សារព័ត៌មាន Sputnik បានផ្សាយថា លោក Saif Al Islam កូនប្រុសរបស់អតីតប្រធានាធិបតីហ្គាដាហ្វី និងជាអ្នកដែលគេចាត់ទុកថា ជាអ្នកស្នងតំណែងពីឪពុក នឹងចាប់ផ្តើមសកម្មភាពនយោបាយរបស់ខ្លួននៅក្នុងប្រទេសលីបី។
មេធាវីរបស់លោក Saif Al Islam គឺលោក Khalid Al Zaidi បានឲ្យដឹងថា ក្នុងពេលដែលស្ថានភាពប្រទេសលីប៊ីកំពុងតែប្រឈមនូវវិវាទជាច្រើន រវាងបក្ខពួកក្នុងតំបន់ លោក Saif Al Islam បានវិលត្រឡប់មកចូលរួមនៅក្នុងឆាកនយោបាយ ដើម្បីជួយស្វែងរកដំណោះស្រាយបញ្ចប់វិវាទទាំងនោះ។
មេធាវីខាងលើបានបញ្ជាក់ទៀតថា «មានព័ត៌មានលើកឡើងថា លោក Saif Al Islam បានចាកចេញពីប្រទេសលីប៊ី នោះជារឿងមិនពិតឡើយ លោក Saif Al Islam បានទំនាក់ទំនងជាមួយថ្នាក់ដឹកនាំប្រទេសជាតិ និងតំណាងក្រុមជនជាតិភាគតិចនៅលីប៊ី ដោយមានបំណងផ្សះផ្សាបញ្ចប់វិវាទនៅក្នុងសង្គម»។
តាមការបញ្ជាក់របស់មេធាវីខាងលើ សកម្មភាពរបស់លោក Saif Al Islam គឺខុសពីកិច្ចពិភាក្សារវាងរដ្ឋាភិបាលទីក្រុងទ្រីប៉ូលី នឹងរដ្ឋាភិបាល Tobruk នៅលីប៊ី ពួកគាត់តស៊ូដើម្បីផលប្រយោជន៍របស់ខ្លួន ច្រើនជាងដើម្បីពលរដ្ឋលីប៊ី និងកសាងប្រទេសជាតិ ដែលមានសន្តិសុខស្ថិរភាព។
កិច្ចពិភាក្សារវាងបក្ខពួក បានធ្វើឡើងតាមការបញ្ជារបស់បរទេស អាចធ្វើឲ្យស្ថានភាពកាន់តែ ស្មុគស្មាញថែមទៀត មិនអាចរកច្រកចេញឃើញឡើយ។ ពលរដ្ឋលីប៊ីមិនមានក្តីសង្ឃឹមទៅលើកកិច្ចពិភាក្សាទៀតឡើង ដោយជាច្រើនលើកកន្លងមកមិនមានលទ្ធផលអ្វីទល់តែសោះ។ ក្នុងពេលនេះ លោក Saif Al Islam គឺជាក្តីសង្ឃឹមតែមួយគត់ របស់ពលរដ្ឋលីប៊ី ក្នុងការបង្រួបបង្រួមជាតិ។
សូមបញ្ជាក់ផងដែរថា លោក Saif Al Islam បានធ្វើដំណើរទៅគ្រប់ទិសទី នៅក្នុងប្រទេស ដើម្បីជួបពិភាក្សាជាមួយក្រុមកុលសម្ព័ន្ធផ្សេងគ្នា ដោយលោកមិនបានចេញទៅក្រៅប្រទេសដូចព័ត៌មានផ្សព្វផ្សាយឡើយ។
ឪពុករបស់ Saif Al Islam គឺលោក ហ្គាដាហ្វី ត្រូវបានសម្លាប់នៅក្នុងការធ្វើរដ្ឋប្រហារបង្ហូរឈាម ដោយមានការគាំទ្រពីប្រទេសលោកខាងលិច កាលពីឆ្នាំ២០១១ កូនប្រុសរបស់លោកមួយចំនួនក៏ត្រូវបានសម្លាប់ផងដែរ។ ដោយឡែកលោក Saif Al Islam ត្រូវតុលាការអន្តរជាតិទីក្រុងឡាអេ ចេញច្បាប់ចាប់ខ្លួនពីបទមនុស្សឃាត។ ដល់ខែមិថុនា ឆ្នាំ២០១៧ លោកមានសេរីភាពតាមសំណើររបស់រដ្ឋាភិបាល Tobruk។
នៅមុនពេលធ្វើរដ្ឋប្រហារលោក Saif Al Islam ជាអ្នកធ្លាប់ទៅសិក្សានៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ហើយត្រូវបានគេចាត់ទុកថា ជាអ្នកត្រូវស្នងដំណែងពីឪពុក បើទោះបីពេលនោះ មិនទាន់កាន់តំណែងណាមួយក្នុងជួររដ្ឋាភិបាលក្តី។ ប៉ុន្តែលោក Saif Al Islam ត្រូវបានផ្តល់តួនាទីក្នុងការបង្កើនទំនាក់ទំនងជាមួយប្រទេសជិតខាង នៅក្នុងតំបន់ និងជុំវិញពិភពលោក៕ ម៉ែវ សាធី