ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងបន្តបាញ់សាកល្បងមីស៊ីលជាច្រើនគ្រាប់ចេញទៅសមុទ្រ

ចែករំលែក៖

កម្លាំងទាហានកូរ៉េខាងត្បូងបានប្រកាសឲ្យដឹងថា នៅព្រឹកថ្ងៃទី២៦ ខែសីហានេះ កូរ៉េខាងជើងបានបាញ់មិស៊ីលរយៈចម្ងាយខ្លីជាច្រើនគ្រាប់ ដោយបាញ់ចេញពីខេត្ត Kangwon ទៅកាន់សមុទ្រ ភាគខាងកើត។

គណៈកម្មាធិការយោធាកូរ៉េខាងត្បូង JCS បានបញ្ជាក់ថា កាំជ្រួចមីស៊ីលទាំងនោះ ហោះបានប្រមាណ២៥០គីឡូម៉ែត្រ ក៏ធ្លាក់ចូលសមុទ្រ ។ តាមការបញ្ជាក់របស់ JCS សកម្មភាពខាងលើរបស់កូរ៉េខាងជើង ត្រូវបានរាយការណ៍ភ្លាមៗទៅកាន់ប្រធានាធិបតី ម៉ូនជេ អីន។

សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង បានផ្សាយថា កូរ៉េខាងជើង អាច បាញ់មីស៊ីល ក្នុងពេលដ៏ខ្លី តែមិនបានបញ្ជាក់ពីប្រភពច្បាស់លាសនោះឡើយ។ ក្រុមចារកម្មកូរ៉េខាងត្បូង និងអាមេរិកបានបញ្ជាក់ថា ពេលនេះកំពុងតែវិភាគ ដើម្បីបញ្ជាក់ឲ្យបានច្បាស់ពីប្រភេទកាំជ្រួចមីស៊ីលដែលទើបតែបានបាញ់។

កូរ៉េខាងជើង មានគម្រោងបាញ់មីស៊ីល ជាច្រើន ដើម្បីតបតនឹង ការធ្វើសមយុទ្ធរបស់អាមេរិកនិងកូរ៉េខាងត្បូង ដែលជាសកម្មភាពត្រូវបានទីក្រុងព្យុងយ៉ាងចាត់ទុកថាប៉ុនប៉ងឈ្លានពានទឹកដីកូរ៉េខាងជើង។ កូរ៉េខាងជើង បានប្រកាសថ្កោលទោសថា ការធ្វើសមយុទ្ធយោធានេះ គឺវាមិនខុស ពីយកសាំងមកជះលើភ្លើងឡើយ។ កូរ៉េខាងជើង តែងតែចាត់ទុកការធ្វើសមយុទ្ធយោធានេះថា ជាការហាត់សម ដើម្បីចូលទៅវាយឈ្លានពាន ផ្តួលរំលំរបបដឹកនាំខ្លួន។ កូរ៉េខាងជើង បានគំរាមមកវិញថា សង្រ្គាមនុយក្លេអ៊ែរ អាចកើតឡើង ឬអត់ គឺវាអាស្រ័យថាតើ សហរដ្ឋអាមេរិក មានចិត្តសឿងគំរិតណា។

សមយុទ្ធដែលមានឈ្មោះថា Ulchi Freedom Guardian (UFG) តែងតែធ្វើឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៧៦មក ដើម្បីហាត់សម និងត្រៀមការពារ ដែនដីកូរ៉េខាងត្បូង ក្នុងករណីដែលមានការវាយប្រហារ ពីសំណាក់កូរ៉េខាងជើង។ ប៉ុន្តែសម្រាប់របបផ្តាច់ការកូរ៉េខាងជើងវិញ ការធ្វើសមយុទ្ធយោធារវាងអាមេរិក និងកូរ៉េខាងត្បូងនេះ គឺមិនខុសពីការហាត់សមដើម្បីចូលទៅផ្តួលរំលំរបបខ្លួនឡើយ។

កូរ៉េខាងជើង បានប្រកាស តាមរយៈបណ្តាញព័ត៌មានតែមួយគត់របស់ខ្លួនថា ការធ្វើសមយុទ្ធយោធានៅថ្ងៃស្អែកនេះ គឺជាការបង្កបញ្ហា ឲ្យកាន់តែធំ ប្រៀបបាននឹងការយកសាំងមកជះលើភ្លើង។ សារព័ត៌មាន RodongSinmun បន្ថែមទៀតថា ការបន្តធ្វើការហាត់សមវាយប្រហារម្តងហើយម្តងទៀត នៅក្បែរព្រំដែនកូរ៉េខាងជើង គឺជាការគំរាមដល់កូរ៉េខាងជើងដោយស្រស់ៗ។ កាសែតកូរ៉េខាងជើងនេះ បានបន្តថា អ្វីៗគឺវាអាស្រ័យលើអាកប្បកិរិយារបស់អាមេរិក។ បើអាមេរិក គិតថា ខ្លួននឹងមិនមានគ្រោះថ្នាក់អ្វី ដោយសារតែខ្លួននៅឆ្ងាយពីកូរ៉េខាងជើងនោះ វាគឺជាការយល់ច្រឡំទាំងស្រុងហើយ៕ ម៉ែវ សាធី


ចែករំលែក៖