នៅក្នុងសេចក្តីប្រកាសមួយដែលបានចាត់ទុកថា ជាការគំរាមកំហែងដំបូងបំផុតទៅលើប្រទេសចិនពីសំណាក់ក្រុមភេរវ កម្មអ៊ិស្លាម IS ដែលជាជនជាតិភាគតិច អ៊ុយហ្គ័រនៅស៊ីនជាំងបានប្រកាសថា នឹងត្រឡប់ទៅស្រុកវិញវាយប្រហារធ្វើឲ្យ «ឈាមហូរក្លាយជាទន្លេ»។
សារព័ត៌មាន Straits Times បានដកស្រង់ប្រភពព័ត៌មានពីក្រុមចារកម្ម SITE ដែលមានទីតាំងនៅអាមេរិកបានឲ្យដឹងថា ការគំរាមកំហែងខាងលើចាប់ផ្តើមចេញពីឃ្លីបវីដេអូមួយផ្សាយកាលពីថ្ងៃទី២៧ ខែកុម្ភៈ នៅក្នុងប្រទេសអីុរ៉ាក់និងស៊ីរី។ នៅក្នុងឃ្លីបវីដេអូខ្មាន់កាំភ្លើង IS ជាជនជាតិ អ៊ុយហ្គ័របានគំរាមកំហែងចិនមុនពេល សម្លាប់មនុស្សម្នាក់ដែលចោទប្រកាន់ថា បានប្រាប់ពីទីតាំងលាក់ខ្លួនរបស់ក្រុម IS ។
តាមការបកប្រែរបស់វែបសាយ SITE ខ្មាន់កាំភ្លើងខាងលើបានបញ្ជាក់ថា «ចិន មិនដឹងនូវអ្វីដែលគេនិយាយ។ យើងគឺជាទាហានរបស់អាណាចក្រអ៊ិស្លាម ហើយ យើងនឹងទៅកាន់កន្លែងអស់លោកពេលនោះអ្នកនឹងឮសូរស្នូរអាវុធរបស់យើង ហើយឈាមនឹងហូរក្លាយជាទន្លេទាំង នោះជាការសងសឹកដល់អ្នកដែលរងសម្ពាធ ពីរដ្ឋាភិបាល»។
បណ្ឌិត Michael Clarke មានឯកទេសស្តីអំពីតំបន់ស៊ីនជាំងមកពីសាលាយោធា និងសន្តិសុខអូស្ត្រាលីបានបញ្ជាក់ថា ឃ្លីប វីដេអូខាងលើគឺជាការគំរាមកំហែងដោយផ្ទាល់ និងដំបូងបង្អស់របស់ក្រុម IS ទៅលើ ប្រទេសចិន។
ក្រុមអ្នកឯកទេសបង្ហាញក្តីបារម្ភយ៉ាងខ្លាំងដោយខា្លចក្រុមបះបោរនៅក្នុងប្រទេស បង្កើនការវាយប្រហារសម្លាប់មនុស្សជាច្រើននៅតំបន់ដែលមានជនជាតិអ៊ិស្លាមជាច្រើនរស់នៅទីនោះ។ តំបន់ស៊ីនជាំង តែងតែមានអំពើហិង្សាកើតឡើង ហើយ រដ្ឋាភិបាលបានទម្លាក់កំហុសទៅលើក្រុមអ៊ិស្លាមអ៊ុយហ្គ័រ។
ការគំរាមខាងលើធ្វើឡើងនៅក្នុងឃ្លីប វីដេអូមានរយៈពេល២៨នាទីបង្កក្តីបារម្ភយ៉ាងខ្លាំងដល់ពលរដ្ឋចិនទាំងមូល។ ចំណែកទីក្រុងប៉េកាំងតែងតែចោទប្រកាន់ក្រុមអ៊ុយហ្គ័រដែលជាអ្នកទាមទារចង់ផ្តាច់ទឹកដីពីប្រទេសចិនថា ជាប្រភពនៃការវាយប្រហារនានានៅក្នុងប្រទេសដោយបាន ទាញសញ្ញាអាសន្នប្រកាសប្រាប់ដែរថា ក្រុមអ៊ុយហ្គ័រនេះមានទំនាក់ទំនងជាមួយ នឹងក្រុមប្រដាប់អាវុធអ៊ិស្លាមជីហាដ។ ដោយ ហេតុថា កាលពីឆ្នាំ២០០៩ មានកុបកម្មដ ហិង្សាមួយនៅទីក្រុង Urumqi ក្នុងខេត្ត ស៊ីនជាំងបានសម្លាប់មនុស្ស២០០នាក់ ដែលភាគច្រើនជាជនជាតិចិនហាន។
ការវាយប្រហារភេរវកម្មកន្លងមក សម្លាប់មនុស្ស៣៩នាក់ និងធ្វើឲ្យរបួស ជិត១០០នាក់ រដ្ឋាភិបាលចិនបានពង្រាយកងទ័ពនៅក្នុងទីក្រុង និងពង្រឹងត្រួតពិនិត្យនៅរាល់ច្រកចេញចូលខេត្តស៊ីនជាំង។
មិនត្រឹមតែប៉ុណ្ណោះចិនបានបញ្ជូនរថក្រោះទៅបញ្ឈរជើងនៅកន្លែងប្រជុំជននៅពេលទាហានចិនជាងមួយពាន់នាក់ដើរ ល្បាតគ្រប់ផ្លូវ។ កាលពីថ្ងៃសុក្រគឺនៅមួយថ្ងៃក្រោយភេរវកម្មទីក្រុងប៉េកាំងបានប្រកាស បើកយុទ្ធនាការកណ្តាប់ដៃដែករយៈពេលមួយឆ្នាំដើម្បីបង្រ្កាបក្រុមភេរវជន និងក្រុមជ្រុលនិយមសាសនានៅស៊ីនជាំង។ អាជ្ញា ធរចិននឹងផ្តោតជាពិសេសទៅលើចរាចរណ៍ លួចលាក់អាវុធកន្លែងផលិតគ្រឿងផ្ទុះ និងបន្ទាយដែលលួចបណ្តុះបណ្តាលក្រុមភេរវករ។
បើទោះបីជារហូតមកដល់ពេលនេះ មិនទាន់មានក្រុមណាមួយប្រកាសចេញ មុខទទួលខុសត្រូវលើភេរវកម្មកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែកាលពីព្រលប់ថ្ងៃសុក្រ អាជ្ញាធរចិនបានបញ្ចេញឈ្មោះជនសង្ស័យ ទាំង៥នាក់ដែលជាក្រុមបំផ្ទុះគ្រាប់នៅផ្សារលក់បន្លែ។ ជនសង្ស័យ៤នាក់ជាក្រុមអត្ត ឃាតជន និងបានស្លាប់នៅក្នុងព្រឹត្តិការណ៍បំផ្ទុះគ្រាប់ ចំណែកជនសង្ស័យម្នាក់ទៀតត្រូវបានប៉ូលិសចិនចាប់បាននៅភាគខាងត្បូងទីក្រុងអ៊ូរ៉ុមឈី។ ឈ្មោះរបស់ជន សង្ស័យបង្ហាញថា ពួកគេមកពីក្រុមជនភាគ តិចអ៊ុយហ្គ័រដែលកាន់សាសនាអ៊ិស្លាមនៅតំបន់ស៊ីនជាំង។
តាមទីភ្នាក់ងារព័ត៌មានចិនថ្មីដែលដកស្រង់សម្តីរបស់ប៉ូលិសក្នុងស្រុកជនសង្ស័យ ទាំង៥នាក់រងឥទ្ធិពលឃោសនារបស់ក្រុមអ្នកកាន់សាសនាជ្រុលនិយម។ ពួកគេ បានចូលរួមយ៉ាងលួចលាក់នៅក្នុងសកម្មភាពសាសនា និងបានស្តាប់មើលរូបភាពដែលញុះញង់ឲ្យធ្វើភេរវកម្ម។
ក្រៅតែពីខេត្តស៊ីនជាំងអាជ្ញាធរចិន បានពង្រឹងផងដែរសន្តិសុខនៅទីក្រុងប៉េកាំង។ នៅថ្ងៃនេះអាជ្ញាធរបានប្រកាស ត្រួតពិនិត្យតឹងរ៉ឹងនៅតាមបណ្តាញផ្លូវរថភ្លើងក្រោមដីក្នុងទីក្រុងប៉េកាំង។ អំណឹះ តទៅនៅក្នុងផ្លូវរទេះភ្លើងក្រោមដីអ្នក ដំណើរត្រូវគេឆែកឆេរនៅក្នុងកាបូប និង វ៉ាលិសធ្វើដំណើរ។
តាំងពីខែមករាអាជ្ញាធរប៉េកាំងបាន ពង្រឹងការឆែកត្រួតពិនិត្យខ្លួនទៅលើរាល់អ្នកដំណើរដែលចង់ធ្វើដំណើរទៅទីលានធានអានមេន បន្ទាប់ពីមានអំពើភេរវកម្មនៅទីលានធានអានមេនកាលពីខែតុលាឆ្នាំ២០១៣ បានសម្លាប់មនុស្សបីនាក់។
រដ្ឋាភិបាលទីក្រុងប៉េកាំងបានសម្រេចបញ្ជូនទាហានបន្ថែម១មឺុននាក់ទៅកាន់ តំបន់ស៊ីនជាំងដើម្បីការពារការវាយប្រហារ ភេរវកម្ម និងក្រុមបះបោរ។
តាមសារព័ត៌មាន Liberation បាន ផ្សាយថា ទាហានចិនជាង១មឺុននាក់បានយាមល្បាតនៅតាមដងវិថីនានាក្នុងទីក្រុង Urumqi ខេត្តស៊ីនជាំងក្រោយពេលរដ្ឋា ភិបាលបើកយុទ្ធនាការវាយប្រហារប្រឆាំងក្រុមភេរវកម្មនៅទីនោះ។
ប៉ូលិសប្រមាណ១.៥០០នាក់ប្រដាប់ដោយអាវុធបានដាក់ពង្រាយនៅទីក្រុង ធំៗចំនួន៣គឺទីក្រុង Hotan, Kashgar និង Aksu ដែលតែងតែរងការវាយប្រហារដោយ ក្រុមភេរវកម្ម និងក្រុមបះបោរជ្រុលនិយម។
តំបន់ស៊ីនជាំងជាទីកន្លែងមានជនជាតិអ៊ុយហ្គ័រកាន់សាសនាអ៊ិស្លាមរស់នៅច្រើនបំផុត។ នាពេលកន្លងមកថ្មីៗតំបន់នោះ តែងតែរងការវាយប្រហារ និងប៉ះទង្គិចគ្នា រវាងប៉ូលិសនឹងក្រុមបះបោរទាមទារផ្តាច់ ខ្លួន។
មន្ត្រីចិនបានបញ្ជាក់ថា ការវាយប្រហារ ទាំងឡាយនាពេលកន្លងមកបង្កឡើងដោយ ក្រុមជនជាតិអ៊ុយហ្គ័រដែលមានការជួយជ្រោមជ្រែងពីក្រុមភេរវកម្មនៅក្រៅប្រទេស៕ ម៉ែវ សាធី