ព័ត៌មានទាន់ហេតុការណ៍៖

សង្គ្រាមលោកលើកទី៣ អាចនឹងកើតឡើងនៅក្នុងឆ្នាំនេះ?

ចែករំលែក៖

នៅក្នុងឆ្នាំ២០១៧នេះ មានការវាយប្រហារភេវកម្មជាច្រើនកើតឡើង និងភាពតានតឹងស្ទើរតែផ្ទុះសង្គ្រាម នៅតំបន់ជាច្រើន លើពិភពលោក ក្នុងនោះមានកូរ៉េខាងជើង ជាដើម។

តាមសារព័ត៌មាន The Sun របស់អង់គ្លេសបានផ្សាយថា តាមអ្នកឯកទេសយោធា និងប្រឆាំងក្រុមភេរវកម្ម បានវាយតម្លៃពីការគំរាមកំហែង បញ្ឆេះ ឲ្យមានសង្គ្រាម លោកលើកទី៣កើតឡើង នៅក្នុងឆ្នាំ២០១៧នេះ ។ ខាងក្រោមនេះជាការវាយតម្លៃរបស់ក្រុម អ្នកឯកទេស។

ហេតុអ្វីបានជាឆ្នាំ២០១៧មានភាពគ្រោះថ្នាក់?

ក្នុងរយៈពេលជាងកន្លះឆ្នាំ កន្លងមកនេះ ពិភពលោកប្រឈមនិងរឿងរ៉ាវប្រែប្រួលជាច្រើន ក្នុងនោះមានអង់គ្លេសចាកចេញពីអឺរ៉ុប។ សង្គ្រាមស៊ីវិលនៅក្នុងប្រទេសស៊ីរី និងការចេញបញ្ចាររបស់ប្រធានាធិបតីត្រាំបាញ់មីស៊ីលជាង៥០គ្រាប់ទៅលើទីតាំង ទ័ពអាកាសរបស់រដ្ឋាភីបាលលោកអាលអាសាដ។

នៅតំបន់មជ្ឈមបូព៌ា ក្រុម IS បានឈានដល់ដំណាក់កាលដួលរលំ ហើយក្រុមនេះបានស្នើរឲ្យបើកការវាយប្រហារតាមបែប «ចចកឯកា»នៅតាមប្រទេសជាច្រើនជុំវិញពិភពលោក ដែលបានចូលរួមនៅក្នុងសង្គ្រាមវាយប្រហារទៅលើក្រុម IS ។ នៅពេលនេះក្រុម IS ក៏បានបើកការវាយប្រហារដាច់ដោយឡែកនៅប្រទេសជាច្រើនជុំវិញពិភពលោក ក្នុងនោះមានការបង្កើតទីតាំង គ្រប់គ្រងថ្មីនៅ តំបន់អាស៊ាន ក្នុងប្រទេសហ្វីលីពីន។

នៅឧប្បទ្វីបកូរ៉េ គឺជាការ រីកចំរើនក្នុងវិស័យអាវុធមិនធ្លាប់មានពីមុនមក ក្នុងការផលិតកាំជ្រួចមីស៊ីលនិង បរមាណូ។កូរ៉េខាងជើង បានគំរាមកំហែង កម្ទេចទឹកដីអាមេរិក និងសម្ព័ន្ធមិត្ត នៅតំបន់អាស៊ី ក្នុងនោះមានជប៉ុននិងកូរ៉េខាងត្បូង។

ក្រុមអ្នកឯកទេសបានបញ្ចាក់ថា ស៊ីរី អ៊ុយក្រែន និង កូរ៉េខាងជើង ជាចំណុចអាចបង្ករឲ្យមានសង្គ្រាមលោក

កាលពីឆ្នាំ ២០១៦ ប្រធានាធិបតីរុស្ស៊ីលោកពូទីន បានសម្រេច ជ្រោតជ្រេកការពាររបបដឹកនាំរបស់លោកអាលអាសាដនៅក្នុងប្រទេសស៊ីរី ហើយរុស្ស៊ីគំរាមវាយបកអាមេរិក ប្រសិនបើអាមេរិក វាយប្រហារផ្ទួលរំលំរដ្ឋាភីបាលស៊ីរីនោះ។

បណ្ឌិត Alan Mendoza អគ្គនាយកអង្គការប្រឹក្សាសន្តិសុខ បានបញ្ចាក់ថារុស្ស៊ីបានបង្កើនការ បង្ហាញសាចដុំយោធានៅលើពិភពលោក ហើយទីក្រុងមូស្កូនៅតែបន្តសកម្មភាពបែបនេះជាបន្តទៀត។

ប៉ុន្មានឆ្នាំកន្លងមកនេះ រុស្ស៊ី មិនមានសកម្មភាពនៅក្រៅប្រទេសឡើយ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ រុស្ស៊ីមានសកម្មភាពយោធានៅក្រៅប្រទេសដោយជោគជ័យ ក្នុងនោះមាន ការលូកដៃចូលក្នុងវិបត្តិនៅប្រទេសអ៊ុយក្រែន ដោយលទ្ធផល រុស្ស៊ីបានតំបន់គ្រីមៀទៅគ្រប់គ្រង ដោយមិនបាច់ចំណាយកម្លាំង។នៅពេលនេះ ដែររុស្ស៊ីក៏បាន គាំទ្រតំបន់ភាគខាងកើតអ៊ុយក្រែន ក្នុងការបង្កើតរដ្ឋឯករាជ្យ ជាប្រទេស រុស្ស៊ីពង្រួមតូចនៅអ៊ុយក្រែន។

អ្នកនយោបាយអាមេរិកបានដឹងយ៉ាងច្បាស់ពីចេតនារបស់រុស្ស៊ី បើទុកឲ្យស្ថានភាពបែបនេះនៅតែបន្តនោះអាមេរិកនឹងត្រូវបាតបង់មហាអំណាចជាមិនខាន។ ទាំងនោះហើយបានជាអាមេរិកសម្រេចផ្តាល់ អាវុធទៅឲ្យប្រទេសអ៊ុយក្រែន ដើម្បីទប់ទលជាមួយរុស្ស៊ី។

ចំណែកនៅឧប្បទ្វីកូរ៉េវិញ កូរ៉េខាងជើងបានគំរាមកំហែងផ្ទាល់ដល់អាមេរិក ក្រោយពេលដែល កូរ៉េខាងជើង ទទួលបានជោគជ័យនៅក្នុងវិស័យផលិតអាវុធឆ្លងទ្វីបរបស់ខ្លួន។ មិនតែប៉ុណ្ណោះកូរ៉េខាងជើង បានផលិតគ្រាប់បែកបរមាណូ ពង្រួមតូចដោយជោគជ័យ អាច បំពាក់ទៅលើក្បាលគ្រាប់បរមាណូវាយប្រហារនៅគ្រប់ទិសទីក្នុងទឹកដីអាមេរិក។

លោក Thae Yong Ho អ្នកឯកទេសវិភាគបានលើកឡើងថា នៅពេលណា លោកគីមជុងអ៊ុននៅតែកាន់អំណាចនោះ កូរ៉េខាងជើងនិមិនបោះបង់កម្មវិធីបរាមាណូឡើយ បើទោះបី យកប្រាក់រាប់ពាន់ ពាន់លានដុល្លារក្តី។ មេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុនធ្លាប់បានប្រកាសថា បរមាណូ គឺជាអត្តសញ្ញាណជាតិ មានបរមាណូគឺមានកូរ៉េខាងជើង បោះបង់បរមាណូ គឺកូរ៉េខាងជើងត្រូវរលាយ។

នៅពេលនេះលោកត្រាំបាន ឡើងគម្រោង ដោះស្រាយបញ្ហាកូរ៉េខាងជើង ប៉ុន្តែមិនដឹងថា ត្រូវដោះស្រាយដោយវិធីសាស្ត្រណានោះឡើយ។ បើអាមេរិកចង់បញ្ចប់កម្មវិធីមីស៊ីល និងបរមាណូកូរ៉េខាងជើង មានតែ វិធីមួយគត់គឺវាយប្រហារដោយយោធា ។

កូរ៉េខាងជើង ខុសពីស៊ីរី មិនអាចទុកឲ្យអាមេរិកវាយប្រហារ ដោយមីស៊ីពីគ្រាប់ទី១ដល់ទី៥០ជាង តែមិនមានសកម្មភាពតបតឡើយ ។ ចំណែកកូរ៉េខាងជើងវិញធ្លាប់បានប្រកាសថា បើអាមេរិកវាយប្រហារតែមួយគ្រាប់ប៉ុណ្ណោះ កូរ៉េខាងជើងនិងកម្ទេចអាមេរិកនិងសម្ព័ន្ធមិត្តនៅក្នុងតំបន់។ ចំណុចទាំងនោះហើយបានបង្ករក្តីបារម្ភយ៉ាងខ្លាំង ខ្លាច អាមេរិកនិងកូរ៉េខាងជើងផ្ទុះសង្គ្រាម ក្លាយជាសង្គ្រាមលោកកើតឡើង៕ ម៉ែវ សាធី


ចែករំលែក៖