ព័ត៌មានទាន់ហេតុការណ៍៖

Manchester City បន្តកំណត់ត្រាឈ្នះក្រោយពីបំបាក់ក្រុម West Ham ២-១ ក្នុងទឹកដី

ចែករំលែក៖

ក្រុមមេឃខៀវ Manchester City នៅតែបន្តនាំមុខដាច់៨ពិន្ទុនៅលីកកំពូលអង់គ្លេស ក្រោយ យកឈ្នះក្រុម West Ham ក្នុងទឹកដីរបស់ខ្លួន ២-១ កាលពីរាត្រីថ្ងៃទី៣ ខែធ្នូ ខណៈដែល ក្រុមរបស់លោក Pep Guardiola មួយនេះរក្សាជ័យជម្នះរហូតមិនដែលចាញ់តាំងពីចាប់ផ្តើមរដូវ កាលមក ។

ការ​ប្រកួត​សប្ដាហ៍​ទី​១៥​ ក្រុម​កំពូល​តារាង​ Premier League ត្រូវ​ភ្ញៀវ​នាំ​មុខ​មុន​នៅ​ចុង​វគ្គ​ទី​មួយ​នាទី​៤៤​ជា​ការ​តែត​របស់​ Obinze Ogbonna។ យ៉ាង​ណា​នៅ​នាទីទី​៥៧​ Jesus បាន​ប្រើ​បច្ចេកទេស​អូស​បាល់​ទៅ​មុខ​ទី​រួច​បញ្ជូន​ឲ្យ​ Otamendi ទាត់​បញ្ចូល​ទី​តាម​ស្មើ​បាន​វិញ។​

នៅ​នាទី​បន្តបន្ទាប់​ម្ចាស់​ផ្ទះ​បាន​ដាក់​សម្ពាធ​លើ​គូ​ប្រកួត​យ៉ាង​ខ្លាំង​តែ​អ្នក​ចាំ​ទី​ដៃ​ទី​ពីរ​ Adrian តែង​សង្គ្រោះ​បាល់​បាន​ជា​និច្ច។​ លុះ​ដល់​នាទី​៨៤​ តារា​ឆ្នើម​ Kevin de Bruyne បាន​បន្តក់​បាល់​យ៉ាង​ល្អ​ឥត​ខ្ចោះ​ឲ្យ​ David Sivla លោត​ទាត់​ចុង​ជើង​ចូល​ទី​បាន​សម្រេច​ហើយ​គ្រាប់​នេះ​ជួយ​ឲ្យ​ក្រុម​លោក​ Pep Guardiola ​បាន​៣​ពិន្ទុ​ពេញ​ពី​ទឹកដី Etihad។

ក្រុម Man City បានជួបការលំបាកយ៉ាងខ្លាំងក្នុងការទម្លុះតំបន់ការពាររបស់ក្រុមញញួរធំ ក្រោយពីកីឡាករ Angelo Ogbonnna បានជួយឲ្យក្រុមភ្ញៀវមានគ្រាប់បាល់នាំមុខមុន នៅមុនពេលបញ្ចប់តង់ទី១ ប៉ុន្តែ Man City បានរក្សាការវាយសម្រុក និងបានរកគ្រាប់បាល់តាមស្មើវិញតាមរយៈខ្សែការពារ Nicolas Otamendi នៅនាទីទី១២ បន្ទាប់ពីសម្រាកតង់ទី១ នៅមុនពេលខ្សែបម្រើដ៏មានឥទ្ធិពល David Silva បានរកគ្រាប់បាល់ឈ្នះបញ្ចូលទីយ៉ាងល្អនៅរយៈពេល៧នាទីចុងក្រោយ។

លោក Pep Guardiola បានសាទរដល់ក្រុម Manchester City សម្រាប់ការបដិសេធក្នុងការអស់សង្ឃឹមតាមរយៈការព្យាយាមការពារយ៉ាងរឹងមាំរបស់ក្រុម West Ham ក្រោយពីក្រុមកំពុងនាំមុខលើតារាងក្របខ័ណ្ឌ Premier League មួយនេះ ។

ក្រោយចប់ការប្រកួតលោក Guardiola បាននិយាយថា «យើងបានចាប់ផ្តើមយ៉ាងល្អ ប៉ុន្តែយើងបានបាត់បង់ការអត់ធ្មត់។ យើងមិនមានការលេងប្រកបដោយការស៊ីចង្វាក់គ្នា ដោយសារតែអ្នកចាំទីរបស់ក្រុម West Ham គឺ Adrian បានបំពេញតួនាទីយ៉ាងល្អរាល់ពេលទាំងអស់ ។ ពួកគេបានលេងកីឡាករ ១០នាក់ក្នុងប្រអប់ទី វាស្ទើរតែមិនអាចទៅរួចឡើយ។ វាជាការទទួលជ័យជម្នះដ៏ធំមួយ។ វាបានបង្ហាញពីទីតាំងរបស់យើង»។

សូមបញ្ជាក់ថា ការទទួលជ័យជម្នះក្នុងការប្រកួតលីកជាលើកទី១៣ ជាប់ៗគ្នារបស់ក្រុម Man City បានធ្វើឲ្យពួកគេនាំមុខ ៨ពិន្ទុដាច់លើក្រុមឈរលេខ២ Manchester United នៅមុនពេលជួបប្រកួតជាមួយនឹងក្រុមរបស់លោក Jose Mourinho នាសប្តាហ៍ក្រោយ។ លោក Guardiola បានទទួលស្គាល់ថា ការសម្រេចចិត្តក្នុងការដាក់ឲ្យខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Gabriel Jesus ឲ្យចូលក្នុងតង់ទី២ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ខណៈដែលវាបានអនុញ្ញាតឲ្យមានការគាំទ្របន្ថែមទៀតដល់ Sergio Aguero ក្នុងតំបន់ប្រយុទ្ធ ៕ ដេវីត


ចែករំលែក៖