លោក ដូណាល់ ត្រាំ បានប្រកាសថា នឹងទទួលប្រាក់បៀវត្សតែ១ដុល្លារប៉ុណ្ណោះជំនួសប្រាក់ខែ៤០ម៉ឺនដុល្លារក្នុងមួយឆ្នាំ សម្រាប់ប្រធានាធិបតីនៅពេលដែល លោកចូលកាន់តំណែង។
គេហទំព័រ Mirror កាលពីថ្ងៃទី១៣ ខែវិច្ឆិកា បានផ្សាយថា ប្រធានាធិបតីអាមេរិកទើបតែជាប់ឆ្នោត ដូណាល់ ត្រាំ នឹង មានបទសម្ភាស៍ជាលើកដំបូងក្នុងកម្មវិធី ៦០នាទីរបស់បណ្តាញព័ត៌មាន CBS News ក្រោយពេលទទួលបានជ័យជំន្នះទៅលើលោកស្រីហ៊ីលឡារីគ្លីនតុននៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី៨ ខែវិច្ឆិកា។
នៅក្នុងបទសម្ភាសន៍មហាសេដ្ឋីវ័យ ៧០ឆ្នាំបានប្រកាសថា នឹងមិនទទួលប្រាក់ ខែ៤០ម៉ឺនដុល្លារក្នុងមួយឆ្នាំនោះឡើយ ក្រោយពេលកាន់តំណែងប្រធានាធិបតី ដោយលោកទទួលតែ១ដុល្លារប៉ុណ្ណោះតាមច្បាប់អាមេរិកប្រធានាធិបតីមិនអាចមិន ទទួលប្រាក់ខែឡើយ គឺត្រូវតែទទួលទាប បំផុតគឺ១ដុល្លារក្នុងមួយខែ។ បច្ចុប្បន្ន លោក ដូណាល់ ត្រាំ មានទ្រព្យសម្បត្តិ ប្រមាណ៤ពាន់លានដុល្លារតាមការតួលេខ របស់ទស្សនាវដ្តី Forbes នៅឆ្នាំ២០១៥។
នៅក្នុងបទសម្ភាសន៍នោះដែរ អ្នកដឹក នាំកម្មវិធី Lesley Stahl បានសួរសំណួរមួយ ចំនួនដល់លោក ដូណាល់ ត្រាំ នូវអ្វីដែល លោកបានប្រកាសពេលឃោសនាបោះ ឆ្នោត តើលោកនឹងអនុវត្តដែរឬទេក្រោយកាន់តំណែងប្រធានាធិបតី។
ប្រាក់ខែបច្ចុប្បន្នរបស់លោក អូបាម៉ា គឺមាន៤០មឺុនដុល្លារក្នុងមួយឆ្នាំក្រៅពីនេះក៏មានប្រាក់ឧបត្ថម្ភ៥មឺុនដុល្លារផងដែរ។ កន្លងមកប្រធានាធិបតី John F. Kennedy និង Herbert Hoover ក៏បានបរិច្ចគប្រាក់ខែរបស់ខ្លួនសម្រាប់សកម្មភាពមនុស្សធម៌ផង ដែរ៕ ម៉ែវ សាធី