សារព័ត៌មាន AFP បានផ្សាយថា នៅក្នុងការស្ទង់មតិរបស់មហាវិទ្យាល័យ Quinnipiac បានប្រកាសកាលពីថ្ងៃទី២៧ ខែកញ្ញាថា ពលរដ្ឋអាមេរិកដល់ទៅ៥៦ភាគរយយល់ថា លោក ត្រាំ មិនសមមានឋានៈជាប្រធានាធិបតីអាមេរិកឡើយ ហើយក្នុងពេលនោះមានពលរដ្ឋអាមេរិកតែ៤២ភាគរយប៉ុណ្ណោះគាំទ្រ។
ចំនួនអ្នកគាំទ្រនិងមិនគាំទ្រលោក ត្រាំ កាន់តែកើនឡើងនៅអាមេរិកដោយសារតែគោលនយោបាយដឹកនាំរបស់លោក មិនបាននាំមកនូវផលប្រយោជន៍ដល់ពលរដ្ឋអាមេរិកនោះឡើយ ក្នុងនោះមានគោលនយោបាយជនភៀសខ្លួនជាដើម។
នៅក្នុងចំណោមពលរដ្ឋដែលបានស្ទង់មតិ គឺមានដល់ទៅ៥៧ភាគរយ មិនពេញចិត្តនឹងអ្វីដែលលោក ត្រាំ កំពុងតែធ្វើក្នុងតំណែងជាប្រធានាធិបតី ក្នុងនោះមានតែ៣៦ភាគរយប៉ុណ្ណោះគាំទ្រ។ ជាមួយនឹងការមិនគាំទ្រភាគច្រើនបែបនេះធ្វើឲ្យលោក ត្រាំ ជួបផលលំបាកជាច្រើននៅក្នុងការដឹកនាំរបស់លោក។
ពលរដ្ឋអាមេរិកបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះនយោបាយដឹកនាំបែបអាត្មានិយមរបស់លោក ត្រាំ ដែលអាចធ្វើឲ្យអាមេរិកស្ថិតនៅឯកោ ក្នុងនោះមានគោលនយោបាយដាក់ទណ្ឌកម្ម និងការហាមប្រាមពលរដ្ឋនៅក្នុងប្រទេសជាច្រើនចូលទៅកាន់អាមេរិក។
តាំងពីឡើងកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិករហូតមកទល់ពេលនេះ លោក ត្រាំ មិនដែលទទួលបានការគាំទ្រលើសពី៥០ភាគរយនោះឡើយ មិនតែប៉ុណ្ណោះ ពលរដ្ឋអាមេរិកជាច្រើន បានធ្វើបាតុកម្មប្រឆាំងនឹងលោក ជាបន្តបន្ទាប់ ទាំងក្នុង និងក្រៅប្រទេស៕ ម៉ែវ សាធី