ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិករងការខាតបង់យ៉ាងច្រើនដោយសារគ្រោះធម្មជាតិ

ចែករំលែក៖

ក្នុងរយៈពេលមិនដល់មួយខែផងអាមេរិក រងការវាយប្រហារដោយព្យុះសង្ឃរា ដល់ទៅ២លើក គឺព្យុះ Harvey និងព្យុះ Irma បានបំផ្លាញទ្រព្យសម្បត្តិ និងអាយុជីវិតមនុស្សជាច្រើន។ នេះជាការ ប្រឈមមុខយ៉ាងធំធេងរបស់ប្រធានាធិបតី ត្រាំ ដែលតែងតែរិះគន់ដល់ការដោះស្រាយវិបត្តិគ្រោះធម្មជាតិរបស់ប្រធានាធិបតីមុន។ កន្លងមក លោក ត្រាំ ក៏បានអនុម័តចំណាយថវិកាជាតិជាបន្ទាន់ជួយដល់ពលរដ្ឋរងគ្រោះផងដែរ។

តាមការវាយតម្លៃរបស់ក្រុមអ្នកឯកទេស ព្យុះទាំង២ខាងលើ អាចធ្វើឲ្យអាមេរិក ត្រូវខាតបង់ គិតជាទឹកប្រាក់យ៉ាងតិចជិត៣០០ពាន់លានដុល្លារ។ យោងតាមសារព័ត៌មាន ABC News ចេញផ្សាយនៅយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ បានឲ្យដឹងថា ព្យុះ Hurvey ដែលបានវាយប្រហារទីក្រុងហូស្តុន បង្កឲ្យភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់កាលពីខែមុននោះ ត្រូវបានគេប៉ាន់ស្មានថា ជាគ្រោះមហន្តរាយអាកាសធាតុមួយ ក្នុងចំណោមគ្រោះមហន្តរាយអាកាសធាតុ ដែលចំណាយច្រើនបំផុត ក្នុងប្រវតិ្តសាស្ត្រអាមេរិក។ ចំណែកព្យុះសង្ឃរា Irma ត្រូវបានគេរំពឹងថា នឹងធ្វើឱ្យខូចខាតបំបែកកំណត់ត្រា មុនៗផងដែរ។ នេះបើតាមលោក Joel Myers ប្រធានក្រុមហ៊ុន AccuWeather បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យ។

លោក Myers បាននិយាយថា “យើងជឿជាក់ថាការខូចខាត ដែលប៉ាន់ស្មានពី Irma មានប្រហែល១០០ពាន់លានដុល្លារ ក្នុងចំណោមព្យុះសង្ឃរាផ្សេងទៀត ដែលវាយប្រហារធ្វើឲ្យខាតបង់ច្រើនជាងគេបំផុត នៅអាមេរិក ដែលសរុបទៅស្មើនឹង ០,៥ភាគរយ នៃផលិតផលក្នុងស្រុកសរុបចំនួន១៩ពាន់ពាន់លានដុល្លារ។ យើងបានប៉ាន់ស្មានថាព្យុះ Harvey គឺជាមហន្តរាយអាកាសធាតុ ដែលចំណាយច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិកចំនួន១៩០ពាន់លានដុល្លារ”។

លោក Myers បន្ថែមថា ការចំណាយលើសេដ្ឋកិច្ច រួមមានការរំខានដល់អាជីវកម្មការ, ការកើនឡើងអត្រាគ្មានការងារធ្វើ, ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ, ការខាតបង់ដំណាំ, ការខូចខាតទ្រព្យសម្បត្តិ និងតម្លៃប្រេងខ្ពស់។

សូមជម្រាបផងដែរថា មនុស្ស៥នាក់បានស្លាប់ដោយសារតែព្យុះ នៅរដ្ឋ ផ្លរីដា ក្នុងនោះមានទាំងអនុប្រធានប៉ូលិស ក្នុងតំបន់ម្នាក់ផងដែរ ខណៈដែលព្យុះ Irma តម្រង់ទៅកាន់រដ្ឋ Sunshine ជាមួយនឹងល្បឿនខ្យល់១៤២ម៉ាយក្នុងមួយម៉ោង និងយ៉ាងហោចណាស់២៧នាក់ ស្លាប់នៅ Caribbean។

ព្យុះ Irma ក៏ធ្វើឲ្យប្រជាជនច្រើនជាង៤លាននាក់ រស់នៅដោយគ្មានអគ្គិសនី នៅរដ្ឋផ្លរីដា គិតត្រឹមថ្ងៃចន្ទ និងទីក្រុងផ្សេងទៀត ដាក់ចេញនូវបម្រាមគោចរ។ បើតាមប៉ូលិសក្រុង Miami-Dade បានឲ្យដឹងថា នៅថ្ងៃចន្ទនេះប៉ូលិសបានចាប់ខ្លួនមនុស្ស២៨នាក់ ពាក់ព័ន្ធនឹងការលួច និងគាស់ផ្ទះ អំឡុងពេលព្យុះកើតឡើង៕ មែវ សាធី


ចែករំលែក៖