ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ី និងអុីរ៉ង់ព្រមានថា នឹងតបតវិញបើអាមេរិកដើរហួសបន្ទាត់ក្រហម

ចែករំលែក៖

ទីបញ្ជាការរួមរបស់កម្លាំងទាហាន រុស្ស៊ី អុីរ៉ង់ និងស៊ីរី ដែលគាំទ្ររដ្ឋាភិបាលលោក អាល់អាសាដ នាពេលកន្លងមក បានថ្កោលទោសដល់ការវាយប្រហារដោយមីស៊ីល របស់អាមេរិក ថាបានដើរចូលបន្ទាត់ ក្រហម។

នៅពេលនេះរុស្ស៊ីបានបញ្ជូននាវា ចម្បាំង Grigorovich ទៅកាន់ដែនសមុទ្រមេឌីទែរ៉ាណេក្រោយពេលនាវាចម្បាំង អាមេរិក២គ្រឿងបានបាញ់មីស៊ីល ដល់ ទៅ៥៩គ្រាប់ កម្ទេចទីតាំងទ័ពអាកាស របស់ស៊ីរី។

សារព័ត៌មាន Independentបានដកស្រង់ សេចក្តីប្រកាសពីទីបញ្ជាការកងទ័ពរុស្ស៊ី អុីរ៉ង់បញ្ជាក់ថា «អ្វីដែលអាមេរិកបានធ្វើ គឺជាសកម្មភាពបង្កសង្គ្រាមបានឆ្លងផុត បន្ទាត់ក្រហមហើយ។ នៅពេលនេះទៅ យើងនឹងតបតវិញដោយអាវុធចំពោះ សកម្មភាពឈ្លានពាន ឬដើរហួសព្រំដែន នោះ ចំណែកអាមេរិកក៏បានដឹងពីលទ្ធ ផលនៃការតបតរបស់យើងខ្ញុំដែរ»។

រុស្ស៊ី និងអុីរ៉ង់បានព្រមានថា នឹងវាយ បកវិញដោយហិង្សា ប្រសិនបើអាមេរិកបន្តឈ្លានពានស៊ីរីដោយការវាយប្រហារមែននោះ។

ប៉ុន្តែក្រុមអ្នកវិភាគបានលើកឡើងថា តើរុស្ស៊ី និងអុីរ៉ង់ បានត្រៀមលក្ខណធ្វើ សង្គ្រាមជាមួយអាមេរិកហើយឬនៅពេល ចង់វាយបកទៅលើអាមេរិកនោះ? ចំណែក អាមេរិក អ្វីគ្រប់យ៉ាងបានត្រៀមរួចរាល់ ហើយត្រៀមតាំងពីយូរណាស់មកហើយ ទើបអាមេរិកវាយប្រហារទៅលើស៊ីរីដូចជាបញ្ឈឺទៅលើប្រទេសទាំង២ផងដែរ។

ការវាយប្រហារទៅលើប្រទេសស៊ីរី បន្ទាប់ពីមានការវាយប្រហារដោយអាវុធ មីសម្លាប់ពលរដ្ឋជាង៨០ និងរបួសជាច្រើន នោះលោក ត្រាំ បានសម្រេចវាយប្រហារដោយមីស៊ីលទៅលើស៊ីរីតែម្តង ក្រោយ ពេលអាមេរិកចោទប្រកាន់លោក អាល់ អាសាដ ប្រើអាវុធគីមី។ ប្រធានាធិបតី រុស្ស៊ីលោក ពូទីន និងប្រធានាធិបតី អុីរ៉ង លោក រ៉ូហានី បានអំពាវនាវឲ្យបើកការ សើុបអង្កេត ដោយយុត្តិធម៌ទៅលើការវាយប្រហារដោយអាវុធគីមីនៅស៊ីរី។

ការវាយប្រហារខាងលើត្រូវបានក្រុម អ្នកឯកទេសលើកឡើងថា នេះមិនមែនជា រឿងចម្លែកនោះឡើយ សម្រាប់ប្រធានា ធិបតីអាមេរិកដែលមកពីគណបក្សសាធារណរដ្ឋ។ កាលពីលោក ប៊ូស ឡើងកាន់ តំណែងប្រធានាធិបតីបានតែប៉ុន្មានថ្ងៃ ប៉ុណ្ណោះ ក៏បានបញ្ជាបើកការវាយប្រហារទៅលើប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ មកអុីរ៉ាក់។ ពេលនេះគណបក្សសាធារ ណរដ្ឋឡើងកាន់អំណាចក្រោមការដឹកនាំ របស់លោក ត្រាំ ក៏បានវាយប្រហារទៅលើ ប្រទេស ស៊ីរី ក្រោយរយៈពេលកាន់តំណែង ប្រមាណ ១០០ថ្ងៃប៉ុណ្ណោះ។

ក្រុមអ្នកវិភាគបានលើកឡើងថា ការ ចរចារបស់អាមេរិក ក្រោមរដ្ឋកាលដឹកនាំ របស់គណបក្សប្រជាធិបតេយ្យរបស់អតីតប្រធានាធិបតី អូបាម៉ា បានបញ្ចប់ទៅហើយ អាមេរិកមិនមានអ្វីដែលត្រូវចរចាទៀតឡើយ។ ដូច្នេះគណបក្សសាធារណរដ្ឋ កានអំណាចមិនមានពេលវេលាសម្រាប់ ចរចាឡើយ ឲ្យតែធ្វើខុសនឹងរងការវាយ ប្រហារដូចស៊ីរីដែរ។

ការវាយប្រហារនោះក៏ជាការព្រមាន ដល់ប្រទេស អុីរ៉ង់ និងកូរ៉េខាងជើង និងក៏ ជាសារបង្ហាញឲ្យឃើញថា អាមេរិកពេលនេះមិននិយាយច្រើនទៀតឡើយពោលគឺមានតែអនុវត្តប៉ុណ្ណោះ៕ ម៉ែវ សាធី


ចែករំលែក៖