ព័ត៌មានទាន់ហេតុការណ៍៖

អាល្លឺម៉ង់ដកមាសរក្សានៅបារំាង៣៧០តោនវិលត្រឡប់ទៅស្រុកវិញ

ចែករំលែក៖

ធនាគារជាតិអាល្លឺម៉ង់ Bundesbank កាលពីថ្ងៃទី២៣ ខែសីហា បានប្រកាសថា បានបញ្ជូនរួចរាល់នូវមាសដែលរក្សាទុកនៅក្នុងប្រទេសបារាំងនាសម័យសង្គ្រាមត្រជាក់ ទៅរក្សាទុកនៅក្នុងប្រទេសអាល្លឺ ម៉ង់វិញ។ ការរៀបចំបញ្ជូនមាសទាំងនោះ ធ្វើឡើង លឿនជាងគម្រោងដល់ទៅ៣ឆ្នាំ។

ការប្រកាសរបស់ធនាគារជាតិ Bundesbank បានធ្វើឡើងក្នុងពេលដែលមាស ១០០តោនចុងក្រោយបានបញ្ជូនពីទីក្រុងប៉ារីសទៅកាន់អាល្លឺម៉ង់។ ការដឹកជញ្ជូន និងការរៀបចំឯកសារបានលឿនជាងការគ្រោងទុកសម្រាប់យកមាស៣៧៤តោន ពីទីក្រុងប៉ារីស និង៣០០តោនពីទីក្រុងញូវយ៉កទៅកាន់ប្រទេសអាល្លឺម៉ង់ឲ្យអស់មុនឆ្នាំ២០២០។ ប៉ុន្តែនៅក្នុងឆ្នាំ២០១៦ មាសជាង ២១៦តោនបានបញ្ជូនដល់ ឃ្លាំងរក្សាទុកនៅទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់ ក្នុងនោះមាន១១១តោន បញ្ជូនមកពីញូវយ៉ក និង១០៥តោន បញ្ជូនពីទីក្រុងប៉ារីស។

កាលពីឆ្នាំ២០១៣ មាសមានប្រមាណ ៣១ភាគរយប៉ុណ្ណោះ រក្សាទុកនៅក្នុងឃ្លាំង ប្រទេសអាល្លឺម៉ង់ ស្មើ១.០៣៦តោន។ ធនាគារជាតិ Bundesbank បានប្រកាសថាយ៉ាងយូរបំផុតគឺនៅឆ្នាំ២០២០ មាស ចំនួនពាក់កណ្តាល របស់អាលឺ្លម៉ង់ដែល រក្សានៅក្រៅប្រទេសនឹងបញ្ជូនដល់ទីក្រុងហ្វ្រាំងហ្វឺត ស្មើ៣.៣៨៧តោន។

ជាមួយនឹងចំនួនមាសយ៉ាងច្រើនបែប នេះ អាល្លឺម៉ង់ក្លាយទៅជាប្រទេសដែល រក្សាទុកមាសធំលំដាប់ទី២លើពិភពលោក ជាមួយដុំមាសរហូតដល់ទៅ ២៧៩.០០០ ដុំ មានតម្លៃ១២០ពាន់លានអឺរ៉ូ។ បច្ចុប្បន្នមាសអាល្លឺម៉ង់រក្សាទុកនៅក្នុងឃ្លាំង អាមេរិក ក្នុងទីក្រុងញូវយ៉ក មាន ១.២៣៦ តោន។ នៅក្នុងធនាគារជាតិអង់គ្លេស មាន ៤៣២តោន និងនៅហ្វ្រាំងហ្វឺត មាន ១.៧១០តោន។ នៅក្នុងសម័យសង្គ្រាម ត្រជាក់ អាល្លឺម៉ង់បានលាក់ទុកមាសភាគច្រើននៅក្រៅប្រទេស ដូចជាទីក្រុងឡុង ទីក្រុងប៉ារីស និងទីក្រុងញូវយ៉កអាមេរិក។ ចាប់តាំងពីឆ្នាំ២០១៣ មកទល់ពេលនេះ អាល្លឺម៉ង់បានសម្រេចបញ្ជូនមាសទាំងនោះវិលត្រឡប់ទៅស្រុកវិញ៕ ម៉ែវ សាធី


ចែករំលែក៖