រថភ្លើងមួយខ្សែបានធ្លាក់កងចេញពីផ្លូវនៅពេលដែលបុកទៅនឹងរបាំងនៅខាងចុងនៃស្ថានីយ រថភ្លើងតំបន់ Brooklyn ក្នុងពេលដែលមានមនុស្សកុះករ នាថ្ងៃទី៤ ខែមករា បណ្តាលឲ្យមនុស្ស១០៣នាក់រងរបួស។
ក្រុមពន្លត់អគ្គិភ័យ និងជួយសង្គ្រោះ ញូវយ៉កបានទៅដល់កន្លែងកើតហេតុភ្លាមៗនៅស្ថានីយ Atlantic ក្រោយពេលរថភ្លើង Long Island ធ្លាក់កងចេញពីផ្លូវនៅតំបន់ដែលមានមនុស្សច្រើន នៅវេលាម៉ោង ៨និង២០នាទី ថ្ងៃទី៤ខែមករា (ម៉ោងក្នុងតំបន់)។
នៅក្នុងហេតុការណ៍នោះ មិនមានអ្នកដំណើរណាម្នាក់ស្លាប់នោះឡើយ ប៉ុន្តែក៏មានអ្នករងរបួសធ្ងន់១១នាក់បានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ នៅពេលហេតុការណ៍ខាងលើកើតឡើង រថភ្លើងដឹកអ្នកដំណើរប្រមាន៦០០-៧០០នាក់។
សារព័ត៌មានរ៉យទ័របានផ្សាយថា អភិបាលក្រុងញូវយ៉ក បានឲ្យដឹងថា រថភ្លើង ចាកចេញពីតំបន់ Far Rockaway ហើយមិនបានទៅដល់កន្លែង ចំពេលវេលាកំណត់ទុក។ រថភ្លើងធ្វើដំណើរក្នុងល្បឿនយឺត ហើយធ្លាក់កងចេញពីផ្លូវដែក នៅចុងបញ្ចប់នៃផ្លូវដែកក្នុងស្ថានីយ។
តាមព័ត៌មាននៅលើបណ្តាញសង្គម Twitter ក្រុមជួយសង្គ្រោះក្រុង បានបញ្ជាក់ថា មានអ្នករងរបួស ១០៣នាក់ ទូររថភ្លើង២នៅខាងមុខរងការខូចខាតយ៉ាងដំណំ ។ ចំណែកសម្ភារៈសម្រាប់បិទផ្លូវចរាចរណ៍ ពេលរថភ្លើងឆ្លងកាត់ក៏ត្រូវខូចខាតផងដែរ។
អ្នកដំណើរឈ្មោះ Aaron Neufeld អាយុ២៦ឆ្នាំ បានឲ្យដឹងថា អ្នកដំណើរភ័យស្លន់ស្លោរដោយភ័យខ្លាចក្រោយពេលឃើញឈាម ហូរច្រើននៅពេលរថភ្លើងធ្លាក់ផ្លូវ។ មនុស្សមួយចំនួនបានស្រែកយំ ។ លោកបន្តទៀតថារថភ្លើងធ្វើដំណើរធម្មតារហូតដល់មានហេតុការណ៍អាក្រក់ខាងលើកើតឡើង។
កាលពីចុងខែកញ្ញា ឆ្នាំ២០១៦ រថភ្លើងមួយខ្សែ បានបុកទៅនឹងរបាំងនៅចុងផ្លូវក្នុងតំបន់ Hoboken ទីក្រុងញ៉ូវជឺស៊ី បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់និង១១៤នាក់រងរបួស ។
សមាគមចរាចរណ៍សាធារណៈអាមេរិកបានឲ្យដឹងថា រថភ្លើង Long Island ជាបណ្តាញដឹកជញ្ជូនមនុស្សច្រើនបំផុត របស់ប្រទេសនេះ ដោយបានដឹកអ្នកដំណើរ ជាង ៣៣០ពាន់នាក់ក្នុងមួយថ្ងៃ ។ ក្នុងពេលជាមួយគ្នានោះ ស្ថានីយ Atlantic ជាកន្លែងដែលមានមនុស្សធ្វើដំណើរច្រើនបំផុតនៅក្នុងទីក្រុងញូវយ៉ក ដោយមានខ្សែរថភ្លើងដល់ទៅ៩តផ្ជាប់ទៅកាន់តំបន់ផ្សេងៗ ៕ ម៉ែវ សាធី