ព័ត៌មានទាន់ហេតុការណ៍៖

អ.ស.ប កោះប្រជុំជាបន្ទាន់ក្រោយកូរ៉េខាងជើងសាកល្បងមីស៊ីលឆ្លងទ្វីប

ចែករំលែក៖

កាលពីថ្ងៃទី៥ ខែកក្កដា អាមេរិកបានស្នើរដល់អង្គការសហប្រជាជាតិកោះប្រជុំជាបន្ទាន់ក្រោយកូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលឆ្លងទ្វី ICBM។ តាមគម្រោងអង្គការសហប្រជាជាតិជួបប្រជុំគ្នាកាលពីវេលាម៉ោង៧ ថ្ងៃទី៥ ខែកក្កដា (ត្រូវនឹងម៉ោង២ព្រឹក ថ្ងៃទី៦ ខែកក្កដា ម៉ោងកម្ពុជា)។

ប្រតិកម្មទៅលើការសាកល្បងរបស់កូរ៉េខាងជើង អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានរិះគន់យ៉ាងខ្លាំងនៅសកម្មភាពសាកល្បងខាងលើ។ លោកបានបញ្ជាក់ទៀតថា ការសាកល្បងមីស៊ីលខាងលើរបស់កូរ៉េខាងជើងគឺជាការបំពានច្បាប់ដែលអង្គការសហប្រជាជាតិបានដាក់ចេញ បង្កឲ្យមានភាពតានតឹងកាន់តែខ្លាំង។

កាលពីព្រឹក ថ្ងៃទី៤ ខែកក្កដា កូរ៉េខាងជើងបានសាកល្បងមីស៊ីលឆ្លងទ្វីបដោយជោគជ័យក្រោយការត្រួតពិនិត្យដោយផ្ទាល់ពីមេដឹកនាំ គីម ជុងអ៊ុន។ ក្រោយការបាញ់សាកល្បង លោក គីម ជុងអ៊ុន បានបញ្ជាក់ថា មីស៊ីលនេះអាចបាញ់ទៅគ្រប់ទិសទីជុំវិញពិភពលោក។ សារព័ត៌មានកូរ៉េខាងជើងបានផ្សាយថា មីស៊ីលខាងលើអាចបំពាក់ក្បាលគ្រាប់បរមាណូ។

កន្លងមកកូរ៉េខាងជើងបានប្រកាសថា កាំជ្រួចមីស៊ីល Hwangsong -14 ហោះហើយបានកម្ពស់ ២.៨០២ម៉ែត្រ និងរយៈចម្ងាយ ៩៣៣គីឡូម៉ែត្រ ហើយវាយប្រហារចំគោលដៅនៅតំបន់សមុទ្រភាគខាងកើតក្នុងរយៈពេល៣៩នាទី។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson បានបញ្ជាក់ថា មីស៊ីលដែលកូរ៉េខាងជើងបានបាញ់សាកល្បងនោះគឺជាប្រភេទមីស៊ីលឆ្លងទ្វីប ICBM ។

រដ្ឋមន្ត្រីការបរទេសអាមេរិកបញ្ជាក់ទៀតថា សកម្មភាពរបស់កូរ៉េខាងជើងបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើង និងជាការគំរាមកំហែងដល់ទឹកដីអាមេរិក និងសម្ពន្ធមិត្តនៅក្នុងតំបន់ និងពិភពលោក។ លោកបន្តទៀតថា អាមេរិកមិនអាចទទួលយកកូរ៉េខាងជើងជាប្រទេសមានបរមាណូនោះឡើយក្នុងពេលជាមួយគ្នានោះក្រសួងការពារជាតិអាមេរិកបានប្រកាសថា បានត្រៀមលក្ខណការពារទឹកដីអាមេរិក និងសម្ពន្ធមិត្តប្រឆាំងរាល់ការគំរាមកំហែងពីកូរ៉េខាងជើង។ អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកលោក Dana White បានបញ្ជាក់ថា «យើងបានត្រៀមលក្ខណការពារខ្លួន និងការពារសម្ពន្ធមិត្ត ទប់ស្កាត់ការគំរាមកំហែងពីកូរ៉េខាងជើង។ ការសន្យារបស់អាមេរិកគឺការពារសម្ពន្ធមិត្ត ក្នុងនោះមានកូរ៉េខាងត្បូង និងជប៉ុនកំពុងស្ថិតនៅក្នុងការគំរាមកំហែងវាយប្រហារពីកូរ៉េខាងជើង»។

ចិន និងរុស្ស៊ី ក៏បានប្រតិកម្មទៅនឹងការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងផងដែរ។ ក្រសួងការបរទេសចិន និងរុស្ស៊ីបានចេញសេចក្តីប្រកាសរួមថា ចិន និងរុស្ស៊ីសហការគ្នា និងខិតខំអស់ពីសមត្ថភាពដោះស្រាយបញ្ចប់វិបត្តិនៅកូរ៉េខាងជើង ទាំងបញ្ហាបរមាណូអនុវត្តិសន្តិភាព និងស្ថេរភាពយូរអង្វែងនៅឧបទ្វីបកូរ៉េ។

ប្រទេសទាំង២ដែលជាសម្ពន្ធមិត្តយូរឆ្នាំរបស់កូរ៉េខាងជើងបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីស្ថានភាពនយោបាយ និងយោធានៅក្នុងតំបន់អាចជំរុញឲ្យក្លាយទៅជាសង្គ្រាមបង្ហូឈាមជាទ្រង់ទ្រាយធំ៕ ម៉ែវ សាធី

(ឆ្វេង) រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី និងលោករដ្ឋមន្ត្រីក្រសួងការបរទេសចិន

រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក


ចែករំលែក៖