ព័ត៌មានទាន់ហេតុការណ៍៖

អគ្គលេខារងអង្គការសហប្រជាជាតិទៅកាន់កូរ៉េខាងជើងក្នុងពេលមានភាពតានតឹងខ្លាំងឡើង

ចែករំលែក៖

លោកJeffery Feltman អគ្គលេខារងអង្គការសហប្រជាជាតិ បានបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង និងជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង ប៉ុន្តែមិនទាន់ដឹងថា នឹងជួបជាមួយមេដឹកនាំគីមជុង អ៊ុនដែរឬទេ។

សារព័ត៌មាន AFP បានផ្សាយថា ដំណើរទស្សនកិច្ចរបស់លោក Jeffrey Felmanធ្វើឡើង ក្នុងពេលដែលកូរ៉េខាងជើង ទើបតែបាញ់សាកល្បងមីស៊ីលឆ្លងទ្វីបមានកម្លាំងខ្លាំងបំផុតមិនធ្លាប់មានពីមុនមក។ ដំណើរទស្សនកិច្ចធ្វើឡើងចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧។

អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarricបានបញ្ជាក់ថា អគ្គលេខារងទទួលបន្ទុកនយោបាយ និងពិភាក្សាលើប្រធានបទសំខាន់ៗជាមួយកូរ៉េខាងជើង។ ប៉ុន្តែពេលនេះ មិនទាន់ដឹងថា មន្ត្រីអង្គការសហប្រជាជាតិ នឹងជួបពិភាក្សាជាមួយមេដឹកនាំគីម ជុងអ៊ុនដែរឬទេ។

តាមការបញ្ជាក់របស់លោក Dujarric ដំណើរទស្សនកិច្ចរបស់ លោក Feltman គឺជាការឆ្លើយតបទៅនឹងការអញ្ជើញរបស់កូរ៉េខាងជើងនៅក្នុងកិច្ចប្រជុំ អង្គការសហប្រជាជាតិកាលពីខែកញ្ញាកន្លងមក។ ក្រៅពីដំណើរទស្សនកិច្ចកូរ៉េខាងជើង អគ្គលេខាងរង អ ស ប និងបំពេញទស្សនកិច្ច ទៅកាន់ប្រទេសចិនផងដែរ។

នៅពេលនេះ មតិសាធារណៈបានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់លោក Feltman អាចជាការបើកផ្លូវ ដល់អគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres ទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង។ អ្នកនាំពាក្យអង្គការសហប្រជាជាតិបានបញ្ជាក់ថា អគ្គលេខាធិការអង្គការសហប្រជាជាតិ នឹងបំពេញទស្សនកិច្ច ទៅកាន់កូរ៉េខាងជើង នៅពេលចាំបាច់។

ភាពតានតឹងនៅឧបទ្វីបកូរ៉េ កើនឡើងសារជាថ្មី ក្រោយស្ងប់ស្ងាត់ជាងពីរខែ ដោយសារតែកូរ៉េខាងជើងបានសាកល្បងកាំជ្រួចមីស៊ីលឆ្លងទ្វីបលើកទីបី នៅក្នុងឆ្នាំ២០១៧ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា។ កូរ៉េខាងជើងបានប្រកាសថា នេះជាកាំជ្រួចមីស៊ីល Hwasong 15 អាចវាយប្រហារនៅគ្រប់ទិសទីក្នុងទឹកដីអាមេរិក។

រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានអំពាវនាវ ឲ្យបង្កើនការដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង ក្នុងនោះមានកាត់ផ្តាច់ទំនាក់ទំនងជាមួយទីក្រុងព្យុងយ៉ាង។ ក្នុងពេលជាមួយគ្នានេះ ទីក្រុងព្យុងយ៉ាងបានចោទប្រកាន់ អាមេរិក និងកូរ៉េខាងត្បូងចាប់ផ្តើមធ្វើសមយុទ្ធកាលពីថ្ងៃទី៤ ខែធ្នូ គឺជាសកម្មភាពឌឺដង អាចឈានដល់សង្គ្រាមបរមាណូ៕ ម៉ែវ សាធី


ចែករំលែក៖