រថភ្លើងដឹកអ្នកដំណើរ Amtrak បានបើកខុសផ្លូវរបស់ខ្លួនចូលទៅកាន់ផ្លូវមួយទៀតសម្រាប់រថភ្លើងដឹកទំនិញ បណ្តាលឲ្យ បុកគ្នា ស្ថិតនៅរដ្ឋ Carolina ភាគខាងត្បូង កាលពីថ្ងៃទី៤ខែកុម្ភៈ(ត្រូវនឹងថ្ងៃទី៥ ខែ កុម្ភៈ នៅកម្ពុជា)បណ្តាលឲ្យបុគ្គលិករថភ្លើង២នាក់ស្លាប់ និងអ្នកដំណើរ ១១៦នាក់រង របួស។ នេះជាគ្រោះថ្នាក់រថភ្លើងបង្កឲ្យមានអ្នកស្លាប់និងរបួសច្រើន លើកទី៣ ក្នុង រយៈពេលកន្លងមក។
រថភ្លើង Amtrak 91 មានបុគ្គលិក៩នាក់ នៅលើរថភ្លើង និង អ្នកដំណើរ ១៣៦នាក់ធ្វើដំណើរពីទីក្រុងញូវយ៉កទៅកាន់ Miami ក៏ទៅបុកជាមួយរថភ្លើងដឹកទំនិញ CSX Corp ដែលកំពុងចតនៅលើដងផ្លូវនៅ វេលាម៉ោង ២និង៣៥នាទី។
អ្នកដែលស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើ គឺជាវិស្វករ របស់ក្រុម ហ៊ុនរថភ្លើង Amtrak លោក Michael Kempf អាយុ៥៤ឆ្នាំ រស់នៅក្នុងតំបន់ Savannah ទីក្រុងGeorgia និងម្នាក់ទៀតជា អ្នកបើកបររថភ្លើង ឈ្មោះ Michael Cella អាយុ៣៦ឆ្នាំមកពីទីក្រុង ផ្លរីដា។
សារព័ត៌មានរ៉យទ័របានផ្សាយថា ក្រៅ ពីអ្នកស្លាប់ ២នាក់នៅមាន១១៦នាក់រង របួស ហើយខ្លះរបួសធ្ងន់ស្ថិតនៅក្នុងការសង្គ្រោះបន្ទាន់។ និងអាចមានអ្នកស្លាប់ច្រើនជាងនេះទៀត។
លោក Robert Sumwalt ប្រធានគណៈកម្មការចរាចរណ៍ជាតិអាមេរិកបានឲ្យដឹង នៅក្នុង សន្និសីទកាសែតថា ផ្លូវដែលដែលជួបគ្រោះថ្នាក់នោះជារបស់ក្រុមហ៊ុន CSX គ្រប់គ្រង ។ក្រុមស្រាវជ្រាវរបស់គណៈកម្មការចរាចរណ៍អាមេរិកក៏មានវត្តមាននៅទីកន្លែងកើតហេតុភ្លាមៗផងដែរដើម្បីបើកការស្រាវជ្រាវ។
អភិបាលរដ្ឋ south Carolina លោក Henry Mc Master បានបញ្ជាក់ថា«វាពិតជារឿងដ៏អាក្រក់បំផុត ពេលដែលបានឃើញហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់ខាងលើ។ ម៉ាស៊ីនរថភ្លើង គឺត្រូវបុកខ្ទេចទាំងស្រុង មិនអាចកត់សម្គាល់ដឹងថាជាក្បាលរថភ្លើងឡើយ»។
ក្រុមហ៊ុន Amtrak បង្ហាញការសោក ស្តាយយ៉ាងខ្លាំង និងចូលរួមរំលែកទុក្ខដល់ គ្រួសារអ្នករងគ្រោះ។ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើនោះដែរ បណ្តាលឲ្យ ថាមពលជាង៥ពាន់ Gallon ត្រូវបេកធ្លាយ ប៉ុន្តែបានគ្រប់គ្រងទាន់ពេលវេលា។
ប្រធានាធិបតីលោកដូណាល់ ត្រាំ ទទួល បានព័ត៌មានជាបន្ទាន់ផងដែរ ពីហេតុ ការណ៍គ្រោះថ្នាក់ខាងលើ ក្នុងពេលដែលលោកកំពុងតែសម្រាកចុងសប្តាហ៍នៅតំបន់ Palm Beach ទីក្រុងផ្លរីដា។
លោកត្រាំបានបញ្ជាក់ថា«ខ្ញុំសូមរំលែកទុក្ខ ដល់អ្នករងគ្រោះទាំងអស់នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នាខាងលើ ។ ខ្ញុំសូមអរគុណដល់កម្លាំងដែលបានទៅជួយទាន់ពេល វេលា»។
សូមបញ្ជាក់ផងដែរថា នៅពេលដែល គ្រោះថ្នាក់កើតឡើង រថភ្លើងខាងលើ ធ្វើ ដំណើរក្នុងល្បឿនរហូតដល់ទៅ៩៥គីឡូម៉ែត្រក្នុងមួយម៉ោង។
កាលពីខែធ្នូ ក៏មានមនុស្ស ៣នាក់ស្លាប់ ពេលរថភ្លើងដឹកអ្នកដំណើរ Amtrak ធ្លាក់ កង់ចេញពីផ្លូវ នៅទីក្រុងវ៉ាស៊ីនតោន។ កាលពីចុងខែមករាកន្លងមកថ្មីៗរថភ្លើងរបស់ក្រុមហ៊ុនខាងលើ ដឹកសមាជិកគណបក្សសាធារណរដ្ឋក៏ជួបគ្រោះថ្នាក់នៅទីក្រុង Virginia ដោយប៉ះជាមួយរថយន្តដឹកទំនិញ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ផងដែរ៕ ម៉ែវ សាធី