ព័ត៌មានទាន់ហេតុការណ៍៖

បាញ់ប្រហារក្នុងព្រះវិហារនៅរដ្ឋ Texas សហរដ្ឋអាមេរិក ស្លាប់២៦នាក់

ចែករំលែក៖

ខ្មាន់កាំភ្លើងបានធ្វើសកម្មភាពបាញ់រះនៅក្នុងព្រះវិហារមួយកន្លែងក្នុងរដ្ឋ Texas សហរដ្ឋអាមេរិកកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧ បណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច២៦នាក់ ។

អភិបាលរដ្ឋ Texas លោក Greg Abbott បានថ្លែងថា ចំនួនជនរងគ្រោះ អាចនឹងកើនឡើងច្រើនជាងនេះ ។ រហូតមកដល់ពេលនេះ គេមិនទាន់ដឹងពីមូលហេតុពិតប្រាកដនៃការបាញ់រះនៅឡើយទេថា តើជាអំពើភេរវកម្មឬយ៉ាងណានោះ ខណៈដែលកម្លាំងសមត្ថកិច្ចបាននិងកំពុងស៊ើបអង្កេត។

លោក Greg Abbott បានបញ្ជាក់ថា ព្រះវិហារជាកន្លែងដែលទម្លាក់អាវុធចុះ ចាប់យកព្រះធម៌ ប៉ុន្តែមិនគួរណា កើតមានអំពើបាញ់ប្រហារយ៉ាងរន្ធត់នេះកើតឡើងនោះឡើយ។ ជនរងគ្រោះបាត់បង់ជីវិត មានទាំងក្មេង ទាំងចាស់ មានទាំងអាចារ្យ និងសាសនិកបរិស័ទ។

សាក្សីឃើញហេតុការណ៍ឲ្យដឹងថា ខ្មាន់កាំភ្លើងបានចូលទៅកាន់ព្រះវិហារមុនពេលព្រះអាទិត្យរះ ហើយខណៈដែលមនុស្សម្នាប្រមាណជាង៥០នាក់ចូលរួមកម្មវិធីដូចសព្វមួយដងនោះ ខ្មាន់កាំភ្លើងចាប់ផ្តើមបាញ់រះតែម្តងបណ្តាលឲ្យស្លាប់ជាង២៦នាក់ និងជាង២០នាក់ទៀតរងរបួស។ កុមារអាយុ២ឆ្នាំក៏រងនូវការបាញ់ប្រហារនេះដែរ។

មិនមានព័ត៌មានទាក់ទងជាមួយខ្មាន់កាំភ្លើងថា ត្រូវបានបាញ់សម្លាប់ដោយប៉ូលិស ឬរត់គេចខ្លួននោះឡើយនាពេលនេះ ។

លោកដូណាល់ ត្រាំ ថ្លែងពីប្រទេសជប៉ុនមកថា សូមឲ្យព្រះជាម្ចាស់ស្ថិតនៅជានិច្ចជាមួយពលរដ្ឋ Sutherland Springs រដ្ឋ Texas​។ កងកម្លាំងអនុវត្តច្បាប់ និងFBI ស្ថិតនៅកន្លែងកើតហេតុ ហើយលោកត្រួតពិនិត្យស្ថានការណ៍ដោយផ្ទាល់ពីប្រទេសជប៉ុន។

សូមបញ្ជាក់ថា នៅក្នុងទឹកដីអាមេរិក​ក្នុងមួយរយៈពេលចុងក្រោយនេះមានអំពើវាយប្រហារភេរវកម្មកើតឡើងបន្តបន្ទាប់បណ្តាលឲ្យស្លាប់ និងរងរបួសមនុស្សច្រើននាក់ ៕ ថាច់ យ៉ាត


ចែករំលែក៖