ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ លោកឌុយទែរតេ ប្រឈមនឹងការចោទប្រកាន់ជាច្រើនពីគណបក្សប្រឆាំងនិងសហគមន៍អន្តរជាតិ

ចែករំលែក៖

ការសម្លាប់មនុស្សយ៉ាងច្រើនក្រោមការដឹកនាំរបស់លោកឌុយទែរតេ ក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនធ្វើឲ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងខ្លាំង ។ ប៉ុន្តែការ សម្លាប់ មនុស្សពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន មិនបានធ្វើឲ្យចរាចណ៍គ្រឿងញៀន ថយចុះនោះឡើយ ស្លាប់តែមនុស្ស គ្រឿង ញៀននៅរស់ដដែល។

កន្លងមកលោក Cesar Gaviria អតីត ប្រធានាធិបតីកូឡុំប៊ី បាននិយាយនៅក្នុង កាសែតNew York Time ថា “គេមិនអាចប្រយុទ្ធយកឈ្នះនឹងគ្រឿងញៀន តាម រយៈការសម្លាប់អ្នកញៀនថ្នាំ និងអ្នកជួញ ដូរតូចតាចនោះទេ!”។ លោកបន្តថា លោកសង្ឃឹមថា លោកប្រធានាធិបតីហ្វុីលី ពីន នឹងមិនធ្វើរឿងអកុសលដោយយល់ ច្រឡំបែបនេះទេ។ ឆ្លើយតបនឹងសម្តីនេះ លោក ឌុយទែរតេ បានចាត់ទុកលោក អតីតប្រធានាធិបតី កូឡុំប៊ីថាជាមនុស្ស ភ្លីភ្លើ។

បុរសម្នាក់ជាអ្នកញៀនថ្នាំគ្រាប់ ប្រភេទ មេតំហ្វេតាមីន បានឆ្លើយប្រាប់សារព័ត៌ មានថា រាល់ថ្ងៃនេះ គាត់អាចរកទិញថ្នាំញៀនបានស្រួលដូចមុនដដែល។ បុរស ម្នាក់នេះបន្តថា តម្លៃថ្នាំ គ្រាន់តែបានឡើង ថ្លៃបន្តិច ក្រោយពីនគរបាល ចាប់ផ្តើម ចេញប្រតិបត្តិការបាញ់សម្លាប់។ ក៏ប៉ុន្តែ ចាប់ពីខែតុលា ឆ្នាំ២០១៦មក ថ្នាំមេតំហ្វេ តាមីន បានហូរចូលមកពេញទីផ្សារវិញ ដដែល។ បុរសម្នាក់នេះលើកឡើងថា ទោះនគរបាលសម្លាប់ឬមិនសម្លាប់ ក៏មិន អាចឃាត់អ្នកញៀនថ្នាំ មិនឲ្យស្វែងរក ទិញថ្នាំបានដែរ។ ជាងនេះទៅទៀត មេជួញដូរធំៗ និងអ្នកផលិតថ្នាំ នៅតែ ធ្វើសកម្មភាពដដែល។

សកម្មភាពរបស់លោកឌុយទែរតេ នៅ តែមានការគាំទ្រ និង មានប្រជាប្រិយ ភាពខ្ពស់ដដែល សម្រាប់ប្រជាជនហ្វុីលី ពីនទូទៅ។ យោងតាមការធ្វើស្ថិតិ នៅ រវាងខែមីនា ប្រជាជនហ្វុីលីពីនប្រមាណ ៧៥% បានឆ្លើយថា ពេញចិត្តនឹងការដឹកនាំរបស់លោកឌុយទែរតេ។

ប្រជាប្រិយភាពនេះ បានកើនឡើងមួយ កម្រិតទៀត បន្ទាប់ពីលោកឌុយទែរតេ បានប្រកាសប្រើច្បាប់អាជ្ញាសឹក ដើម្បីបោសសម្អាតជង្រុកក្រុមជីហាដអង្គការរដ្ឋអ៊ិស្លាម នៅភាគខាងត្បូងហ្វីលីពីន ក្នុងប្រជុំកោះ ម៉ាន់ដាណាវ។ ប្រតិបត្តិការប្រយុទ្ធ ដែល បានចាប់ផ្តើមពីថ្ងៃទី ២៣ ឧសភា មកបានសម្លាប់មនុស្សប្រមាណជាង៤០០នាក់។ តែយ៉ាងណា តំបន់ម៉ាន់ដាណាវ និងជា ពិសេស ក្រុងម៉ារ៉ាវី នៅតែស្ថិតក្នុងកណ្តាប់ដៃរបស់ក្រុមជីហាដអ៊ិស្លាមដដែល ហើយ ជ័យជម្នះ របស់អាជ្ញាធរហ្វុីលីពីន ហាក់ នៅឆ្ងាយនៅឡើយ។

ក្រុមអ្នកវិភាគបានលើកឡើងថា ការ គាំទ្រ ពីពលរដ្ឋ ទៅលើរដ្ឋាភិបាល លោក ឌុយទែរតេ នឹងធ្លាក់ចុះ ក្រោយពេល គេ បានរកឃើញនៅកំហុសជាច្រើន ក្រោម ការដឹកនាំរបស់លោក ក្នុងនោះមានការ ជួញដូរគ្រឿងញៀននូវតែដដែល ក្រុមភេរ វកម្ម ក៏មិនអាច កម្ចាត់បាន ហើយលោកជាប់ពាក់ព័ន្ធនឹងអំពើពុករលួយទៀត។

កន្លងមកលោក ឌុយទែរតេ ប្រធានា ធិបតីហ្វុីលីពីន ដែលកំពុងតែជាប់បណ្តឹង មួយ ស្តីពីអំពើពុករលួយ កិបកេងប្រាក់ រដ្ឋនោះ បានប្រកាសឲ្យដឹងថា លោកនឹង មិនសហការ ជាមួយមន្ត្រីរបស់ការិយាល័យប្រឆាំងអំពើពុករលួយ ដែលស៊ើបអង្កេត ក្នុងសំណុំរឿងនេះទេ។ គួរកត់សម្គាល់ថា ការប្រកាសនេះ គឺវាផ្ទុយស្រឡះទាំងស្រុង ពីអ្វីដែល អ្នកនាំពាក្យលោកប្រធានាធិបតី បានអះអាង កាលពីសប្តាហ៍មុន ថា លោក ឌុយទែរតេ នឹងសហការ ហើយជឿទុកចិត្ត លើឯករាជ្យភាព របស់ការិយាល័យប្រឆាំងអំពើពុករលួយនេះ។

កាលពីសប្តាហ៍មុននេះ ការិយាល័យប្រឆាំងអំពើពុករលួយហ្វីលីពីនបាន ប្រកាសឲ្យដឹងថា គេកំពុងតែបើកការស៊ើបអង្កេតលើសំណុំរឿងពុករលួយ ទាក់ទិន នឹងទឹកប្រាក់រាប់លានដុល្លារអាមេរិក នៅ ក្នុងគណនីធនាគារ របស់លោកប្រធានា ធិបតីឌុយទែរតេ។ យោងតាមការចោទ ប្រកាន់ លោកឌុយទែរតេ មិនបានប្រកាស ពន្ធ និងមិនបានបញ្ជាក់ប្រភព ថាប្រាក់នេះ បានមកពីណាទេ។

ស្រាប់តែនៅល្ងាចថ្ងៃសៅរ៍ ទី៣០ កញ្ញា លោកឌុយទែរតេ បានឆ្លើយទៅកាន់ ការិយាល័យនេះថា លោកនឹងមិនសហការ ក្នុងការស៊ើបអង្កេតនេះទេ។ នៅក្នុងសម្ដីដែលសម្បូរទៅដោយពាក្យដៀល ដ៏ គ្រោតគ្រាត លោកឌុយទែរតេ បាននិយាយ ថា ការិយាល័យប្រឆាំងអំពើពុករលួយនេះ គឺជាការិយាល័យភ្លីភ្លើ គ្មានបានការ ហើយលោកមិនស្ថិតនៅក្រោមអំណាច នៃការិយាល័យនេះទេ។ លោកប្រធានា ធិបតីមាត់ឆៅរូបនេះ បាននិយាយបន្ត ក្នុងន័យបញ្ចើចបញ្ចើថា ប្រធានការិយា ល័យនេះ គឺជាមនុស្សកុហក បោកប្រាស់ និងបានប្រឌិតភស្តុតាងយកមកសំអាង ដើម្បីបង្កាច់បង្ខូចរូបលោក។

ឆ្លើយតបទៅនឹងការចោទប្រកាន់ ទាក់ទិននឹងទឹកប្រាក់រាប់លានដុល្លារក្នុងគណនីធនាគារ លោក ឌុយទែរតេ បានអះអាង ថា គ្រួសារលោក មានទ្រព្យសម្បត្តិអចលនៈទ្រព្យខ្លះ ហើយនឹងមានជំនួញរោងចក្រធ្វើ ការ៉េម និងធ្វើស្ករគ្រាប់។ បូករួមផ្សំទាំង ប្រាក់ដែលលោកបានខិតខំសន្សំផងនោះ គឺសរុបទាំងអស់ មានប្រមាណតែ ៤០ លានប៉េសូ ពោលគឺមិនស្មើនឹង ៨សែន ដុល្លារអាមេរិក ផងទេ។

សូមរំលឹកថា ពាក្យបណ្តឹងរឿងពុក រលួយ លើរូបលោក ឌុយទែរតេនេះ គឺលោក Antonio Trillanes ជាអ្នកផ្តួចផ្តើមឡើង កាលពីអំឡុងពេលឃោសនាបោះឆ្នោត ប្រធានាធិបតីហ្វុីលីពីន។ លោកម្នាក់នេះ ជាសមាជិកព្រឹទ្ធសភា និងជាអ្នកប្រឆាំងរិះ គន់ដ៏ខ្លាំង ក្លាមួយរូប ទៅលើរូបលោក ឌុយទែរតេ។ យោងតាមដើមបណ្តឹងរូបនេះ លោក ឌុយទែរតេ បានបង្វែរកិបកេង ប្រាក់របស់រដ្ឋ រាប់លានដុល្លារ ក្នុងអំឡុង ពេល ដែលលោកនៅធ្វើជាអភិបាលក្រុង ដាវ៉ោ ភាគខាងត្បូងហ្វុីលីពីន។

គួរកត់សម្គាល់ដែរថា ការដែលលោក ឌុយទែរតេ ប្រកាសមិនព្រមសហការក្នុងការស៊ើបអង្កេតជាមួយការិយាល័យប្រឆាំងអំពើពុករលួយនេះ វាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលណាស់ណាទេ ព្រោះថាកាលពី សប្តាហ៍មុននេះ លោកបានប្រកាសថាចង់បង្កើតគណៈកម្មការពិសេសមួយ ដើម្បីស៊ើបអង្កេតពីលើការិយាល័យនេះទៀត ផង ព្រោះលោកជឿថា មានរឿងពុករលួយ នៅខាងក្នុងនោះ។ ក្រៅពីការិយាល័យ ប្រឆាំងអំពើពុករលួយនេះ លោកឌុយទែរ តេ ក៏ធ្លាប់បានជេរគណៈកម្មការជាតិសិទ្ធិមនុស្ស និងតុលាការកំពូលរបស់ហ្វុីលីពីនផងដែរ៕ ម៉ែវ សាធី


ចែករំលែក៖