ព័ត៌មានទាន់ហេតុការណ៍៖

ការវាយប្រហារភេរវកម្មនៅអឺរ៉ុបជាបន្តបន្ទាប់ជាលទ្ធផលនៃការមិនសាមគ្គីគ្នា

ចែករំលែក៖

ការវាយប្រហារភេរវកម្មនៅក្នុងប្រទេសតំបន់អឺរ៉ុបអាចនឹងបន្តទៀត ដោយសារតែក្រុមភេរវកម្មជាច្រើន បានចូលដល់អឺរ៉ុបរស់នៅដូចពលរដ្ឋធម្មតា ពិបាកក្នុងការទប់ស្កាត់ ។ មួយវិញទៀត ការវាយប្រហារតែងតែកើតឡើងតាមបែប «ចចកឯកោ» ដូចនៅក្នុងប្រទេសអង់គ្លេសពិបាកក្នុងការទប់ស្កាត់។

ក្រុមអ្នកឯកទេសបានលើកឡើងថា ការដែលភេរវកម្មវាយប្រហារនៅក្នុងតំបន់ ដែលមានសន្តិសុខតឹងតែង ដូចអឺរ៉ុបគឺដោយសារតែប្រទេសនៅក្នុងតំបន់អឺរ៉ុប មិនបានសាមគ្គីគ្នាល្អនៅក្នុងការប្រឆាំងក្រុមភេរវកម្ម។ ក្រោយការវាយប្រហារចំកណ្តាលបេះដូងទីក្រុងឡុង ប្រទេសអង់គ្លេស សំណួរបានចោទឡើងជាថ្មីទាក់ទងនឹងកិច្ចសហប្រតិបត្តិការរួមគ្នារបស់ អឺរ៉ុប នៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ អឺរ៉ុបបានបោះឆ្នោតអនុម័តច្បាប់មួយចំនួនដើម្បីពង្រឹងប្រឆាំងនឹង ការលាងលុយកខ្វក់ដែលជាប្រភពហិរញ្ញវត្ថុដ៏សំខាន់របស់បណ្តាញភេរវនិយម។

មានហើយ កិច្ចសហប្រតិបត្តិការរួមគ្នារបស់អឺរ៉ុបនៅក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម តែអាទិភាព និងសមត្ថភាពក្នុងបញ្ហានេះ នៅបន្តស្ថិតក្នុងកណ្តាប់ដៃរបស់ប្រទេស សមាជិកនីមួយៗជាធំ។ អ្នកជំនាញម្នាក់នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក បានពន្យល់បកស្រាយថា ដោយមូលហេតុអធិបតេយ្យ គេមិនអាចដាក់បញ្ចូលព័ត៌មានសម្ងាត់ទាំងអស់ទៅក្នុងក្របខ័ណ្ឌសហភាព បានទេ។ មានន័យថា ប្រទេសសមាជិកនីមួយៗរដោះដូរព័ត៌មានសម្ងាត់គ្នាទៅវិញទៅមក ដោយមិនចាំបាច់ឆ្លងកាត់តាមទីភ្នាក់ងាររួមរបស់អឺរ៉ុបឡើយ។

ដោយឡែកសហភាពអឺរ៉ុបមានយន្តការសម្របសម្រួលមួយចំនួន។ ឧទាហរណ៍ប្រព័ន្ធព័ត៌មានវិទ្យាលំហ Schengen បានអនុញ្ញាតឲ្យប្រទេសសមាជិកចែកចាយទិន្នន័យស្តីពីមនុស្សដែលកំពុង តាមចាប់ខ្លួន ឬមួយរថយន្តដែលកំពុងតាមរក។ ទីភ្នាក់ងារ Europol ជាអ្នកសម្របសម្រួលឲ្យមានការដោះដូរព័ត៌មានរវាងប៉ូលិសជាតិ។ បន្ទាប់មក អឺរ៉ុបមានអ្នកសម្របសម្រួលម្នាក់ទទួលបន្ទុកនៅក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំងនឹងភេរវនិយម និងមានទីភ្នាក់ងារទទួលបន្ទុកកិច្ចការព្រំដែនហៅថា Frontex។

បន្ទាប់មកទៀតអឺរ៉ុបមានបណ្តាញសម្រាប់អប់រំណែនាំ និងទប់ស្កាត់លើក្រុមមនុស្សដែលចង់ធ្វើជីហាដ និងចុងក្រោយអឺរ៉ុបមានបំពាក់ដោយម៉ាស៊ីនផ្ទុកទិន្នន័យរបស់អ្នកដំណើរផ្លូវអាកាស ដែលឆ្លងកាត់ក្នុងដែនដីអឺរ៉ុប។ តែទោះជាមានវិធានការទាំងនេះក្តី ក៏មានថ្នាក់ដឹកនាំអឺរ៉ុបខ្លះចង់ឲ្យមានការបង្កើតបន្ថែមនូវ ស្ថានប័នផ្សេងទៀត ដូចយ៉ាងស្ថាប័នស៊ើបការណ៍សម្ងាត់ដោយបង្កើតឲ្យមានកញ្ចប់ទិន្នន័យ អឺរ៉ុបតែមួយតាមគំរូរបស់ FBI នៅសហរដ្ឋអាមេរិក៕ ម៉ែវ សាធី


ចែករំលែក៖