ភ្នំពេញ៖ យោងតាមការបង្ហោះផ្សាយលើបណ្តាញសង្គមរបស់ លោក Andrew MacGregor Marshall ជាអ្នកកាសែតជនជាតិស្កុតឡែន និងជាអ្នកនិពន្ធសៀវភៅដ៏ល្បីល្បាញមានចំណងជើងថា «A Kingdom in Crisis» បានលាតត្រដាងយ៉ាងស៊ីជម្រៅអំពីវិបត្តិនយោបាយ និងប្រវត្តិសាស្ត្ររបស់ប្រទេសថៃ ដែលមានខ្លឹមសារ ភាគីថៃទៅវិញទេដែលបានប្រព្រឹត្តចំពោះជនភៀសខ្លួនកម្ពុជាយ៉ាងឃោរឃៅបំផុត ហើយថែមទាំងបានបណ្តេញមនុស្សរាប់ពាន់នាក់ត្រឡប់ទៅវិញ ឱ្យជួបប្រទះនឹងភាពអត់ឃ្លាន និងសេចក្តីស្លាប់។
សូមជម្រាបជូនថា ក្នុងអំឡុងឆ្នាំ១៩៧៩ ជំរំណងចាន់ គឺជាចំណុចចែកចាយជំនួយមនុស្សធម៌ដ៏សំខាន់មួយនៅតាមបណ្តោយព្រំដែន ដែលស្ថិតក្រោមការសម្របសម្រួល និងគ្រប់គ្រងដោយទីភ្នាក់ងារអង្គការសហប្រជាជាតិ រួមមាន អង្គការយូនីសេហ្វ (UNICEF) ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ការិយាល័យប្រតិបត្តិការសង្គ្រោះព្រំដែនរបស់អង្គការសហប្រជាជាតិ (UNBRO) និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC)។ អង្គការអន្តរជាតិទាំងនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ស្បៀងអាហារ ទីជម្រកបណ្តោះអាសន្ន និងការពារសុវត្ថិភាពដល់ពលរដ្ឋខ្មែររាប់សែននាក់ដែលរត់គេចពីសង្គ្រាម និងគ្រោះទុរ្ភិក្ស ព្រមទាំងបានរៀបចំការធ្វើមាតុភូមិនិវត្តន៍ដោយស្ម័គ្រចិត្ត និងការតាំងទីលំនៅថ្មីនៅប្រទេសទីបី៕

ប្រភព ៖ (PRU)
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច