ព័ត៌មានទាន់ហេតុការណ៍៖

ឧទ្ធម្ភាគចក្រយោធាទួរគីទាក់ខ្សែភ្លើងទាហាន១៣នាក់ស្លាប់

ចែករំលែក៖

 

ទាហានទួរគី១៣នាក់នៅលើឧទ្ធម្ភាគចក្រ បានស្លាប់ ក្រោយពេលហោះហើរទាក់នឹងខ្សែភ្លើងនៅជិតព្រំដែនជាប់ប្រទេសអីរ៉ាក់ ។

ឧទ្ធម្ភាគចក្រយោធាប្រភេទ AS532 Cougar របស់កម្លាំងទាហានទួរគី បានហោះទាក់ខ្សែភ្លើងមានកម្លាំងភ្លើងខ្លាំងមុនពេលធ្លាក់ចុះដីស្ថិតនៅ ខេត្តSirnak។ ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើង ក្រោយពេល២នាទី ដែលឧទ្ធម្ភាគចក្រខាងលើហោះហើរចេញពីទីតាំងនៅតំបន់Senoba ។

ឧទ្ធម្ភាគចក្រ AS532 Cougar ដឹកមន្ត្រីយោធា១០រូប និងទាហាន ។ លទ្ធផលស្រាវជ្រាវ ជាបឋមបានបង្ហាញឲ្យឃើញថា គ្រោះថ្នាក់ខាងលើបណ្តាលឲ្យមន្ត្រី និងទាហាន១៣នាក់ស្លាប់ រួមទាំងអ្នកបើកបរផងដែរ។

ឧត្តមសេនីយ៍ HulusiAkarមេបញ្ជាការកងទ័ពទួរគី បានទៅកាន់កន្លែងគ្រោះថ្នាក់ឧទ្ធម្ភាគចក្រខាងលើ ដើម្បីត្រួតពិនិត្យស្ថានភាព។ មូលហេតុ ពិតប្រាកដបណ្តាលឲ្យ ឧទ្ធម្ភាគចក្រ ហោះទាក់ខ្សែភ្លើងកំពុងតែស្រាវជ្រាវបញ្ជាក់ឲ្យច្បាស់។

កាលពីខែមីនាកន្លងមក មនុស្ស៧នាក់ស្លាប់ ក្នុងនោះមានជនជាតិរុស្ស៊ី៤នាក់ ក្រោយពេលឧទ្ធម្ភាគចក្រមួយគ្រឿង ហោះបុកបង្កោល អង់ទែន ទូរទស្សន៍ មួយក្នុងទីក្រុង Istanbul ប្រទេសទួរគីផងដែរ។

បច្ចុប្បន្នកម្លាំងទាហានទួរគីកំពុងតែចូលរួមយ៉ាងសកម្មនៅក្នុងសង្គ្រាមវាយប្រហារ ទៅលើក្រុមជនជាតិឃឺត ស្ថិតនៅតំបន់ភ្នុំ ក្នុងខេត្តsirnakជាប់ព្រំដែនប្រទេសអីរ៉ាក់ និងស៊ីរី៕ ម៉ែវ សាធី


ចែករំលែក៖