ប្រទេសកាតារដែលមានតំបន់នៅ មជ្ឈិមបូព៌ាគ្រោងសាងសង់ពហុកីឡដ្ឋានសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (World Cup) ដែលប្រទេសនេះនឹងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២២ មានរាងដូចជាមួកជនជាតិអារ៉ាប់គឺរាងមូលពណ៌ស ។
ប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ ក្នុងប្រទេស កាតារ (Qatar)លោក Hassan al-Thawadi បានឲ្យដឹងថា គម្រោងសាងសង់មួយនេះ ធ្វើឡើងដើម្បីបង្ហាញពីការរួបរួមគ្នានៃជនជាតិអារ៉ាប់ និងអ្នកកាន់សាសនាអ៊ិស្លាម ហើយវាក៏ជារូបភាពមួយដែលបញ្ជាក់ពីការអបអរសាទរចំពោះព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក World Cup លើកដំបូងបង្អស់ផងដែរ ដែលនឹងធ្វើឡើងនៅក្នុងតំបន់មជ្ឈិមបូព៌ា។
ស្តាតដែលគ្រោងសាងសង់នេះមានឈ្មោះថា Al Thumama បំពាក់ពោរពេញទៅដោយម៉ាស៊ីនត្រជាក់ ស្ថិតក្នុងទីក្រុង Doha ប្រទេសកាតារ ដែលអាចឲ្យអ្នកចូលទស្សនាបានរហូតដល់ទៅ៤០.០០០នាក់សម្រាប់វគ្គ៤ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ World Cup ក្នុងឆ្នាំ២០២២ ខាងមុខ។
សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ពិភពលោក (World Cup) ប្រព្រឹត្តទៅរៀងរាល់៤ឆ្នាំម្ដង ។ក្នុងឆ្នាំ២០១៨ ប្រទេសរុស្ស៊ីនឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ដ៏ធំក្នុងពិភពបាល់ទាត់មួយនេះ។ ចំណែកឯប្រទេសកាតារ នឹងបន្តតំណែងនេះក្នុងឆ្នាំ២០២២។ សព្វថ្ងៃប្រទេសអាល្លឺម៉ង់ជាម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់ពិភពលោកនេះបន្ទាប់ពីយកឈ្នះប្រទេសអាហ្សង់ទីនលើទឹកដីប្រេស៊ីលជាម្ចាស់ផ្ទះកាលពីឆ្នាំ២០១៤៕ ដេវីត