ភ្នំពេញ ៖ យោងតាមការលើកឡើងរបស់លោក ជា ធីរិទ្ធ អ្នកនាំពាក្យរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បានថ្លែងថា ជាការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ទៅកាន់ភាគីថៃ ដែលកន្លងមកតែងព្យាយាមបិទមាត់និងព្រមានកម្ពុជាមិនឱ្យលើកយកបញ្ហាជម្លោះព្រំដែនទៅកាន់វេទិកាអន្តរជាតិ។
នាឱកាសនោះផងដែរ លោក ជា ធីរិទ្ធ បានគូសបញ្ជាក់ថា នៅក្នុងជំនួបជាមួយ ឯកឧត្តម ដាទុក (Datuk) អនុប្រធានព្រឹទ្ធសភានៃប្រទេសម៉ាឡេស៊ី សម្តេចប្រធានព្រឹទ្ធសភាបានលើកឡើងយ៉ាងច្បាស់ថា ប្រសិនបើភាគីថៃចង់ឱ្យកម្ពុជាបញ្ឈប់ការលើកយកបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ទៅលើឆាកអន្តរជាតិ ភាគីថៃត្រូវតែអនុវត្តកិច្ចព្រមព្រៀងឱ្យបានពេញលេញ ជាពិសេសគឺការចាប់ផ្តើមដំណើរការវាស់វែងនៅលើដីជាក់ស្តែង ដូចដែលបានចែងក្នុងកិច្ចព្រមព្រៀងកាលពីខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។
ទន្ទឹមនោះផងដែរ លោក ជា ធីរិទ្ធ បានបញ្ជាក់បន្ថែមថា អស់រយៈពេលប្រមាណ ១១ ខែមកហើយ ចាប់តាំងពីមានកិច្ចព្រមព្រៀងនេះ ភាគីថៃនៅតែមិនទាន់បានអនុវត្តដំណើរការវាស់វែងនៅលើដីជាក់ស្តែងនៅឡើយទេ។ ដូច្នេះសារសំខាន់របស់សម្តេចតេជោ គឺតម្រូវឱ្យភាគីថៃចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀង និងការវាស់វែងឱ្យបានឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន។
ជាមួយគ្នានោះផងដែរ លោក ជា ធីរិទ្ធ បានថ្លែងសង្កត់ធ្ងន់ពីជំហររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាថា ក្នុងករណីដែលភាគីថៃនៅតែបន្តមិនគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ដែលមានស្រាប់ និងមិនព្រមអនុវត្តការវាស់វែងជាក់ស្តែងនៅលើទីតាំងដីផ្ទាល់នោះទេ កម្ពុជានឹងមិនបោះបង់ចោលការទាមទារ ឬការលើកឡើងអំពីបញ្ហាជម្លោះព្រំដែនដែលថៃបានបំពានមកលើកម្ពុជា នៅលើវេទិកាអន្តរជាតិនោះឡើយ ហើយលើសពីនេះទៅទៀត កម្ពុជានឹងនិយាយកាន់តែខ្លាំងជាងមុនថែមទៀត។ ទន្ទឹមនឹងការឆ្លើយតបនេះ សម្តេចប្រធានព្រឹទ្ធសភាក៏បានបញ្ជាក់ជំហរគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី និងផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច