ព័ត៌មានទាន់ហេតុការណ៍៖

សភាវេណេហ្ស៊ុយអេឡារងការវាយប្រហារធ្វើឲ្យតំណាងរាស្ត្រជាច្រើនរងរបួស

ចែករំលែក៖

តំណាងរាស្ត្រមកពីគណបក្សសម្ពន្ធសាមគ្គីប្រជាធិបតេយ្យ MUD ជាគណបក្សប្រឆាំង បានចោទប្រកាន់ក្រុមប្រដាប់អាវុធមានគ្នាប្រមាណ២០០នាក់ដែលបានវាយប្រហារទៅលើសភាបណ្តាលឲ្យតំណាងរាស្ត្រគណបក្សប្រឆាំង ៩នាក់រងរបួស។

តំណាងរាស្ត្រ Miguel Pizarro បានប្រកាសថា តំណាងរាស្ត្រជាច្រើនរងរបួស ក្រោយពេលក្រុមប្រដាប់អាវុធវាយប្រហារអគារដ្ឋសភានៅពេលដែលសភាកំពុងប្រារព្ធពិធីបុណ្យឯករាជ្យ២០៦ឆ្នាំ របស់វេណេហ្ស៊ុយអេឡា។

ក្រុមវាយប្រហារបានបិទមុខ ហើយបាញ់ទៅលើតំណាងរាស្រ្តគណបក្សប្រឆាំងជាច្រើនគ្រាប់ និងបាញ់ឧស្ម័នបង្ហូរទឹកភ្នែកចូលក្នុងសភា។ ក្រោយមកប៉ូលិសក៏បានចូលរួមបំបែកក្រុមដៃដល់ខាងលើ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មនុស្សជាច្រើនបានចេញពីសភា ក្រោយពេលជាប់គាំងនៅខាងក្នុងជាច្រើនម៉ោងដោយសារតែការវាយប្រហារ។ តាមការប្រកាសរបស់ប្រធានរដ្ឋសភាវេណេហ្ស៊ុយអេឡា លោក Julio Borges បញ្ជាក់ថា មានអ្នកនយោបាយ៣៥០នាក់នៅក្នុងសភា និងអ្នកសារព័ត៌មាន ភ្ញៀវអញ្ជើញជាច្រើនរូបត្រូវក្រុមបិទមុខឡោមព័ទ្ធជាប់គាំងនៅក្នុងសភា។

ក្រោយហេតុការណ៍វាយប្រហារសភា ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Nicolas Maduro បានថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពវាយប្រហារខាងលើ ហើយបានស្នើដល់ ក្រុមឯកទេសបើកការស្រាវជ្រាវពីករណីខាងលើ។

ប្រធានាធិបតី Nicolas Maduro បានបញ្ជាក់ថា លោកមានបំណងចង់ឲ្យវេណេហ្ស៊ុយអេឡា មានសន្តិសុខ ហើយលោកមិនអាចទទួលយកសកម្មភាពហិង្សាបែបនេះឡើយ។ លោកបានថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពហិង្សាទៅលើសភានេះ។

នៅក្នុងសេចក្តីប្រកាសអាមេរិក ក៏បានថ្កោលទោសយ៉ាងខ្លាំងដល់ការវាយប្រហារទៅលើសភាវេណេហ្ស៊ុយអេឡា ក្នុងពេលប្រារព្ធខួបឯករាជ្យជាតិនេះដែរ។ ក្នុងពេលជាមួយគ្នានេះ ក្រសួងការបរទេសរុស្ស៊ី ក៏បានប្រកាសថ្កោលទោសការជ្រៀតជ្រែករបស់បរទេសចូលកិច្ចការផ្ទៃក្នុងរបស់វេណេហ្ស៊ុយអេឡា។ រុស្ស៊ីបានអំពាវនាវដល់រដ្ឋាភិបាល និងគណបក្សប្រឆាំងជួបពិភាក្សាគ្នា បញ្ចប់វិបត្តិនយោបាយនាពេលបច្ចុប្បន្ន។

វេណេហ្ស៊ុយអេឡា កំពុងប្រឈមនឹងវិបត្តិនយោបាយជាទ្រង់ទ្រាយធំអូសបន្លាយរយៈពេលជាង៣ខែកន្លងមក បណ្តាលឲ្យមនុស្ស៩១នាក់ស្លាប់ និងជាង ១.៤០០នាក់រងរបួស៕ ម៉ែវ សាធី


ចែករំលែក៖