ប្រឈមនឹងបញ្ហាជាច្រើនពីប្រធានា ធិបតីអាមេរិករដ្ឋាភិបាលទីក្រុងប៉េកាំង បានផ្តល់សញ្ញាចង់សហការជាមួយរដ្ឋា ភិបាលទីក្រុងវ៉ាស៊ីនតោនក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ ។ ក្រៅពីនេះ ចិនមានគោលនយោបាយមួយចំនួនទៀតដើម្បីធ្វើឲ្យអាមេរិកស្ងប់អារម្មណ៍ផងដែរ។
សារព័ត៌មាន Bloomberg បានផ្សាយ ថា សារព័ត៌មានចិនស៊ីនហួមានបទវិចារណកថា ជូនពរដល់ប្រធានាធិបតី ដូណាល់ ត្រាំ ហើយបង្ហាញក្តីសង្ឃឹមថា នឹងមាន ទំនាក់ទំនងល្អនឹងគ្នានាពេលអនាគត។ នៅក្នុងអត្ថបទដែលបានផ្សាយនោះបង្ហាញ ពីទស្សនៈថា ប្រទេសទាំងពីរដែលមាន សេដ្ឋកិច្ចលំដាប់ទី១និងទី២លើពិភពលោក គួរតែសហការគ្នាដើម្បីជួយឲ្យពិភពលោកកាន់តែរីកចម្រើន។
កន្លងមកសេតវិមានដែលមានម្ចាស់គ្រប់ គ្រងថ្មីបានប្រកាសថា អាមេរិកនឹងមានវិធាន ការចាស់ដៃទៅលើប្រទេសណាដែលបំពាន កិច្ចព្រមព្រៀងពាណិជ្ជកម្ម ធ្វើឲ្យប៉ះពាល់ដល់ពលករនៅក្នុងទឹកដីអាមេរិក។ ការប្រកាសទាំងនោះគឺសំដៅលើប្រទេសចិន ដែលជាគោលដៅរបស់លោក ត្រាំ តាំងពី ពេលឃោសនាបោះឆ្នោត។
នៅពេលនេះដែរចិនកំពុងទទួលយក វិធីសាស្ត្រផ្សះផ្សាចំពោះចំណងមិត្តភាព ពាណិជ្ជកម្មរវាងចិននឹងសហរដ្ឋអាមេរិក ត្រឹមតែមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីថ្មី លោក ដូណាល់ ត្រាំ បានជ្រើសរើសលេខា ធិការពាណិជ្ជកម្មដែលពិព័រណ៍សេដ្ឋកិច្ចដ៏ធំទី២របស់ពិភពលោកថា ជាការគាំពារ ចំពោះប្រទេសជាច្រើនផ្សេងទៀត។
ប្រទេសជាច្រើនជុំវិញពិភពលោកបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងខ្លាចសង្គ្រាម ពាណិជ្ជកម្មនៅលើពិភពលោកកើតឡើង ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភព លោកទាំងមូល។ កនៅក្នុងឆ្នាំ២០១៧នេះក្រុមអ្នកឯកទេសសេដ្ឋកិច្ចបានព្យាករថា នឹងមានកំណើនខ្ពស់ជាងមុន ប៉ុន្តែបើមានសង្គ្រាមកើតឡើងនោះនឹងធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ចុះជាមិនខាន។
នៅក្នុងវេទិកាសេច្ឋកិច្ចពិភពលោកធ្វើឡើងនៅទីក្រុងដាវ៉ូស ប្រទេសស្វុីស ប្រធា នាធិបតីចិនលោក ស៊ី ជីនពីង បានបញ្ជាក់ ថា សង្គ្រាមពាណិជ្ជកម្មនឹងមិននាំមកនូវ ផលប្រយោជន៍ដល់ប្រទេសណាមួយនោះឡើយ។
បើទោះបីមានបំណងផ្សះផ្សាក្តីតែចិនបានបញ្ជាក់ថា នឹងការពារផលប្រយោជន៍ ជាអាទិភាពរបស់ខ្លួនក្នុងនោះមានបញ្ហាកោះតៃវ៉ាន់ និងវិវាទនៅដែនសមុទ្រចិនភាគ ខាងត្បូងដែលអាមេរិកអាចនឹងលូកដៃជ្រៅក្រោមការដឹកនាំរបស់លោក ត្រាំ ។
លោក ដូណាល់ ត្រាំ ធ្លាប់បានប្រកាស ថា នឹងរឹតបន្តឹងបញ្ហាពាណិជ្ជកម្មជាមួយចិន ក៏ដូចជាបង្កើនសកម្មភាពមិនទុកឲ្យចិន ធ្វើព្យុះភ្លៀងនៅសមុទ្រចិនភាគខាងត្បូងឡើយ។ នៅពេលដែលមិនទាន់ចូលកាន់ តំណែងលោក ត្រាំ បានធ្វើឲ្យចិន «ឆេះដុំ» ដោយបានទូរស័ព្ទពិភាក្សាជាមួយមេដឹកនាំកោះតៃវ៉ាន។ មិនត្រឹមតែប៉ុណ្ណោះលោក ត្រាំ ក៏បានបញ្ជាក់ថា នឹងមិនគោរពតាម កិច្ចព្រមព្រៀង «ចិនតែមួយ» នោះឡើយ ក្នុងនោះអាមេរិកមិនត្រូវលូកដៃចូលបញ្ហាកោះតៃវ៉ាន់ ហុងកុង និងទីបេជាដើម។
ទំនាក់ទំនងចិន និងអាមេរិកដែលស្គាល់ រកាំរកូសគ្នារួចហើយនៅក្នុងអាណត្តិដឹកនាំរបស់លោក អូបាម៉ា ទំនងនឹងមិនប្រសើ រឡើងឡើយនៅក្នុងអាណត្តិរបស់លោក លោក ដូណាល់ ត្រាំ ដែលបានស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់អាមេរិកកាលពីថ្ងៃសុក្រកន្លងទៅ។ នៅមុនជាប់ ឆ្នោតលោក ដូណាល់ ត្រាំ ធ្លាប់បានសន្យា ហើយថា នឹងដាក់ប្រទេសចិនក្នុងបញ្ជីស្បែក ខ្មៅរបស់ប្រទេសដែលធ្វើជំនួញមិនស្មោះត្រង់ដោយទម្លាក់តម្លៃលុយយ័នដើម្បីជំរុញ ការនាំចេញផលិតផលចិនទៅបរទេស។
ប៉េកាំងតាមដានជាប់ជានិច្ចពិធីស្បថ ចូលកាន់តំណែងប្រធានាធិបតីរបស់លោក ដូណាល់ ត្រាំ។ រដ្ឋាភិបាលចិនចង់ដឹងថា តើនៅពេលក្លាយជាប្រធានាធិបតីអាមេរិកពេញផ្លូវច្បាប់ហើយនោះលោក ដូណាល់ ត្រាំ នឹងចាត់វិធានការអនុវត្តគោលនយោបាយប្រឆាំងចិន ដូចដែលលោកធ្លាប់បាន លើកឡើងទាំងនៅពេលថ្មីៗនេះនិងនៅក្នុង ពេលឃោសនារកសំឡេងឆ្នោតដែរឬទេ?
នៅក្នុងពេលឃោសនារកសំឡេងឆ្នោត បេក្ខជន ដូណាល់ ត្រាំបានចង្អុលចោទ ប្រកាន់ចិនថា ជាអ្នកលួចការងារប្រជាជនអាមេរិកាំង និងលួចលុយអាមេរិក។ សម្រាប់ លោក ត្រាំ ចិនបានធ្វើជំនួញមិនស្មោះត្រង់ ដោយបានទម្លាក់លុយយ័នរហូតធ្វើឲ្យក្រុម ហ៊ុនអាមេរិកាំងរងគ្រោះមិនអាចប្រកួត ប្រជែងជាមួយក្រុមហ៊ុនចិនបាន។ នៅក្នុង កាសែតអាមេរិកាំង Newyork Times លោក ដូណាល់ ត្រាំ ធ្លាប់បាននិយាយថា លោកនឹងដំឡើងពន្ធដល់៤៥ភាគរយលើរាល់ផលិតផលនាំចូលមកពីចិន។ ក្នុងក្រុម ការងាររបស់លោកដូណាល់ ត្រាំ លោក Peter Navarro ទីប្រឹក្សាផ្នែកពាណិជ្ជកម្ម របស់លោកដូណាល់ ត្រាំ ធ្លាប់បានអំពាវនាវឲ្យគេឈប់ទិញផលិតផលចិន។ ការ សិក្សាថ្មីៗនេះបានបង្ហាញថា អាមេរិកបានបាត់បង់ការងារប្រមាណ២លានចាប់តាំងពីចិនបានចូលជាសមាជិករបស់អង្គការ ពាណិជ្ជកម្មពិភពលោកឆ្នាំ២០០១។
កាសែតចិន Global Times ដែលជា ឧបករណ៍ឃោសនារបស់បក្សកុម្មុយនីស្តធ្លាប់បានសរសេរថា ប្រទេសចិននឹងវាយ បកវិញ បើសិនជាលោក ដូណាល់ ត្រាំ ធ្វើសង្រ្គាមពាណិជ្ជកម្មប្រឆាំងចិន។ ចិនមាន មធ្យោបាយដាក់គំនាបលើអាមេរិក ព្រោះ ថា ចិនជាប្រទេសទី១ ដែលមានកាន់ក្នុងដៃ ប្រាក់បំណុលអាមេរិកច្រើនជាងគេគឺ ១.០០០ពាន់លានដុល្លារអាមេរិក។ តាម កាសែត Global Times ចិនអាចគំរាមសង សឹកអាមេរិកវិញដោយនឹងផ្អាកព្យួរការ បញ្ជាទិញយន្តហោះរបស់ក្រុមហ៊ុនប៊ូអុីងអាមេរិក។ តើអ្នកណាខាតហើយអ្នកណានឹងចំណេញពីសង្រ្គាមពាណិជ្ជកម្ម? ប្រធា នាធិបតីចិនលោក ស៊ី ជីនពីង បាននិយាយ នៅក្នុងវេទិកាសេដ្ឋកិច្ចនៅដាវ៉ូសប្រទេសស្វុីសថា គ្មានភាគីណាឈ្នះដាច់នៅក្នុង សង្រ្គាមពាណិជ្ជកម្មនោះទេ។
ប៉ុន្តែសម្រាប់អ្នកសេដ្ឋកិច្ចមួយចំនួន ចិនដែលមានផលិតផលពឹងអាស្រ័យលើទីផ្សារអាមេរិកអាចរងគ្រោះភ្លាមដោយសារ នយោបាយដំឡើងពន្ធអាកររបស់លោកដូណាល់ ត្រាំ។ ត្រូវដឹងថា ផលិតផលចិននាំចូលទៅអាមេរិកនៅឆ្នាំ២០១៦មានតម្លៃ ដល់ទៅ៣៨៥ពាន់លានដុល្លារ។ បើសិនជាអាមេរិកដែលជាទីផ្សារធំបំផុតរបស់ចិន រឹតបន្តឹងដោយនឹងដំឡើងតម្លៃពន្ធដល់៤៥ភាគរយលើផលិតផលនាំចូលមកពីចិន នោះផលិតផលចិននាំចូលទៅអាមេរិកនឹងធ្លាក់ចុះពីរដងឬច្រើនជាងនេះក៏ថាបាន៕ ម៉ែវ សាធី