ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងជំនាញកងរាជ​អាវុធហត្ថ​បង្ក្រាបនិងឃាត់ជនសង្ស័យម្នាក់បញ្ជូនខ្លួនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មន្ត្រីកងរាជអាវុធហត្ថស្រុកសំរោងទងបានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកានេះថា ជនសង្ស័យ​ម្នាក់​ ត្រូវកម្លាំងជំនាញកងរាជ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ ធ្វើការ​បង្ក្រាបនិងឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀនក្នុងភូមិសាស្ត្រស្រុកសំរោងទង។

ក្រោម​ការចង្អុល​បង្ហាញ​និង​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជ អាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំង​មានការសម្របសម្រួលនីតិវិធីពី​ឯកឧត្ដម​ព្រះ​រាជអាជ្ញា​អមសាលាដំបូងខេត្តកំពង់ស្ពឺ​​​ នៅវេលាម៉ោង១៧និង៥០នាទី នាថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង បាន​ធ្វើការ​បង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ ស្ថិតនៅចំណុចផ្លូវបេតុងក្នុងភូមិព្រៃរំដួល ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ជនសង្ស័យមានឈ្មោះ សយ គង់  ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ ព្រៃរំដួល ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ,ចាប់យកវត្ថុតាងបានរួមមាន:ម្សៅក្រាមសថ្លាសង្ស័យជាសាធាតុញៀន ចំនួន០៤កញ្ចប់(ទម្ងន់៣.៤៧ក្រាម),ម៉ូតូចំនួន០១ គ្រឿង(ម៉ាកHONDA Wave ផ្លាកលេខ កំពង់ស្ពឺ 1N 0687 ពណ៍ខ្មៅ),ទូរស័ព្ទចំនួន០១គ្រឿងនិងខ្សៀជក់ចំនួន០១។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំង‌‎គ្រឿងញៀន ក្នុងមន្ទីរស្រាវជ្រាវ​និងបង្រ្កាបបទល្មើស​​ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានកសាងសំណុំរឿងបញ្ជូទៅ​កាន់សាលាដំបូងខេត្តកំពង់ស្ពឺ​ ដើម្បីចាត់ការតាមនីតិវិធីជាធរមាន៕

ដោយ៖ សូរិយា


ចែករំលែក៖