ក្លិបបាល់ទាត់ Shanghai Shenhua បានប្រកាសឲ្យខ្សែប្រយុទ្ធអាហ្សង់ទីន Carlos Tevez វិលត្រឡប់មកកាន់ប្រទេសចិនវិញឲ្យបានមុនថ្ងៃទី២៦ ខែធ្នូនេះប្រសិនបើរូបគាត់ចង់ បន្តលេងឲ្យក្លិបមួយនេះទៀត។
កីឡាករវ័យ៣៣ឆ្នាំ Tevez បានចាកចេញពីក្លិប Boca Juniors មកលេងឲ្យ Shanghai ក្នុងតម្លៃខ្លួន615.000 ផោនក្នុងមួយសប្តាហ៍។ ប៉ុន្តែអតីតកីឡាករក្លិប Manchester United និងManchester Cityនេះលេងមិនបានល្អសោះដោយរកបានតែ៤គ្រាប់ ក្នុងការបង្ហាញខ្លួន១៦ប្រកួតនៅក្របខ័ណ្ឌកំពូលរបស់ចិន។
Carlos Tevez បានចាកចេញពីប្រទេសចិនទៅកាន់ប្រទេសអាហ្សង់ទីន វិញដើម្បីទៅសម្រាកព្យាបាលរបួសកំភួនជើង។ បច្ចប្បន្នគាត់ពុំទាន់បានវិលត្រឡប់ទៅកាន់ ទីក្រុងសៀងហៃវិញនៅឡើយទេ ខណៈមានព័ត៌មានលេចឮថាគាត់អាចនឹងផ្លាស់ប្តូរក្លិបថ្មី។
នៅពេលជាមួយគ្នានេះអ្នកនាំពាក្យរបស់ក្លិប Shanghai Shenhuaបានបញ្ជាក់ថា “ពួកយើងបានប្រាប់គាត់ឲ្យមកកាន់ក្លិបវិញនៅមុនថ្ងៃទី២៦ ខែធ្នូ ប៉ុន្តែគាត់មកឬមិនមកនោះ គឺជាការសម្រេចចិត្តរបស់គាត់” ៕ ដេវីត