប្រទេសបារាំង បានបំពេញទស្សនកិច្ចមកកាន់ខេត្តបន្ទាយមានជ័យ។

ជាពិសេស លោកអភិបាលក្រុងនិងគណៈប្រតិភូ បានចុះទៅពិនិត្យមើលស្ថានភាពនៃការរស់នៅរបស់បងប្អូនភៀសសឹកទាំង៦ភូមិ នៅក្នុងភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២៦។

ក្នុងដំណើរដើម្បីស្វែងយល់អំពីការរស់នៅរបស់បងប្អូនភៀសសឹកនៅក្នុងភូមិរង់ចាំ, លោក ហ្វ្រង់ស្វ័រ ក្រូឌីឌីយេ (Francois Grosdidier) បានបង្ហាញក្ដីភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយបានឃើញពីការរស់នៅបងប្អូន ប្រជាពលរដ្ឋភៀសសឹកដែលទទួលបានការយកចិត្តទុកដាក់ពីប្រមុខរដ្ឋាភិបាលកម្ពុជាដោយរៀបចំលំនៅឋានសម្រាប់បងប្អូនភៀសសឹកទាំង៦ភូមិ បានយ៉ាងល្អប្រសើរ។

ជាមួយគ្នានោះ លោក  អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណលោក ហ្វ្រង់ស្វ័រ ក្រូឌីឌីយេ រួមនឹងគណៈប្រតិភូនៃស្ថានកុងស៊ុលកិត្តិយសកម្ពុជាប្រចាំក្រុង METZ ប្រទេសបារាំង ដែលបានផ្តល់អណ្ដូងទឹក ចំនួន៦អណ្តូងដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋភៀសសឹកបានប្រើប្រាស់។

សូមបញ្ជាក់ថា បច្ចុប្បន្នបងប្អូនជនភៀសសឹកទាំង៦ភូមិដែលត្រូវទាហានថៃចូលកាប់កាន់ដោយខុសច្បាប់អន្តរជាតិមិនទាន់អាចត្រឡប់ទៅលំនៅឋានវិញបានទេ និងកំពុងស្នាក់នៅភូមិរង់ចាំដែលមកទល់ពេលនេះមានចំនួន៣.៣១៨ គ្រួសារ ស្មើនឹងមនុស្សចំនួន១៣.២៥៩ នាក់ (ស្រី៦.៦៤២នាក់-កុមារ៣.៤១៦នាក់)៕

ប្រភព ៖ (PRU) 


ចែករំលែក៖