កម្លាំងទាហានជើងទឹកអាហ្សង់ទីនបានបញ្ជាក់ថា មានការផ្ទុះនៅក្នុងនាវាមុជទឹក ARA San Juan មុនពេលបាត់ខ្លួនកាលពី ថ្ងៃទី១៥ ខែវិច្ឆិកា ហើយមកទល់ពេលនេះគេមិនទាន់ដឹងពីជោគវាសនារបស់នាវិកទាំង៤៤នាក់នៅឡើយទេ។
អ្នកនាំពាក្យកម្លាំងទាហានជើងទឹក អាហ្សង់ទីន លោក Enrique Balbi បាន បញ្ជាក់ថា ហេតុការណ៍កើតឡើងឆាប់ រហ័ស ខុសប្រក្រតី គឺមានការផ្ទុះកើតឡើងនៅក្នុងនាវាមុជទឹកខាងលើ។ លោក បញ្ជាក់ទៀតថា ការផ្ទុះកើតឡើងនៅជិតកោះ Valdes ស្ថិតនៅក្នុងខេត្ត Chubut ប្រទេសអាហ្សង់ទីន ចម្ងាយ ប្រមាណ៦៥គីឡូម៉ែត្រពីកន្លែងចុងក្រោយ ដែលនាវិក ផ្តល់ព័ត៌មាន ស្តីពីដំណើរការនាវាមុជទឹក។
លោក Enrique Balbiបន្តទៀតថា រដ្ឋាភិបាលអាហ្សង់ទីនទទួលបានទិន្នន័យវិភាគពីការផ្ទុះខាងលើ ។នៅពេលនេះនាវានិង យន្តហោះ ជាច្រើនបានទៅកាន់បរិវេណដែលនាវាជួបគ្រោះថ្នាក់ ។កម្លាំងទាហាន អាមេរិកក៏បានបញ្ជូន យន្តហោះដែលអាចចាប់បានមើលឃើញនាវាមុជទឹក រួមទាំងក្រុមអ្នកមុជទឹកទៅជួយដល់នាវិកទាំង អស់ដែលជាប់គាំងនៅក្នុងនាវា។
ក្រៅពីនេះនៅមានប្រទេសជាច្រើនទៀតដូចជា រុស្ស៊ី អង់គ្លេស ប៉េរូនិងប្រេស៊ីល បានចូលរួមនៅក្នុងការស្វែងរកនាវាមុជ ទឹកនោះផងដែរ។
ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា ខ្លួននឹងបញ្ជូនបុគ្គលិក និងឧបករណ៍ ដើម្បី ជួយកងនាវាចរអាហ្សង់ទីន ក្នុងការស្វែង រកនាវាមុជទឹកដែលបាត់ នេះបើយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០១៧។
ក្រសួងនេះបានឲ្យដឹង នៅក្នុងសេចក្តី ថ្លែងការណ៍មួយថា ការសម្រេចចិត្តនេះ ត្រូវបានប្រកាសនៅក្នុងអំឡុងពេល សន្ទនា តាមទូរស័ព្ទ រវាងរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu និងសមភាគី អាហ្សង់ទីន លោក Oscar Aguad ។
យន្តហោះដឹកជញ្ជូនរុស្ស៊ី នឹងធ្វើឲ្យ បានឆាប់បំផុត តាមដែលអាចធ្វើទៅបាន ដើម្បីផ្តល់ឲ្យអ្នកឯកទេសរុករក និងជួយ សង្គ្រោះ និងប្រព័ន្ធយានយន្តក្រោមទឹក ដែលគ្មានមនុស្សបើក ទៅកាន់អាត្លង់ទិក ខាងត្បូង ដែលនាវារបស់អាហ្សង់ទីន បាន បាត់ខ្លួនកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ជាមួយ នឹងសមាជិកនាវិក ចំនួន៤៤នាក់។
ពេលនេះសាច់ញាតិ នាវិកនៅក្នុងនាវាមុជទឹកបាត់ខ្លួនបានប្រមូលផ្តុំគ្នារង់ចាំ ដំណឹងទាំងក្តីអស់សង្ឃឹម ។ សាច់ញាតិជាច្រើនបានស្រែកយំក្រោយទាហានអាហ្សង់ទីនប្រកាសថានាវាមុជទឹកបានផ្ទុះនោះ៕ ម៉ែវ សាធី