ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមភេរវកម្ម IS វាយប្រហារបំផ្លាញឃ្លាំងអាវុធរបស់ទាហានស៊ីរីនៅ តំបន់ DierEzzor

ចែករំលែក៖

ក្រុមភេរវកម្ម IS បានបើកការវាយប្រហារទៅលើទីតាំងឃ្លាំងគ្រាប់របស់ស៊ីរីដោយយន្តហោះគ្មានមនុស្ស បើក បំផ្លាញឃ្លាំងអាវុធទាំងស្រុងរបស់កម្លាំងទាហានស៊ីរី នៅក្នុងខេត្ត DeirExxor។

ប្រភពព័ត៌មាន Al Masdar News បានផ្សាយថា ក្រុមភេរវកម្ម IS បានបើកការវាយប្រាហារដោយយន្តហោះគ្មានមនុស្សបើក UAV ទៅលើឃ្លាំងអាវុធរបស់ស៊ីរីនៅតំបន់ភាគខាងលិចខេត្ត DeirEzzor បំផ្លាញឃ្លាំងអាវុធទាំងស្រុងរបស់កម្លាំងទាហានស៊ីរី។

រូបភាព ដែលប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុម IS បង្ហាញឲ្យឃើញថា ឃ្លាំងអាវុធរបស់ទាហានស៊ីរី ត្រូវបានឆេះសន្ធោសន្ធៅផ្សែងខ្មួរខ្មាញ់។ ចាប់តាំងពីបាត់បង់ទឹកដីជាច្រើននៅក្នុងខេត្តDeirEzzor កម្លាំងក្រុមភេរវកម្ម បានបង្កើនវាយប្រហារភេរវកម្ម ជាច្រើនទៅលើកម្លំាទាហានស៊ីរី និងពលរដ្ឋនៅក្នុងតំបន់។

បច្ចុប្បន្នក្រុមភេរវកម្ម IS បានបរាជ័យជាបន្តបន្ទាប់នៅក្នុងប្រទេសស៊ីរី និង នៅក្នុងប្រទេសអុីរ៉ាក់ នឹងទីតាំប្រេងដែលជាប្រភពចំណូលសំខាន់របស់ក្រុមនេះត្រូវបាតបង់ ធ្វើឲ្យក្រុម IS ត្រូវបែកខ្ញែក បើកការវាយប្រហារ ភេរកម្មដាច់ដោយឡែក បង្កក្តីបារម្ភយ៉ាងខ្លាំងដល់ប្រទេសជាច្រើននៅជុំវិញពិភពលោក។

តាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Gergey Shoigu នៅក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន និងប្រទេសជាដៃគូ៨ទៀតថា កម្លាំងទាហានរុស្ស៊ីបានជួយដណ្តើមបានទីតាំងជាច្រើនពីរក្រុមភេរវកម្ម IS។ ពេលនេះក្រុមភេរវកម្មនៅគ្រប់គ្រងទឹកដីប្រមាណ៥ភាគរយប៉ុណ្ណោះក្នុងទឹកដីស៊ីរី។

ក្នុងរយៈពេលជាច្រើនឆ្នាំដែលអាមេរិក និងសម្ពន្ធមិត្តវាយប្រហារប្រឆាំងក្រុម ភេរវកម្ម IS នៅក្នុងប្រទេសអីុរ៉ាក់ និងស៊ីរីប៉ុន្តែមិនបានធ្វើឲ្យក្រុមភេរវកម្មចុះខ្សោយនោះឡើយផ្ទុយទៅវិញធ្វើឲ្យក្រុមភេរវកម្មកាន់តែកើនឡើង និងមានអាវុធទំនើបៗជាច្រើនប្រើប្រាស់ទៀតផង។ ទាំងនោះហើយ បានជា ស៊ីរីអីុរ៉ង់ និងប្រទេសមួយចំនួនទៀតបានចោទប្រកាន់អាមេរិកថា ជាអ្នកគាំទ្រក្រុមភេរវកម្ម IS។

ក្នុងពេលដែលរដ្ឋាភិបាលរុស្ស៊ីបាន សម្រេចបញ្ជូនកម្លាំងទាហានទៅធ្វើសង្គ្រាមជួយដល់រដ្ឋាភិបាលស៊ីរីប្រឆាំងក្រុមភេរវកម្មបានយកឈ្នះជាបន្តបន្ទាប់ ដណ្តើមបានទីតាំងគ្រប់គ្រងពីក្រុមភេរវកម្មមកវិញ។

កម្លាំងទាហានរុស្ស៊ីដែលចូលរួមធ្វើសង្គ្រាមនៅក្នុងប្រទេសស៊ីរីបានឲ្យដឹងថា មកទល់ពេលនេះ តំបន់កាន់កាប់ដោយក្រុមសកម្មប្រយុទ្ធ IS ក្នុងប្រទេសស៊ីរីគឺនៅសល់តែ ប្រមាណជា៨ភាគរយប៉ុណ្ណោះ ខណៈដែលយោធារដ្ឋាភិបាលដែលគាំទ្រពីក្រោយដោយរុស្សីបានរំដោះទីតាំងជាច្រើននៅក្នុងប្រទេស។

ចំណែកកម្លាំងទាហានស៊ីរីបានឲ្យដឹងថា អ្វីដែលគួរឲ្យឆ្ងល់នោះគឺ តើក្រុមភេរវកម្ម ដែលបានបាត់បង់ឃ្លាំងអាវុធស្ទើតែទាំងអស់ ហេតុអ្វីបានជាក្រុមនេះ មានយន្តហោះគ្មានមនុស្សបើកមកវាយប្រហារកម្ទេចឃ្លាំងអាវុធរបស់ទាហានស៊ីរីទៀត។ តើអាវុធទាំងនោះបានមកពីណា។

កន្លងមកថ្មីៗ ក្រសួងការពារជាតិរុស្ស៊ីបានចោទប្រកាន់អាមេរិកថា បានជួយដល់ក្រុមភេរវកម្ម IS ក្នុងការវាយបកទៅលើកម្លាំងទាហានរុស្ស៊ី និងស៊ីរីនៅតំបន់ភាគខាងត្បូងប្រទេសស៊ីរី។

នៅក្នុងសេចក្តីប្រកាសអ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីលោក Igor Konashenkov បញ្ជាក់ថា«ចំណុចសំខាន់ គឺអាមេរិកបានជួយដល់ក្រុម IS ដែលមិនទាន់បរាជ័យទាំងស្រុងនៅក្នុងប្រទេសស៊ីរី អាចបន្តវាយបើកទៅលើកម្លាំងទាហានរដ្ឋាភិបាលស៊ីរីដោយមានការគាំទ្រពីអាមេរិក»។

លោក Konashenkov បញ្ជាក់ទៀតថា ការវាយប្រហារជាច្រើនលើកនាពេលកន្លងមកថ្មីៗទៅលើកម្លាំងទាហានរដ្ឋាភិបាលស៊ីរី កើតចេញពីតំបន់មានបរិវេណ៥០គីឡូម៉ែត្រជុំវិញព្រំដែន At-Tanf រវាងស៊ីរី នឹងហ្ស៊កដង់ជាទីកន្លែងដែលទាហានសម្ពន្ធមិត្តដឹកនាំដោយអាមេរិកឈរជើងនៅទីនោះ។

ភាគីរុស្ស៊ីបានបញ្ជាក់ថា កម្លាំងទាហានស៊ីរីបានវាយប្រហារទៅលើក្រុម IS ដែលធ្វើសកម្មភាពនៅតាមដងផ្លូវតភ្ជាប់ទីក្រុង Palmyra និង DeirEzzor ភាគខាងកើតស៊ីរី រំដោះបានភូមិជាច្រើនពីក្រុង IS។

នេះមិនមានជាលើកទី១ឡើយដែលរុស្ស៊ីចោទប្រកាន់អាមេរិកជួយដល់ ក្រុម IS ។ កាលពីខែកញ្ញាកន្លងមក អនុប្រធានគណកម្មធិការការពារជាតិ និងសន្តិសុខរបស់ព្រឹទ្ធភារុស្ស៊ី លោក Franz Klintsvevich បានបញ្ជាក់ថា អាមេរិកបានប្រើប្រាស់ឧទ្ធម្ភាគចក្ររាប់សិបគ្រឿងជម្លៀសមេបញ្ជាការកងទ័ពក្រុមភេរវកម្ម IS ចេញពីទីក្រុង Deir Ezzor ទៅកាន់តំបន់សុវត្ថិភាពគេចពីការវាយប្រហាររបស់រុស្ស៊ី និងស៊ីរី។

លោកបន្តទៀតថា បើទោះបីទីបញ្ជាការសម្ពន្ធមិត្តប្រឆាំងភេរវកម្មរបស់ដឹកនាំដោយអាមេរិកបានច្រាលចោលព័ត៌មានថា បានជម្លៀសមេបញ្ជាការកងទ័ពសំខាន់ៗរបស់ក្រុម IS ចេញពីតំបន់ Deir al Zour ប៉ុន្តែប្រវត្តិសាស្ត្រស្តីពីសកម្មភាពរបស់អាមេរិកទាំងនោះក្នុងប្រទេស អាហ្វហ្គានិស្ថានបង្ហាញឲ្យឃើញថា ប្រាកដ១០០ភាគរយអាមេរិកពិតជាបានជួយដល់ក្រុមភេរវកម្ម IS ។ លោកបន្តទៀតថា អាមេរិកគឺបានចូលរួមការពារដល់ក្រុមភេរវកម្ម IS។

កាលពីនៅក្នុងប្រទេសអុីរ៉ាក់ក៏ដូចគ្នានោះដែរអាមេរិកបានជួយដល់ក្រុមភេរវកម្ម IS ដោយបើកផ្លូវឲ្យមេបញ្ជាការក្រុមនេះរត់ភៀសខ្លួនចេញពីការឡោមព័ទ្ធរបស់ទាហានអុីរ៉ាក់៕ ម៉ែវ សាធី


ចែករំលែក៖