សារព័ត៌មាន AP បានផ្សាយថា អ្នកនាំពាក្យសេតវិមានដែលទើបតែបានតែង តាំងកាលពីថ្ងៃទី១៩ ខែមករា បានប្រកាសឲ្យដឹងថាប្រធានាធិបតីថ្មីលោក ដូណាល់ ត្រាំ បានសម្រេចរក្សាតំណែងមន្ត្រីរបស់លោក អូបាម៉ា ប្រមាណ៥០រូប ដើម្បីធានាដល់សកម្មភាពរបស់រដ្ឋាភិបាលបន្តទៅ មុខយ៉ាងរលូន ក្រោយពិធីស្បថចូលកាន់ តំណែង។
ការប្រកាសនេះក្រោយពេល អ្នក នយោបាយជាច្រើនខ្វល់ខ្វាយ ថាតើលោក ត្រាំ នឹងដំណើរការបានទៅយ៉ាងរលូនដែរឬទេក្រោយចូលកាន់តំណែង ប្រសិនបើ មានការផ្លាស់ប្តូរមន្រ្តីរដ្ឋការទាំងស្រុងដាក់អ្នកថ្មីជំនួសនោះ។
តាមប្រសាសន៍លោក Sean Spicer ឲ្យដឹងថា បណ្តាមន្ត្រីដែលលោក ត្រាំ ស្នើឲ្យបន្តកាន់តំណែងដដែល នោះសុទ្ធតែឥស្សរៈជនដែលមានបទពិសោធន៍ខ្ពស់នៅក្នុងស្ថាប័នសំខាន់ៗ ដូចជាក្រសួង សន្តិសុខជាតិ មន្ទីរបញ្ចកោណ និងក្រសួង ការបរទេសទៀតផង។
រដ្ឋមន្រ្តីក្រសួងការពារជាតិ អាមេរិក លោក Robert Work និងរដ្ឋមន្រ្តីក្រសួង ការបរទេសទទួលបន្ទុកនយោបាយលោក Thomas Shannon បន្តរក្សាតំណែងដដែល រហូតដល់អ្នកដែលត្រូវជំនួសត្រូវបានព្រឹទ្ធសភាអនុម័ត។
ក្រៅពីមន្ត្រីសន្តិសុខ ដែលទទួលបាន សំណើឲ្យបន្តតំណែងនោះ រួមមានទាំង មន្ត្រីប្រឆាំងក្រុមភេរវកម្ម IS លោក Brett Mcgurk អគ្គនាយកមជ្ឈមណ្ឌលប្រឆាំងភេរវកម្មលោក Nicholas Rasmussen និងមន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុប្រឆាំងភេរវកម្ម លោក Adam Szubin។
ការសម្រេចរបស់លោក ត្រាំ គឺផ្ទុយ ស្រឡះពីការប្រកាសពេលដំបូងដែល លោកត្រាំបានបញ្ជាក់ថា បណ្តាមន្ត្រីក្រោម រដ្ឋបាលលោក អូបាម៉ា ត្រូវតែលាលែង ចេញពីតំណែងទាំងអស់ ហើយលោកមិន អនុញ្ញាតឲ្យមានមន្ត្រីរបស់លោក អូបាម៉ា នោះឡើយ។ ប៉ុន្តែពេលនេះលោកសម្រេចបន្តរក្សាមន្ត្រីសំខាន់ៗ ដើម្បីជួយដល់រដ្ឋា ភិបាលថ្មីរបស់លោកឲ្យដំណើរការបានល្អក្នុងពេលចូលកាន់តំណែង។ ទាំងនោះជាការសម្រេចដ៏ឆ្លាតវៃរបស់ប្រធានាធិបតី ត្រាំ ជៀសវាងមានការចន្លោះប្រហោងកើត ឡើង។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ព្រឹកថ្ងៃទី១៩ ខែមករា ត្រូវនឹងថ្ងៃទី២០ (កម្ពុជា)ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានធ្វើដំណើរមកដល់ទី ក្រុងវ៉ាស៊ីនតោនហើយ ដើម្បីស្បថចូល កាន់តំណែងជាផ្លូវការពាក់ព័ន្ធនឹងព្រឹតិ្ដការណ៍ដ៏ធំនេះដែរត្រូវបានប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ឲ្យដឹងថា បានចំណាយ ទឹកប្រាក់ដើម្បីរៀបចំរហូតដល់ទៅ៩០ លានដុល្លារអាមេរិក ច្រើនជាងព្រឹត្តិការណ៍ឡើងកាន់តំណែងរបស់លោក បារ៉ាក់ អូបាម៉ា ២ដង ជាពិសេសច្រើនជាព្រឹត្តិការណ៍ ឡើងកាន់តំណែងរបស់ប្រធានាធិបតី អាមេរិកគ្រប់រូបទាំងអស់ ។
ព្រឹត្ដិការណ៍ស្បថចូលកាន់តំណែង របស់លោក ដូណាល់ ត្រាំ នឹងធ្វើឡើងនៅ រសៀលថ្ងៃសុក្រនេះ ដែលជាព្រឹត្តិការណ៍ធំបំផុតលើកដំបូងរបស់សហរដ្ឋអាមេរិក ហើយក៏ជាការវិវត្ដប្រវត្តិសាស្រ្ដចុងក្រោយដែរសម្រាប់ការផ្ទេរអំណាចដោយសន្ដិវិធី ប៉ុន្ដែក៏ជាការចម្រូងចម្រាសដែរដោយការ វាយប្រហារទៅលើលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងសិទ្ធិស៊ីវិល និងពីគណបក្ស ប្រជាធិបតេយ្យរាប់សិបនាក់ដែលបាន លើកឡើងថា ពួកគេនឹងធ្វើពហិការក្នុង អំឡុងពេលលោក ត្រាំ ឡើងធ្វើសច្ចា ប្រណិធាន។
នៅក្នុងពិធីនេះដែរ ប្រធានាធិបតី អាមេរិកថ្មីរូបនេះត្រូវគេរំពឹងថានឹងឡើង ថ្លែងសុន្ទរកថាពាក់ព័ន្ធនឹងក្រុមឧទ្ទាម អ៊ិស្លាមជ្រុលនិយម ទំនាក់ទំនងរបស់ លោកជាមួយនឹងប្រទេសរុស្ស៊ី និងការរិះ គន់របស់អង្គការណាតូទៅលើសមត្ថភាព របស់ប្រធានាធិបតីថ្មី ជាពិសេសគោល នយោបាយការបរទេសរបស់អាមេរិកតែ ម្ដងដែលបណ្ដាលប្រទេសនៅក្នុងពិភពលោកទាំងមូលកំពុងសម្ដែងក្តីព្រួយបារម្ភ៕ ម៉ែវ សាធី