ប្រជាពលរដ្ឋជប៉ុនបាននិងកំពុងចាប់ផ្តើមដំណើរការបោះឆ្នោត មួយខែក្រោយពីលោកនាយករដ្ឋមន្ត្រីហ្ស៊ីនហូ អាបេ អំពាវនាវឲ្យបោះឆ្នោតកញ្ចប់មួយ ខណៈប្រទេសនេះទទួលរងការគំរាមកំហែងខ្លាំងឡើងពីកូរ៉េខាងជើង។
ការបោះឆ្នោតចាប់ផ្តើមនៅម៉ោង៧ព្រឹកថ្ងៃអាទិត្យ ម៉ោងនៅក្នុងតំបន់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ ។
លោក អាបេ បានអំពាវនាវការបោះឆ្នោតនេះ ស្របពេលការយល់ព្រមកើនឡើង ក្រោយពីបាត់បង់មិនធ្លាប់មានកាលពីរដូវក្តៅកន្លង និងស្របពេលដែលបក្សប្រឆាំងមានការច្របូកច្របល់ខ្លាំងនោះ។
ប្រសិនបើលោក អាបេ ត្រូវបានជាប់ឆ្នោតសារជាថ្មីដូចការរំពឹងទុក នោះលោកនឹងក្លាយជាមេដឹកនាំយូរជាងគេបំផុតក្រោយសង្គ្រាមរបស់ជប៉ុន។
ការប្រជែងមុនដំបូងគេពីអភិបាលក្រុងតូក្យូដ៏មានប្រជាប្រិយ លោកស្រី Yuriko Koike ហាក់ដូចជាមានសំឡេងគាំទ្រថយចុះ ។ នេះបើតាមអ្នកឆ្លើយឆ្លងព័ត៌មានរបស់ប៊ីប៊ីស៊ីប្រចាំនៅទីក្រុងតូក្យូ។
អ្នកសង្កេតការម្នាក់បានពណ៌នាថា ការបោះឆ្នោតគាំទ្រគណបក្សប្រជាធិបតេយ្យសេរីភាពរបស់លោក អាបេ ទំនងគ្មានអ្វីប្រែប្រួលនោះទេ។
លោក អាបេ មានក្តីសង្ឃឹមទុកថា គណបក្សរបស់លោកឈ្នះឆ្នោតក្នុងសំឡេងខ្ពស់បំផុតពីរភាគបី ដើម្បីលោកមានសមត្ថភាពកែប្រែរដ្ឋធម្មនុញ្ញ។ ជាពិសេស លោកចង់កែប្រែកងកម្លាំងការពារខ្លួនរបស់ជប៉ុនឲ្យទៅជាកងកម្លាំងយោធាជាតិ ដែលជាការកែប្រែដំបូងបំផុតតាំងពីសម័យសង្គ្រាមលោកលើកទី២មក ។
លោក អាបេ បានប្រកាសការបោះឆ្នោតកញ្ចប់នេះកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ដោយអះអាងថា លោកចង់បានអាណត្តិថ្មីមួយដើម្បីដោះស្រាយ«វិបត្តិរបស់ជាតិ»ដែលជប៉ុនកំពុងប្រឈមមុខ។
វិបត្តិនោះមានរួមបញ្ចូលផងដែរកូរ៉េខាងជើងដែលគំរាមកំហែង«ពន្លិច»ជប៉ុនចូលបាតសមុទ្រ។ ទីក្រុងព្យុងយ៉ាងបានបាញ់រួចហើយមីស៊ីល២គ្រាប់ពីលើដែនកោះ Hokkaido ដែលស្ថិតនៅភាគខាងជើងរបស់ជប៉ុន។
វិបត្តិផ្សេងទៀតដែលលើកមកពិភាក្សាក្នុងពេលបោះឆ្នោតដែរនោះ គឺបញ្ហានុយក្លេអ៊ែរ និងបញ្ហាពន្ធផងដែរ។
ការបោះឆ្នោតត្រូវបិទទ្វារនៅវេលាម៉ោង២០ ម៉ោងនៅក្នុងតំបន់៕ ថាច់ យ៉ាត