ព័ត៌មានទាន់ហេតុការណ៍៖

សាវឌីអារ៉ាប៊ីរឹបអូសទឹកប្រាក់៨០០ពាន់លានដុល្លារបន្ទាប់ពីការចាប់ខ្លួនព្រះអង្គម្ចាស់និងរាជ្យបុត្រ

ចែករំលែក៖

នៅក្នុងសកម្មភាពប្រឆាំងពុករលួយ អារ៉ាប៊ីសាអ៊ូឌីតបានរឹបអូសទ្រព្យសម្បត្តិជាង៨០០ពាន់លានដុល្លារ ក្នុងនោះមានទ្រព្យសម្បត្តិដែលជាអចលនទ្រព្យរបស់ព្រះរាជ្យបុត្រនិងព្រះអង្គម្ចាស់ទាំង១១ព្រះអង្គ ដែលបានឃាត់ព្រះកាយ និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត។

សារព័ត៌មាន Daily Mail បានដកស្រង់សម្តីមន្ត្រីអារ៉ាប់មួយរូប ដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ទ្រព្យសម្បត្តិដែលបានដកហូតពីបុគ្គលដែលស្ថិតនៅក្នុងបញ្ជីពុករលួយមានរហូតដល់ជាង៨០០ពាន់លានដុល្លារ។ កន្លងមក រជ្ជទាយាទស្នងរាជ្យ Mohammed Bin Salman ដែលជាប្រធានអង្គភាពប្រឆាំងពុករលួយ ត្រូវបានបង្កើនឡើងដោយព្រះមហាក្សត្រ ប្រទេសនេះ បានចាប់ខ្លួនរាជ្យបុត្រ១១អង្គ និងអតីតរដ្ឋមន្ត្រី៣៨រូប។

តាមប្រភពព័ត៌មានចំនួនអ្នកដែលត្រូវចាប់ឃុំគឺនៅមានច្រើនទៀត។ អ្នកដែលស្ថិតនៅក្នុងបញ្ជី ចាប់ខ្លួន គឺបានបង្កកទ្រព្យសម្បត្តិមិនអាចដកចេញបានឡើយ ក្នុងនោះមានទាំងគណនីធានាគារ និងអចលនទ្រព្យ។

ក្នុងចំណោម អ្នកដែលបានចាប់ខ្លួន គឺមានរាជ្យបុត្រ Alwaleed Bin Talal ដែលជាអ្នកមានលំដាប់កំពូលនៅសាវឌីអារ៉ាប៊ី ដែលមានទ្រព្យសម្បត្តិដល់ទៅ២៨ពាន់លានដុល្លារ។ ព្រះអង្គមានសណ្ឋាគារលំដាប់ផ្កាយ៥នៅទីក្រុងឡុងដ៍ និងមានអគារកម្ពស់៩៩ជាន់នៅទីក្រុងRiyadh រួមទាំងសណ្ឋាគារ៤ ឃុនដូប្រណីត និងមជ្ឈមណ្ឌលពាណិជ្ជកម្ម។ ការចាប់ខ្លួននោះមានន័យថា សណ្ឋាគារផ្កាយ៥នៅទីក្រុងឡុងដ៍ ក៏ត្រូវបាត់បង់សិទ្ទគ្រប់គ្រងនោះដែរ។

ក្រុមអ្នកវិភាគបានលើកឡើងថានេះជាសកម្មភាព ប្រឆាំងពុករលួយសម្តៅទៅលើក្រុមអ្នកមាន និងសមាជិករាជ្យវង្ស អ្នកជំនួញធំៗនៅក្នុងប្រទេសនេះ។ នៅក្នុងសកម្មភាពប្រឆាំងពុករលួយនេះ ព្រះរាជ្យបុត្រ Mohammed Bin Salman កំពុងតែប្រមូលអំណាចមកក្តោបក្តាប់ម្នាក់ឯង មុនពេលឡើងគ្រោងរាជ្យ។ បច្ចុប្បន្នរាជ្យបុត្រ និងមន្ត្រីជាន់ខ្ពស់ជាច្រើន បានព្យាយាមចាកចេញពីអារ៉ាប់ បើទោះបីត្រូវហាមប្រាមមិនឲ្យចាកចេញពីប្រទេសក្តី។

ក្រុមអ្នកវិភាគបានលើកឡើងថា សូម្បីតែរាជ្យបុត្រក៏ត្រូវចាប់ខ្លួន ទាំងនោះហើយ អ្នកវិនិយោគនឹងមានការប្រុងប្រយ័ត្ន ពេលចូលទៅវិនិយោគនៅក្នុងប្រទេសនេះ ដោយគ្មានអ្នកណា មានសុវត្ថិភាពឡើយ។ សកម្មភាពកម្ចាត់ពុករលួយខាងលើ នឹងធ្វើឲ្យប៉ះពាល់ដល់វិស័យពាណិជ្ជកម្មនៅក្នុងប្រទេសនេះជាក់ជាមិនខាន៕ ម៉ែវ សាធី


ចែករំលែក៖