សារព័ត៌មាន ABC7 របស់អាមេរិកបានផ្សាយថា យន្តហោះធុនតូច១គ្រឿងបានជួបគ្រោះថ្នាក់ធ្លាក់នៅរដ្ឋ Wisconsin ភាគខាងលិចប្រទេសនេះ បណ្តាលឲ្យអ្នកដំណើរ៦នាក់នៅលើយន្តហោះស្លាប់។
មន្ត្រីក្នុងតំបន់បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើងនៅវេលាម៉ោង៣ និង២១នាទី ថ្ងៃទី២ ខែកក្កដា ស្ថិតនៅជិតទីក្រុង Phillips រដ្ឋ Wisconsin។ បំណែកយន្តហោះត្រូវបានរកឃើញនៅជិតមហាវិថី១១១ ស្ថិតនៅក្នុងស្រុក Harmony។ ហេតុការណ៍គ្រោះថ្នាក់កើតឡើងពេលយន្តហោះចេញពីទីក្រុងជីការហ្គោទៅកាន់ប្រទេសកាណាដា។
តាមក្រុមអ្នកស្រាវជ្រាវមកពីគណកម្មធិការសន្តិសុខចរាចរណ៍ជាតិ NTSB បានបញ្ជាក់ថា អាកាសយានិកបើកបរយន្តហោះនោះបាននិយាយគ្នាជាមួយទីបញ្ជាការពីស្ថានភាពអាកាសធាតុនៅក្នុងតំបន់។ ក្រោយមកប្រព័ន្ធទំនាក់ទំនងនៅលើយន្តហោះ ក៏បាត់ទំនាក់ទំនងតែម្តង។
នៅពេលនេះក្រុមស្រាវជ្រាវកំពុងតែត្រួតពិនិត្យ ថាតើហេតុការគ្រោះថ្នាក់ខាងលើ បណ្តាលមកពីអាកាសធាតុ ឬយ៉ាងណា?៕ ម៉ែវ សាធី